សុភាសិត 6:1-19

សុភាសិត 6:1-19 គខប

កូន​អើយ ប្រសិន​បើ​កូន​ធានា​បងប្អូន​ណា​ម្នាក់​ដែល​ជំពាក់​បំណុល​គេ ប្រសិន​បើ​កូន​បាន​សន្យា​ផ្ទាល់​មាត់ និង​ជាប់​សម្ដី​ក្នុង​រឿង​នេះ បាន​សេចក្ដី​ថា កូន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បងប្អូន​នោះ​ហើយ។ ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​ឲ្យ​រួច កុំ​ដេក កុំ​សម្រាក​ឡើយ គឺ​ខំ​ប្រឹង​រើ‌បម្រះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួនឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រាន។ កូន​កម្ជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។ វា​គ្មាន​អ្នក​ត្រួត‌ត្រា គ្មាន​មេ​កើយ គ្មាន​ថៅ‌កែ​ទេ តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចម្រូត វា​សន្សំ​ស្បៀង​ទុក។ ជន​កម្ជិល​អើយ តើ​អ្នក​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​ភ្ញាក់​ឡើង? អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច ដេក​ឱប​ដៃ​បន្តិច។ ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។ អ្នក​ណា​ដើរ​សាប​ព្រោះ​ពាក្យ​មិន​ពិត អ្នក​នោះ​ជា​មនុស្ស​ចោល‌ម្សៀត និង​ទុច្ចរិត គេ​មិច​ភ្នែក លើក​ដៃ​លើក​ជើង​ជា​សញ្ញា មាន​ចិត្ត​ពាល​ហើយ​រិះគិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជម្លោះ។ ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់‌ហន់ ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច​រក​អ្វី​មក​កែ‌កុន​ពុំ​បាន។ មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំ‌ពីរ​យ៉ាង ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ ហើយ​មិន​អាច​ទ្រាំ‌ទ្រ​បាន​គឺ: ការ​វាយ‌ឫក​ខ្ពស់ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ ការ​រិះគិត​ធ្វើ​អំពើ​ទុច្ចរិត ការ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជម្លោះ​បំបាក់​បំបែក​បងប្អូន។