១ យ៉ូហាន 3:4-9

១ យ៉ូហាន 3:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប* អ្នក​នោះ​បំពាន​លើ​វិន័យ* ដ្បិត​អំពើ​បាប​ជា​ការ​បំពាន​លើ​វិន័យ។ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌យេស៊ូ​យាង​មក​ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​លោក ដ្បិត​គ្មាន​បាប​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ អ្នក​នោះ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប មិន​ដែល​បាន​ឃើញ​ព្រះអង្គ ព្រម​ទាំង​មិន​ស្គាល់​ព្រះអង្គ​ផង។ កូន​ចៅ​ទាំង‌ឡាយ​អើយ សុំ​កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះ‌យេស៊ូ​ទ្រង់​សុចរិត​ដែរ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​មារ* ដ្បិត​មារ​បាន​ប្រព្រឹត្ត​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បាន​យាង​មក ដើម្បី​រំលាយ​កិច្ចការ​របស់​មារ។ អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ក៏​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រឹត្យ‌វិន័យ។ អ្នក​រាល់​គ្នា​ដឹង​ហើយថា ព្រះ‌អង្គ​បាន​លេច​មក ដើម្បី​ដក​បាប​យើង​ចេញ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ គ្មាន​បាប​សោះ។ អស់​អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​មិន​ធ្វើ​បាប​ទេ តែ​អ្នក​ដែល​ធ្វើ​បាប មិន​បាន​ឃើញ​ព្រះ‌អង្គឡើយ ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង។ កូន​តូចៗ​រាល់​គ្នា​អើយ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះ‌អង្គ​ដែល​សុចរិត​ដែរ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​មក​ពី​អារក្ស ដ្បិត​អារក្ស​បាន​ធ្វើ​បាប​ចាប់​តាំង​ពី​ដើម​រៀង​មក។ ដោយ​ហេតុ​នេះហើយ​បាន​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​លេច​មក គឺ​ដើម្បី​បំផ្លាញ​កិច្ច‌ការ​របស់​អារក្ស។ អស់​អ្នក​ដែល​កើត​ពី​ព្រះ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ព្រះ​ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ធ្វើ​បាប​បាន​ឡើយ ព្រោះ​គេ​បាន​កើត​មក​ពី​ព្រះ។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​រំលង​ក្រិត្យ‌វិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រិត្យ‌វិន័យ​ហើយ អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​ទ្រង់​បាន​លេច​មក ដើម្បី​នឹង​ដោះ​បាប​យើង​ចេញ ហើយ​នៅ​ក្នុង​ទ្រង់ នោះ​គ្មាន​បាប​សោះ ឯ​អស់​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទ្រង់ នោះ​មិន​ដែល​ធ្វើ​បាប​ទេ តែ​ពួក​អ្នក​ដែល​ធ្វើ​បាប​វិញ គេ​មិន​បាន​ឃើញ​ទ្រង់​ឡើយ ក៏​មិន​ស្គាល់​ទ្រង់​ផង។ កូន​តូចៗ​រាល់​គ្នា​អើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​ឈ្មោះ​ថា​សុចរិត​ហើយ ដូច​ជា​ទ្រង់​ក៏​សុចរិត​ដែរ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​គឺ​មក​ពី​អារក្ស​ទេ ពី​ព្រោះ​អារក្ស​បាន​ធ្វើ​បាប ចាប់​តាំង​ពី​ដើម​រៀង​មក ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជ​ព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក

ចែក​រំលែក
អាន ១ យ៉ូហាន 3