១ សាំយូអែល 10:1-25

១ សាំយូអែល 10:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​លោក​ឱប​លោក​សូល ទាំង​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង*​អភិសេក​លោក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះអង្គ ។ នៅ​ថ្ងៃ​នេះ ពេល​លោក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ លោក​នឹង​ជួប​បុរស​ពីរ​នាក់​ក្បែរ​ផ្នូរ​របស់​លោក​ស្រី​រ៉ាជែល នៅ​ព្រំ‌ប្រទល់​ទឹក​ដី​បេន‌យ៉ាមីន គឺ​នៅ​ភូមិ​សេល‌សា។ អ្នក​ទាំង​ពីរ​នឹង​ជម្រាប​លោក​ថា “លា​ញី​ដែល​លោក​ដើរ​រក​នោះ គេ​បាន​រក​ឃើញ​វិញ​ហើយ។ ឥឡូវ​នេះ ឪពុក​របស់​លោក​ឈប់​គិត​ពី​រឿង​លា តែ​ព្រួយ​បារម្ភ​ពី​លោក​វិញ ដោយ​ពោល​ថា: កូន​ខ្ញុំ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?”។ ពេល​លោក​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច លោក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តា‌បោរ។ នៅ​ទី​នោះ លោក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទីសក្ការៈ​របស់​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំប៉័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។ ពួក​គេ​នឹង​នាំ​គ្នា​មក​ជម្រាប​សួរ​លោក ហើយ​ជូន​នំប៉័ង​ពីរ​ដុំ​មក​លោក។ លោក​នឹង​ទទួល​យក​នំប៉័ង​នោះ​ពី​ដៃ​របស់​ពួក​គេ។ បន្ទាប់​មក លោក​ទៅ​ដល់​គីបា-‌អេឡូ‌អ៊ីម ដែល​មាន​ទី​តាំង​ទ័ព​របស់​ពួក​ភីលីស្ទីន។ ពេល​លោក​ចូល​ទៅ​ក្នុង​ភូមិ លោក​នឹង​ជួប​ពួក​ព្យាការី​មួយ​ក្រុម ដែល​ចុះ​ពី​កន្លែង​សក្ការៈ​មក ទាំង​មាន​អ្នក​ភ្លេង​លេង​ចាប៉ី ស្គរ ខ្លុយ និង​ពិណ ដើរ​ពី​មុខ​ផង ព្យាការី​ទាំង​នោះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ថ្វាយ​ព្រះ‌ជាម្ចាស់ ។ ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​នឹង​មក​សណ្ឋិត​លើ​លោក លោក​ក៏​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​លោក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​មួយ​រូប​ខុស​ពី​មុន។ កាល​ណា​លោក​ឃើញ​ទី​សម្គាល់​ទាំង​នោះ​កើត​មាន កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​លោក​យល់​ថា​ត្រូវ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក​ហើយ។ បន្ទាប់​មក លោក​ត្រូវ​ចុះ​ទៅ​គីល‌កាល់​មុន​ខ្ញុំ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចុះ​ទៅ​ជួប​លោក​នៅ​ទី​នោះ​ដែរ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព*។ លោក​ត្រូវ​រង់‌ចាំ​ខ្ញុំ​ប្រាំ‌ពីរ​ថ្ងៃ លុះ​ត្រា​តែ​ខ្ញុំ​ទៅ​ដល់។ ពេល​នោះ ខ្ញុំ​នឹង​ជម្រាប​លោក អំពី​កិច្ចការ​ដែល​លោក​ត្រូវ​ធ្វើ»។ ពេល​លោក​សូល​ចាក​ចេញ​ពី​លោក​សាំយូ‌អែល​ទៅ ព្រះ‌ជាម្ចាស់​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​លោក ហើយ​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ក៏​កើត​មាន​នៅ​ថ្ងៃ​នោះ​ដែរ។ កាល​លោក​សូល និង​អ្នក​បម្រើ​ទៅ​ដល់​ភូមិ​គីបៀរ ព្យាកា‌រី​មួយ​ក្រុម​មក​ជួប​លោក។ ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក ហើយ​លោក​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ក្នុង​ចំណោម​ពួក​ព្យាការី។ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក​សូល ឃើញ​លោក​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ជា​មួយ​ពួក​ព្យាការី គេ​ក៏​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «តើ​មាន​កើត​អ្វី​ចំពោះ​កូន​ប្រុស​លោក​គីស? សូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។ មាន​អ្នក​ស្រុក​ម្នាក់​ពោល​ឡើង​ថា៖ «តើ​គ្រូ​បាធ្យាយ របស់​ពួក​នេះ​នៅ​ឯ​ណា?»។ ហេតុ​នេះ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា «សូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។ កាល​លោក​សូល​ដឹង​ស្មារតី​ឡើង​វិញ លោក​អញ្ជើញ​ទៅ​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់។ ឪពុក​មា​របស់​លោក​សូល​សួរ​លោក និង​អ្នក​បម្រើ​ថា៖ «តើ​ពួក​ឯង​ទើប​នឹង​មក​ពី​ណា?»។ លោក​សូល​តប​ថា៖ «ពួក​ខ្ញុំ​ទៅ​រក​លា តែ​រក​មិន​ឃើញ​ទេ ដូច្នេះ ពួក​ខ្ញុំ​ទៅ​ជួប​លោក​សាំយូ‌អែល»។ ឪពុក​មា​របស់​លោក​សូល​ពោល​ទៀត​ថា៖ «រៀប​រាប់​ប្រាប់​មា​មើល៍ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ប្រាប់​ពួក​ឯង​អំពី​អ្វី​ខ្លះ»។ លោក​សូល​តប​ទៅ​ឪពុក​មា​វិញ​ថា៖ «លោក​បញ្ជាក់​ប្រាប់​ពួក​ខ្ញុំ​ថា លា​ទាំង​នោះ គេ​រក​ឃើញ​ហើយ»។ លោក​សូល​មិន​បាន​រៀប​រាប់​ប្រាប់​ឪពុក​មា​អំពី​រាជ‌សម្បត្តិ ដែល​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​នោះ​ឡើយ។ លោក​សាំយូ‌អែល​បាន​កោះ​ហៅ​ប្រជា‌ជន​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីស‌ប៉ា។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “អ៊ីស្រា‌អែល​អើយ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ពី​កណ្ដាប់​ដៃ​របស់​នគរ​ទាំង​ប៉ុន្មាន​ដែល​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា”។ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បោះ​បង់​ចោល​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​ដែល​តែងតែ​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ទុក្ខ​វេទនា និង​ការ​លំបាក​គ្រប់​យ៉ាង។ អ្នក​រាល់​គ្នា​ទូល​ព្រះអង្គ​ថា “សូម​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ”។ ដូច្នេះ ចូរ​នាំ​គ្នា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​កុល‌សម្ព័ន្ធ តាម​អំបូរ​ឥឡូវ​នេះ​ចុះ»។ លោក​សាំយូ‌អែល​ប្រាប់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់​ឲ្យ​ចូល​មក ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ បន្ទាប់​មក លោក​ឲ្យ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ចូល​មក​តាម​អំបូរ ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​អំបូរ​ម៉ាទ្រី រួច​ប៉ះ​ចំ​ឈ្មោះ​លោក​សូល ជា​កូន​របស់​លោក​គីស។ គេ​នាំ​គ្នា​រក​លោក តែ​រក​ពុំ​ឃើញ​ទេ។ គេ​ក៏​ចូល​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ទៀត​ថា៖ «តើ​បុរស​នោះ​មក​ទី​នេះ​ហើយ​ឬ​នៅ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នុ៎ះ​ន៎! គេ​កំពុង​ពួន​នៅ​ក្បែរ​អីវ៉ាន់»។ គេ​រត់​ទៅ​រក​លោក នាំ​លោក​ចេញ​ពី​ទី​នោះ​មក លោក​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន។ លោក​មាន​កម្ពស់​ខ្ពស់​ជាង​គេ គឺ​ប្រជា‌ជន​ទាំង​អស់​បាន​ត្រឹម​តែ​ស្មា​របស់​លោក​ប៉ុណ្ណោះ។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែល​ព្រះ‌អម្ចាស់​ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ជយ‌ឃោស​ឡើង​ថា៖ «ជយោ! ព្រះ‌មហា‌ក្សត្រ!»។ លោក​សាំយូ‌អែល​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ដឹង​អំពី​សិទ្ធិ​របស់​ស្ដេច រួច​លោក​កត់‌ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​សាំយូ‌អែល​ប្រាប់​ឲ្យ​ប្រជា‌ជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​រៀងៗ​ខ្លួន​វិញ។

១ សាំយូអែល 10:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​សាំយូ‌អែល​បាន​យក​ប្រេង​មួយ​ដប ហើយ​ចាក់​លើ​ក្បាល​លោក​សូល រួច​ថើប​គាត់​ដោយពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទេ​ឬ? អ្នក​នឹង​គ្រប់​គ្រង​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នឹង​សង្គ្រោះ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ​វិញ ទី​សម្គាល់នេះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​តែង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​មេ​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មែន។ នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​មនុស្ស​ពីរ​នាក់ ក្បែរ​ផ្នូរ​លោក​ស្រី​រ៉ាជែល​នៅ​ភូមិ​សេល‌សា ក្នុង​ព្រំ​ប្រទល់​ស្រុក​បេនយ៉ាមីន គេ​នឹង​ប្រាប់​អ្នក​ថា "សត្វ​លា​ដែល​អ្នក​រក​នោះ​បាន​ឃើញ​ហើយ ឥឡូវ​នេះ ឪពុក​អ្នក​លែង​គិត​ពី​លាហើយ តែ​ព្រួយ​ចិត្ត​អំពី​អ្នក​វិញ ដោយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​ខ្ញុំ​មក​វិញ?"។ បន្ទាប់​មក អ្នក​នឹង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ដើម​ម៉ៃសាក់​នៅ​តា‌បោរ ហើយ​អ្នក​នឹងជួប​មនុស្ស​បី​នាក់នៅ​ទី​នោះ ដែល​កំពុង​ឡើង​ទៅ​ឯ​ព្រះ នៅ​បេត-អែល ម្នាក់​កាន់​កូន​ពពែ​បី ម្នាក់​ទៀត​កាន់​នំបុ័ង​បី​ដុំ ហើយ​ម្នាក់​ទៀត​កាន់​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ។ គេ​នឹង​ជម្រាប​សួរ​ដល់​អ្នក ហើយ​នឹង​ជូន​នំបុ័ង​ពីរ​ដុំ​មក​អ្នក ដែល​អ្នក​ត្រូវ​ទទួល​ពី​ដៃ​គេ។ បន្ទាប់​មក​ទៀត អ្នក​នឹង​ទៅ​ដល់គីបៀថ-អេឡូហ៊ីម ជា​កន្លែង​ដែល​មាន​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន រួច​កាល​ណា​អ្នក​ទៅ​ដល់​ទី​ក្រុង​ហើយ អ្នក​នឹង​ជួប​ពួក​ហោរា​ដែល​ចុះ​ពី​ទី​ខ្ពស់​មក មាន​គេ​កាន់​ទាំង​ពិណ ក្រាប់ ខ្លុយ និង​ស៊ុង​នាំ​មុខ​ផង ហោរា​ទាំង​នោះ​នឹង​ថ្លែង​ទំនាយ។ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​មក​សណ្ឋិត​លើ​អ្នក បណ្ដាល​ជា​ខ្លាំង អ្នក​នឹង​ថ្លែងទំនាយ​ជា‌មួយ​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ។ កាល​ណា​ទី​សម្គាល់​ទាំង​នេះ​បាន​កើត​មក​ដល់​អ្នក​ហើយ នោះ​អ្នក​ត្រូវ​ធ្វើ​តាម​ទំនង​នៅ​ឱកាស​នោះ​ចុះ ដ្បិត​ព្រះ​គង់​ជា‌មួយ​អ្នក​ហើយ។ រួច​អ្នក​ត្រូវ​ចុះ​ទៅ​ដល់​គីល‌កាល​មុន​ខ្ញុំ ខ្ញុំ​នឹង​ចុះ​ទៅ​រក​អ្នក ដើម្បី​នឹង​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី ចូរ​អ្នក​អង់​ចាំ​ខ្ញុំ​ប្រាំពីរ​ថ្ងៃ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​អ្នក នោះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។ ដូច្នេះ ក៏​កើត​មក​យ៉ាង​នោះ​មែន កាល​លោក​សូល​បាន​បែរ​ចេញ​ពី​លោកសាំយូ‌អែល​ទៅ នោះ​ព្រះ​បំផ្លាស់‌បំប្រែ​ចិត្ត​គាត់ ហើយ​ទី‌សម្គាល់​ទាំង​នោះ ក៏​កើត​មក​នៅ​ថ្ងៃ​នោះ។ កាល​គេ​ទៅ​ដល់​គី‌បៀរ ហើយ នោះ​មើល៍ មាន​ហោរា​មួយ​ក្រុម​មក​ជួបលោក ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​មក​សណ្ឋិត​លើ​លោក​បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​លោក​ក៏​ថ្លែងទំនាយ​នៅ​ចំណោមអ្នក​ទាំង​នោះ។ កាល​ពួក​អ្នក​ដែល​ស្គាល់​គាត់​ពី​មុន បាន​ឃើញ​គាត់​ទាយ​ជា‌មួយ​ពួក​ហោរា​ដូច្នោះ នោះ​គេ​និយាយ​គ្នា​ថា៖ «តើ​មាន​កើត​អ្វី​ដល់​កូន​គីស​នេះ? តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ?» រួច​ម្នាក់​ដែល​នៅ​ទី​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «តើ​ពួក​ហោរា​មាន​អ្នក​ណា​ជា​ឪពុក?»។ សេចក្ដី​នោះ​ក៏​ត្រឡប់​ទៅ​ជា​ពាក្យ​ទំនឹម‌ទំនៀម​ថា «តើ​លោក​សូល​ជា​ពួក​ហោរា​ដែរ​ឬ?» ពេល​គាត់​ឈប់​ថ្លែងទំនាយ​ហើយ គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់។ ឯ​មា​របស់​លោក​សូល​ក៏​សួរ​ដល់​គាត់ និង​អ្នក​បម្រើ​ថា៖ «តើ​ឯង​បាន​ទៅ​ណា?» គាត់​ឆ្លើយ​ថា៖ «បាន​ទៅ​រក​ហ្វូង​លា តែ​កាល​យើង​ខ្ញុំ​រក​វា​នៅ​ទី​ណា​មិន​ឃើញ នោះ​ក៏​ទៅ​ជួប​លោក​សាំយូ‌អែល»។ រួច​មា​របស់​លោក​សូល​សួរ​ថា៖ «ចូរ​ប្រាប់​មា​មើល៍ លោក​សាំយូ‌អែល​មាន​ប្រ‌សាសន៍​ប្រាប់​ឯង​ដូច​ម្តេច​ខ្លះ»។ នោះ​លោក​សូល​ឆ្លើយ​ជម្រាប​មា​ថា៖ «លោក​បាន​ប្រាប់​យើង​ខ្ញុំ​ច្បាស់​ថា លា​បាន​ឃើញ​ហើយ»។ ប៉ុន្តែ ត្រង់​ឯ​ការ​តាំង​រាជ្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ នោះ​គាត់​មិន​បាន​ជម្រាប​ដល់​មា​ទេ។ នៅ​គ្រា​នោះ លោកសាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីស‌ប៉ា លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា "យើង​បាន​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បាន​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ពី​កណ្ដាប់​ដៃ​ពួក​នគរ​ទាំង​ប៉ុន្មាន ដែល​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា"។ ប៉ុន្តេ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​សង្គ្រោះ​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ និង​សេចក្ដី​វេទនា​របស់​ឯង ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ទូល​ព្រះ‌អង្គ​ថា "សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ" ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ»។ លោកសាំយូ‌អែល​ក៏​ឲ្យ​កុល‌សម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ចូល​មក ហើយ​ព្រះ​រើស​យក​កុល‌សម្ព័ន្ធ​បេនយ៉ាមីន លោក​ឲ្យ​កុល‌សម្ព័ន្ធ​នោះ​ចូល​មក​តាម​អំបូរ​របស់​គេ ហើយចាប់​ឆ្នោត​ចំ​លើ​អំបូរ​ម៉ាទ្រី បន្ទាប់​មក ចំ​លើ​លោក​សូល ជា​កូន​លោក​គីស តែ​កាល​គេ​រក​គាត់ នោះ​រក​មិន​ឃើញ​ទេ។ ដូច្នេះ គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទៀត​ថា៖ «តើ​ឈ្មោះ​នោះ​ដែល​ត្រូវ​មក​មែន​ឬ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល៍ វា​កំពុង​តែ​ពួន​នៅ​ក្នុង​អីវ៉ាន់»។ គេ​ក៏​រត់​ទៅ​នាំ​គាត់​ចេញ​ពី​ទី​នោះ​មក កាល​គាត់​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​ជន នោះ​គាត់​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ទាំង​អស់ ឯ​ប្រជាជន​បាន​ត្រឹម​តែ​ស្មារ​របស់​គាត់​ទេ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​អស់​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​នេះ​ឬ​ទេ? ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ គ្មាន​អ្នក​ណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជាជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។ គ្រា​នោះ លោកសាំយូ‌អែល​ក៏​ពន្យល់​ប្រាប់​ដល់​ពួក​ប្រជាជន​ពី​របៀប​នគរ ហើយ​លោក​កត់​ក្នុង​សៀវភៅ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រេច​ហើយ លោក​ឲ្យ​ពួក​ប្រជាជន​ត្រឡប់​ទៅ​ផ្ទះ​គេ​រៀង​ខ្លួន​វិញ​ទៅ។

១ សាំយូអែល 10:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​សាំយូ‌អែល​ក៏​យក​ដប​ប្រេង ចាក់​ទៅ​លើ​ក្បាល​សូល រួច​ថើប​គាត់​ដោយ​ពាក្យ​ថា ឯ​ព្រះ‌យេហូវ៉ា​តើ​ទ្រង់​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​មរដក​ទ្រង់​ទេ​ឬ​អី នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​ប្រទះ​នឹង​២​នាក់ នៅ​ត្រង់​ផ្នូរ​រ៉ាជែល​ដែល​នៅ​ភូមិ​សេលសា ក្នុង​ព្រំ​ស្រុក​បេន‌យ៉ាមីន គេ​នឹង​ប្រាប់​អ្នក​ថា សត្វ​លា​ដែល​អ្នក​រក នោះ​បាន​ឃើញ​ហើយ តែ​ឥឡូវ​ឪពុក​អ្នក​បាន​លែង​គិត​ពី​លា ដោយ​ថប់​ព្រួយ​នឹង​អ្នក​វិញ ដោយ​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​អញ​មក​វិញ រួច​អ្នក​នឹង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ដើម​ម៉ៃសាក់​នៅ​តា‌បោរ នៅ​ទី​នោះ​នឹង​មាន​មនុស្ស​៣​នាក់ ដែល​កំពុង​តែ​ឡើង​ទៅ​ឯ​ព្រះ នៅ​បេត-អែល មក​ជួប​នឹង​អ្នកម្នាក់​កាន់​កូន​ពពែ​៣ មួយ​ទៀត​កាន់​នំបុ័ង​៣​ដុំ ហើយ​ម្នាក់​ទៀត​កាន់​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ គេ​នឹង​ជំរាប​សួរ​ដល់​អ្នក ហើយ​នឹង​ជូន​នំបុ័ង​២​ដុំ​មក​អ្នក ដែល​អ្នក​ត្រូវ​ទទួល​ពី​ដៃ​គេ ក្រោយ​នោះអ្នក​នឹង​ទៅ​ដល់​ភ្នំ​ព្រះ ជា​កន្លែង​ដែល​មាន​បន្ទាយ​របស់​ពួក​ភីលីស្ទីន រួច​កាល​ណា​អ្នក​ទៅ​ដល់​ទី​ក្រុង​ហើយ នោះ​នឹង​ជួប​នឹង​ពួក​ហោរា​ដែល​ចុះ​ពី​ទី​ខ្ពស់​មក មាន​គេ​កាន់​ទាំង​ពិណ ក្រាប់ ខ្លុយ នឹង​ស៊ុង​នាំ​មុខ​ផង ហោរា​ទាំង​នោះ​នឹង​ទាយ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​សណ្ឋិត​លើ​អ្នក បណ្តាល​ជា​ខ្លាំង អ្នក​នឹង​ទាយ​ជា​មួយ​នឹង​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ កាល​ណា​ទី​សំគាល់​ទាំង​នេះ​បាន​កើត​មក​ដល់​អ្នក​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ធ្វើ​តាម​ទំនង​នៅ​ឱកាស​នោះ​ចុះ ដ្បិត​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ហើយ រួច​ត្រូវ​ឲ្យ​អ្នក​ចុះ​ទៅ​ដល់​គីល‌កាល​មុន​ខ្ញុំ ខ្ញុំ​នឹង​ចុះ​ទៅ​ឯ​អ្នក ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី ចូរ​អ្នក​អង់‌ចាំ​ខ្ញុំ​៧​ថ្ងៃ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​អ្នក នោះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ។ ដូច្នេះក៏​កើត​មក​យ៉ាង​នោះ​មែន កាល​សូល​បាន​បែរ​ចេញ​ពី​សាំយូ‌អែល​ទៅ នោះ​ព្រះ‌ទ្រង់​បំផ្លាស់‌បំប្រែ​ចិត្ត​គាត់ ហើយ​ទី​សំគាល់​ទាំង​នោះ ក៏​កើត​មក​នៅ​ថ្ងៃ​នោះ​ឯង កាល​គេ​ទៅ​ដល់​ភ្នំ​ហើយ នោះ​មើល មាន​ពួក​ហោរា​មក​ជួប​នឹង​គាត់ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​មក​សណ្ឋិត​លើ​គាត់​បណ្តាល​ឡើង​ជា​ខ្លាំង រួច​គាត់​ទាយ​នៅ​កណ្តាល​ពួក​នោះ កាល​ពួក​អ្នក​ដែល​ស្គាល់​គាត់​ពី​មុន បាន​ឃើញ​គាត់​ទាយ ជា​មួយ​នឹង​ពួក​ហោរា​ដូច្នោះ នោះ​គេ​និយាយ​គ្នា​ថា តើ​មាន​កើត​អ្វី​ដល់​កូន​គីស​នេះ តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី រួច​ម្នាក់​ដែល​នៅ​ទី​នោះ​ក៏​ឆ្លើយ​ឡើង​ថា តើ​ពួក​ហោរា​មាន​អ្នក​ណា​ជា​ឪពុក សេចក្ដី​នោះ​ក៏​ត្រឡប់​ទៅ​ជា​ពាក្យ​ទំនឹម‌ទំនៀម​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី កាល​គាត់​ឈប់​ទាយ​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់។ ឯ​មា​របស់​សូល​ក៏​សួរ​ដល់​គាត់ នឹង​អ្នក​បំរើ​ថា តើ​ឯង​បាន​ទៅ​ឯ​ណា គាត់​ឆ្លើយ​ថា បាន​ទៅ​រក​ហ្វូង​លា តែ​កាល​យើង​ខ្ញុំ​រក​វា​នៅ​ទី​ណា​មិន​ឃើញ នោះ​ក៏​ទៅ​ឯ​លោក​សាំយូ‌អែល រួច​មា​របស់​សូល​សួរ​ថា ចូរ​ប្រាប់​ដល់​អញ តើ​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​នឹង​ឯង​ដូច​ម្តេច​ខ្លះ នោះ​សូល​ឆ្លើយ​ជំរាប​មា​ថា លោក​បាន​ប្រាប់​យើង​ខ្ញុំ​ជា​ច្បាស់​ថា លា​បាន​ឃើញ​ហើយ តែ​ត្រង់​ឯ​ការ​តាំង​រាជ្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ នោះ​គាត់​មិន​បាន​ជំរាប​ដល់​មា​ទេ។ នៅ​គ្រា​នោះ សាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រាអែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា រួច​ប្រាប់​ដល់​ពួក​បណ្តាជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា អញ​បាន​នាំ​ពួក​អ៊ីស្រាអែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បាន​ជួយ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ពី​កណ្តាប់​ដៃ​នៃ​ពួក​នគរ​ទាំង​ប៉ុន្មាន ដែល​សង្កត់‌សង្កិន​ឯង តែ​នៅ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ឯង ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ នឹង​សេចក្ដី​វេទនា​របស់​ឯង ឥឡូវ​នេះ ឯង​រាល់​គ្នា​បាន​ទូល​ទ្រង់​ថា សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ សាំយូ‌អែល ក៏​ឲ្យ​ពូជ​អំបូរ នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ចូល​មក ហើយ​ព្រះ​ទ្រង់​រើស​យក​ពូជ​អំបូរ​បេន‌យ៉ាមីន រួច​លោក​ឲ្យ​ពូជ​អំបូរ​នោះ​ចូល​មក​តាម​គ្រួ​គេ ហើយ​រើស​យក​បាន​គ្រួ​ម៉ាទ្រី ត្រូវ​លើ​រូប​សូល​ជា​កូន​គីស តែ​កាល​គេ​រក​គាត់ នោះ​មិន​ឃើញ​សោះ ដូច្នេះគេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទៀត​ថា តើ​ឈ្មោះ​នោះ​ដែល​ត្រូវ​មក​មែន​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល វា​កំពុង​តែ​ពួន​នៅ​ក្នុង​អីវ៉ាន់ គេ​ក៏​រត់​ទៅ​នាំ​គាត់​ចេញ​ពី​ទី​នោះ​មក កាល​គាត់​ឈរ​ឡើង​នៅ​កណ្តាល​ពួក​ជន នោះ​គាត់​មាន​កំពស់​ជាង​គេ​ទាំង​អស់ ឯ​បណ្តាជន​ទាំង‌ឡាយ​បាន​ត្រឹម​តែ​ស្មា​របស់​គាត់​ទេ នោះ​សាំយូ‌អែល​ប្រាប់​ដល់​បណ្តាជន​ថា ចូរ​មើល អ្នក​នេះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ឡើង ថា​គ្មាន​អ្នក​ណា ក្នុង​ពួក​បណ្តាជន ឲ្យ​ដូច​ជា​គាត់​ទេ បណ្តាជន​ទាំង‌ឡាយ​ក៏​បន្លឺ​វាចា​ឡើង​ថា ជយោ​ព្រះ‌ករុណា។ គ្រា​នោះ សាំយូ‌អែល​ក៏​ប្រាប់​ពន្យល់ ដល់​ពួក​បណ្តាជន​ពី​របៀប​នគរ ហើយ​លោក​កត់​ក្នុង​សៀវភៅ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រេច​ហើយ លោក​ឲ្យ​ពួក​បណ្តាជន​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​រៀង​ខ្លួន​វិញ​ទៅ