១ ថេស្សាឡូនិក 4:13-18
១ ថេស្សាឡូនិក 4:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹង អំពីអស់អ្នកដែលបានដេកលក់ទៅហើយនោះទេ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយចិត្ត ដូចអ្នកឯទៀតៗដែលគ្មានសង្ឃឹមនោះឡើយ។ ប្រសិនបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញមែន នោះត្រូវជឿថា តាមរយៈព្រះយេស៊ូវ ព្រះនឹងនាំអស់អ្នកដែលបានដេកលក់ទៅហើយ ឲ្យបាននៅជាមួយព្រះអង្គដែរ។ ដ្បិតយើងសូមប្រកាសប្រាប់អ្នករាល់គ្នា តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដូច្នេះថា យើងដែលកំពុងរស់នៅ គឺអ្នកដែលនៅរស់រហូតដល់ព្រះអម្ចាស់យាងមក យើងនឹងមិនទៅមុនអស់អ្នកដែលបានដេកលក់ទៅហើយនោះទេ។ ព្រោះព្រះអម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញមុនគេ។ បន្ទាប់មក យើងដែលកំពុងរស់នៅ គឺអ្នកដែលនៅរស់ នឹងបានលើកឡើងទៅក្នុងពពកជាមួយអ្នកទាំងនោះ ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ហើយយើងនឹងនៅជាមួយព្រះអម្ចាស់រហូតទៅ។ ដូច្នេះ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយពាក្យទាំងនេះចុះ។
១ ថេស្សាឡូនិក 4:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ អំពីអស់អ្នកដែលបានស្លាប់ ផុតទៅហើយ ដើម្បីកុំឲ្យបងប្អូនព្រួយចិត្តដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។ ប្រសិនបើយើងជឿថា ព្រះយេស៊ូពិតជាបានសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញមែន យើងក៏ជឿថា ព្រះជាម្ចាស់នឹងនាំបងប្អូនដែលបានស្លាប់ទៅហើយ ឲ្យទៅនៅជាមួយព្រះអង្គ ដោយសារព្រះយេស៊ូដែរ។ យើងសូមបញ្ជាក់ប្រាប់បងប្អូន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ នៅពេលព្រះអម្ចាស់យាងមក យើងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមហាទេវតា និងសំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកជឿលើព្រះគ្រិស្តដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន បន្ទាប់មក ទើបព្រះអម្ចាស់លើកយើងដែលនៅរស់នៅឡើយ ឲ្យឡើងទៅក្នុងពពក*ជាមួយបងប្អូនទាំងនោះ ដើម្បីជួបនឹងព្រះអង្គក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ។ ដូច្នេះ សូមបងប្អូនយកពាក្យទាំងនេះមកសម្រាលទុក្ខគ្នាទៅវិញទៅមក។
១ ថេស្សាឡូនិក 4:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ ដ្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នា តាមព្រះបន្ទូលនៃព្រះអម្ចាស់ដូច្នេះថា យើងដែលរស់នៅជាប់ ដរាបដល់ព្រះអម្ចាស់យាងមក នោះយើងមិនទៅមុនពួកអ្នក ដែលបានដេកលក់ទៅហើយនោះទេ ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា នឹងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ។