១ ថេស្សាឡូនិក 5:11-28
១ ថេស្សាឡូនិក 5:11-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។ បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យគោរពអស់អ្នកដែលខំធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា និងអ្នកនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយទូន្មានអ្នករាល់គ្នា ចូររាប់អានអ្នកទាំងនោះឲ្យខ្ពស់ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះកិច្ចការរបស់គេ។ ចូរឲ្យបានសុខសាន្តជាមួយគ្នា។ បងប្អូនអើយ យើងដាស់តឿនអ្នករាល់គ្នាឲ្យបន្ទោសអស់អ្នកដែលខ្ជិលច្រអូស លើកទឹកចិត្តពួកអ្នកដែលបាក់ទឹកចិត្ត ជួយពួកអ្នកដែលទន់ខ្សោយ ហើយអត់ធ្មត់ចំពោះមនុស្សទាំងអស់។ ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរសង្វាតធ្វើអំពើល្អជានិច្ច ដល់គ្នាទៅវិញទៅមក និងដល់មនុស្សគ្រប់គ្នា។ ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។ កុំឲ្យពន្លត់ព្រះវិញ្ញាណ កុំមើលងាយសេចក្ដីទំនាយ ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។ សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។ ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ។ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង។ សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយការថើបបរិសុទ្ធ។ ខ្ញុំសូមបង្គាប់អ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យពួកបងប្អូនទាំងអស់ស្តាប់កុំខាន។ សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ អាម៉ែន។:៚
១ ថេស្សាឡូនិក 5:11-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ចូរលើកទឹកចិត្តគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។ បងប្អូនអើយ យើងសូមអង្វរបងប្អូនឲ្យចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាព្រះអម្ចាស់ និងអប់រំបងប្អូន។ ត្រូវលើកតម្លៃបងប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្តស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសម្រាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ត ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និងមានចិត្តអត់ធ្មត់ ចំពោះមនុស្សទួទៅផង។ ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។ ចូរមានអំណរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យឲ្យបងប្អូន ដែលរួមជាមួយព្រះគ្រិស្តយេស៊ូធ្វើដូច្នេះឯង។ កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ កុំមើលងាយការថ្លែងព្រះបន្ទូល ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។ ត្រូវចៀសចេញឲ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។ សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តប្រោសបងប្អូនឲ្យបានវិសុទ្ធ*ទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើងយាងមក។ ព្រះអង្គដែលបានត្រាស់ហៅបងប្អូនមក ទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងសម្រេចការនេះជាពុំខាន។ បងប្អូនអើយ សូមអធិស្ឋាន*ឲ្យយើងផង។ សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយស្និទ្ធស្នាល។ ខ្ញុំសូមអង្វរបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ផង។ សូមឲ្យបងប្អូនប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើង។
១ ថេស្សាឡូនិក 5:11-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។ តែបងប្អូនអើយ យើងខ្ញុំអង្វរអ្នករាល់គ្នាថា ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា នឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនឹងពួកអ្នកដែលទូន្មានដែរ ដើម្បីឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះការដែលគេធ្វើ ចូរនៅជាមួយគ្នាដោយមេត្រីចុះ បងប្អូនអើយ យើងខ្ញុំទូន្មានឲ្យអ្នករាល់គ្នាបន្ទោស ដល់ពួកអ្នកដែលគ្មានសណ្តាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ នឹងអត់ឱនចំពោះមនុស្សទាំងអស់ ចូរប្រយ័ត កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ កុំឲ្យពន្លត់ព្រះវិញ្ញាណ កុំឲ្យមើលងាយការអធិប្បាយឡើយ ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ ចូរចៀសចេញពីសេចក្ដីអាក្រក់គ្រប់យ៉ាង។ សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់ ហើយឲ្យទាំងព្រលឹងនឹងវិញ្ញាណ ហើយរូបកាយទាំងមូលបានបំរុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ។ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង សូមជំរាបសួរដល់ពួកបងប្អូនទាំងអស់ ដោយថើបបរិសុទ្ធដែរ ខ្ញុំផ្តាំមកអ្នករាល់គ្នាដោយព្រះអម្ចាស់ថា សូមអានមើលសំបុត្រនេះ ឲ្យពួកបងប្អូនបរិសុទ្ធគ្រប់គ្នាស្តាប់ផង សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚