ទំនុកតម្កើង 32
32
សុភមង្គលរបស់អ្នកដែលព្រះអម្ចាស់អត់ទោសឲ្យ
ទំនុករបស់ស្ដេចដាវីឌ។ ពាក្យកាព្យ។
1 មានសុភមង្គលហើយ
អស់អ្នកដែលព្រះជាម្ចាស់
លើកលែងទោសឲ្យ
ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប!
2មានសុភមង្គលហើយ
អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស
ហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ!
3ដរាបណាទូលបង្គំមិនសារភាពកំហុសទេនោះ
ទូលបង្គំកាន់តែរីងរៃទៅៗ
ទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ
4ដ្បិតព្រះអង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់
កម្លាំងទូលបង្គំខ្សោះល្វើយ
ដូចទឹករីងស្ងួតនៅរដូវប្រាំង។
- សម្រាក
5ទូលបង្គំបានសារភាពអំពើបាបចំពោះព្រះអង្គ
ទូលបង្គំមិនបានលាក់លៀមកំហុស
របស់ទូលបង្គំឡើយ ទូលបង្គំពោលថា
«ខ្ញុំនឹងទទួលសារភាពអំពើបាប
របស់ខ្ញុំចំពោះព្រះអម្ចាស់!»
ព្រះអង្គក៏លើកលែងទោសទូលបង្គំ
ឲ្យរួចពីបាប។
- សម្រាក
6ហេតុនេះហើយបានជាអ្នកគោរព
ប្រណិប័តន៍ព្រះអង្គ
តែងទូលអង្វរព្រះអង្គនៅពេលដែលគេត្រូវការ!
ទោះបីមានទុក្ខកង្វល់ប្រៀបដូច
ទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។
7ព្រះអង្គជាជម្រកសម្រាប់ទូលបង្គំ
ព្រះអង្គការពារទូលបង្គំឲ្យរួចពីអាសន្ន
ព្រះអង្គឲ្យទូលបង្គំអាចបន្លឺសំឡេង
ច្រៀងឡើង ព្រោះព្រះអង្គរំដោះទូលបង្គំ។
- សម្រាក
8 ព្រះអម្ចាស់មានព្រះបន្ទូលថា
«យើងនឹងប្រៀនប្រដៅណែនាំអ្នក
ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ
យើងនឹងជួយឲ្យយោបល់អ្នក
ព្រមទាំងមើលថែទាំអ្នកផង។
9មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ
គេដាក់ដែកបង្ខាំ និងចងបង្ហៀរ
ដើម្បីញាក់វាឲ្យចុះចូល»។
10មនុស្សពាលនឹងត្រូវរងទុក្ខវេទនាសព្វបែបយ៉ាង
ប៉ុន្តែ ព្រះអម្ចាស់តែងសម្តែងព្រះហឫទ័យ
មេត្តាករុណា
ចំពោះអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
11មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ
ចំពោះស្នាព្រះហស្ដរបស់ព្រះអម្ចាស់!
អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ
ចូរស្រែកហ៊ោដោយអំណរចុះ!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 32: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.