សុភាសិត 6:1-19

សុភាសិត 6:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​អើយ ប្រសិន​បើ​កូន​ធានា​បងប្អូន​ណា​ម្នាក់​ដែល​ជំពាក់​បំណុល​គេ ប្រសិន​បើ​កូន​បាន​សន្យា​ផ្ទាល់​មាត់ និង​ជាប់​សម្ដី​ក្នុង​រឿង​នេះ បាន​សេចក្ដី​ថា កូន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បងប្អូន​នោះ​ហើយ។ ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​ឲ្យ​រួច កុំ​ដេក កុំ​សម្រាក​ឡើយ គឺ​ខំ​ប្រឹង​រើ‌បម្រះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួនឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រាន។ កូន​កម្ជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។ វា​គ្មាន​អ្នក​ត្រួត‌ត្រា គ្មាន​មេ​កើយ គ្មាន​ថៅ‌កែ​ទេ តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចម្រូត វា​សន្សំ​ស្បៀង​ទុក។ ជន​កម្ជិល​អើយ តើ​អ្នក​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​ភ្ញាក់​ឡើង? អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច ដេក​ឱប​ដៃ​បន្តិច។ ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។ អ្នក​ណា​ដើរ​សាប​ព្រោះ​ពាក្យ​មិន​ពិត អ្នក​នោះ​ជា​មនុស្ស​ចោល‌ម្សៀត និង​ទុច្ចរិត គេ​មិច​ភ្នែក លើក​ដៃ​លើក​ជើង​ជា​សញ្ញា មាន​ចិត្ត​ពាល​ហើយ​រិះគិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជម្លោះ។ ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់‌ហន់ ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច​រក​អ្វី​មក​កែ‌កុន​ពុំ​បាន។ មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំ‌ពីរ​យ៉ាង ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ ហើយ​មិន​អាច​ទ្រាំ‌ទ្រ​បាន​គឺ: ការ​វាយ‌ឫក​ខ្ពស់ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ ការ​រិះគិត​ធ្វើ​អំពើ​ទុច្ចរិត ការ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជម្លោះ​បំបាក់​បំបែក​បងប្អូន។

ចែក​រំលែក
អាន សុភាសិត 6

សុភាសិត 6:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​អើយ ប្រសិន​បើ​ឯង បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង ប្រសិន​បើ​ឯងបាន​សន្យា​ជំនួស​អ្នក​ដទៃ នោះ​ឯង​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​ឯង គឺ​ឯង​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​ឯង​មក នោះ​កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ដ្បិត​ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​អ្នក​ជិត​ខាង​ឯង​ហើយ។ ដូច្នេះ ចូរ​ទៅ​ជួប​អ្នក​ជិត​ខាង​ឯង​ភ្លាម ហើយ​អង្វរ​គេ​ជា​បន្ទាន់។ កុំ​ឲ្យ​ភ្នែក​ឯង​ដេក​លក់ ឬ​ឲ្យ​ត្របក​ភ្នែក​ឯង​រលីវ​ឡើយ។ ចូរ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​ដែល​ខំ​ប្រឹង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​ជា​សត្វ​ហើរ ឲ្យ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា ។ ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារ‌ណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មានប្រាជ្ញា​ឡើង។ វា​គ្មានមេ គ្មាន​អ្នក​ត្រួតត្រា ឬ​គ្មាន​អ្នក​គ្រប់‌គ្រង​ឡើយ គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង ទុក​នៅ​ក្នុង​រដូវ​ចម្រូត​បាន។ ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាល​ណា តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់? ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​សម្រាក​បន្តិច យ៉ាង​នោះ សេចក្ដី​កម្សត់​ទុគ៌ត​របស់​ឯង និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។ ឯ​មនុស្ស​ចោល‌ម្សៀត ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ជា​មនុស្ស​ដែល​ប្រើ​មាត់​ពោល​ពាក្យ​វៀច ជា​អ្នក​ដែល​មិច​ភ្នែក ហើយ​ធ្វើ​ជា​ទី​សម្គាល់ ដោយ​ជើង និង​ដៃ ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង​តែ​គិត​គូរ​បង្កើត​ការ​អា‌ក្រក់​ជា‌និច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា។ ដូច្នេះ សេចក្ដី​អន្ត‌រាយ​របស់​វា និង​លោ​មក​ភ្លាម​មួយ​រំពេច​ក្នុង​ពេល​បន្ទាន់​នោះ វា​នឹង​ត្រូវ​បាក់​បែក​ឥត​មាន​អ្វី​ជួយ​ផង។ មាន​ប្រាំមួយ​មុខ ដែល​ព្រះ‌យេហូវ៉ា​ស្អប់ មាន​ប្រាំពីរ​ផង ដែល​ព្រះ‌អង្គ​ខ្ពើម​ឆ្អើម គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ អណ្ដាត​ភូត‌ភរ ដៃ​ដែល​កម្ចាយ​ឈាម​មនុស្ស​ឥត​ទោស ចិត្ត​ដែល​គិត​គូរ​បង្កើត​អំពើ​អា‌ក្រក់ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អា‌ក្រក់ និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង‌ប្អូន​មួយ​ដែរ។

ចែក​រំលែក
អាន សុភាសិត 6

សុភាសិត 6:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​អើយ បើ​ឯង​បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង បើ​ឯង​បាន​ចាប់​ដៃ​សន្យា​ជំនួស​អ្នក​ដទៃ នោះ​ឯង​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​ឯង គឺ​ឯង​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​ឯង​មក យ៉ាង​នោះ កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ព្រោះ​ឃើញ​ថា ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ឯង ដូច្នេះ ចូរ​ឯង​ទៅ​បន្ទាប​ខ្លួន ហើយ​អង្វរ​ដល់​គេ កុំ​ឲ្យ​ភ្នែក​ឯង​ដេក​លក់ ឬ​ឲ្យ​ត្របក​ភ្នែក​ឯង​រលីវ​ឡើយ ចូរ​ឲ្យ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​រួច​ពី​កណ្តាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​សត្វ​ហើរ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា។ ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន ប្រាជ្ញា​ឡើង វា​គ្មាន​នាយ គ្មាន​អ្នក​កាន់‌កាប់​ការ ឬ​អ្នក​គ្រប់‌គ្រង​ឡើយ គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង​ទុក នៅ​ក្នុង​រដូវ​ចំរូត​ផង ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាល​ណា តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់ ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​នឹង​ដេក​បន្តិច យ៉ាង​នោះ សេចក្ដី​កំសត់​ទុគ៌ត​របស់​ឯង នឹង​លោមក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។ ឯ​មនុស្ស​ចោល‌ម្សៀត ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ជា​មនុស្ស​ដែល​ប្រើ​មាត់​ពោល​ពាក្យ​វៀច ជា​អ្នក​ដែល​មិច​ភ្នែក ហើយ​ធ្វើ​ជា​ទី​សំគាល់​ដោយ​ជើង នឹង​ដៃ ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង‌តែ​គិត‌គូរ​បង្កើត​ការ​អាក្រក់​ជានិច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា ដូច្នេះ សេចក្ដី​អន្តរាយ​របស់​វា នឹង​លោមក​ភ្លាម​១​រំពេច​ក្នុង​ពេល​បន្ទាន់​នោះ វា​នឹង​ត្រូវ​បាក់​បែក​ឥត​មាន​អ្វី​ជួយ​ផង។ មាន​៦​មុខ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់ អើ មាន​៧​ផង ដែល​ទ្រង់​ខ្ពើម​ឆ្អើម គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ​១ អណ្តាត​ភូត‌ភរ​១ ដៃ​ដែល​កំចាយ​ឈាម​មនុស្ស​ឥត​ទោស​១ ចិត្ត​ដែល​គិត‌គូរ​បង្កើត​អំពើ​អាក្រក់​១ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អាក្រក់​១ នឹង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត​១ ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង​ប្អូន​១​ដែរ។

ចែក​រំលែក
អាន សុភាសិត 6