ទំនុកតម្កើង 16
16
ពាក្យអធិស្ឋានដោយទុកចិត្ត
កំណាព្យរបស់ស្ដេចដាវីឌ។
1ឱព្រះជាម្ចាស់អើយ
សូមការពារទូលបង្គំផង
ដ្បិតទូលបង្គំមកជ្រកកោនជាមួយព្រះអង្គហើយ!
2ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គជាព្រះអម្ចាស់
នៃទូលបង្គំ ក្រៅពីព្រះអង្គ
គ្មានអ្វីប្រសើរសម្រាប់ទូលបង្គំឡើយ!។
3ប្រជាជនដ៏វិសុទ្ធ*នៅលើទឹកដីនេះ
សុទ្ធតែជាមនុស្សល្អ
ទូលបង្គំពេញចិត្តនឹងនៅជាមួយពួកគេណាស់។
4រីឯអស់អ្នកដែលងាកទៅថ្វាយបង្គំព្រះដទៃ
កាន់តែធ្វើឲ្យខ្លួនរងទុក្ខថែមទៀត
ទូលបង្គំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ
ជាមួយពួកគេឡើយ
ហើយទូលបង្គំក៏នឹងមិនថ្វាយបង្គំព្រះទាំងនោះ
រួមជាមួយពួកគេដែរ។
5ក្រៅពីព្រះអម្ចាស់ ទូលបង្គំគ្មានចំណែកមត៌កអ្វីទេ
ព្រះអង្គប្រទានអ្វីៗទាំងអស់
ដែលទូលបង្គំត្រូវការ
អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។
6ព្រះអង្គប្រទានចំណែកដ៏ល្អវិសេសក្រៃលែង
មកទូលបង្គំ
គឺជាកេរមត៌កល្អប្រសើរបំផុតសម្រាប់ទូលបង្គំ។
7ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់
ព្រោះព្រះអង្គផ្ដល់យោបល់ដល់ទូលបង្គំ
សូម្បីតែនៅពេលយប់
ក៏មនសិការរបស់ទូលបង្គំដាស់តឿនទូលបង្គំដែរ។
8 ទូលបង្គំនឹកដល់ព្រះអម្ចាស់
ដែលស្ថិតនៅខាងមុខទូលបង្គំជានិច្ច
ដោយព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ
ទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។
9ហេតុនេះហើយបានចិត្តទូលបង្គំរីករាយ
វិញ្ញាណទូលបង្គំត្រេកអរដ៏លើសលុប
ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ
ក៏បានសម្រាកដោយសេចក្ដីសង្ឃឹមដែរ។
10 ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹង
ទូលបង្គំចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ
ហើយព្រះអង្គក៏មិនបណ្តោយឲ្យសព
អ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ ។
11ព្រះអង្គបង្ហាញទូលបង្គំឲ្យស្គាល់ផ្លូវ
ឆ្ពោះទៅកាន់ជីវិត។
ដោយព្រះអង្គនៅជាមួយ
ទូលបង្គំមានអំណរដ៏បរិបូណ៌
ហើយនៅខាងស្ដាំព្រះអង្គ
ទូលបង្គំក៏រីករាយអស់កល្បជានិច្ចដែរ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.