កូឡូស 1:25-29

កូឡូស 1:25-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​បាន​ទទួល​មុខងារ​បម្រើ​ក្រុម‌ជំនុំ​នេះ តាម​ការ​ចាត់​ចែង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បងប្អូន​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​បាន​សព្វ​គ្រប់។ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ​ស្គាល់។ ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ​នេះ ស្គាល់​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​ព្រះ‌គ្រិស្ត​គង់​នៅ​ក្នុង​បងប្អូន ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់ ដើម្បី​សម្រេច​គោល‌ដៅ​នេះ​ឯង គឺ​ខំ​ប្រឹង​តយុទ្ធ​ដោយ​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះអង្គ ដែល​កំពុង​តែ​មាន​សកម្ម‌ភាព​ក្នុង​រូប​ខ្ញុំ​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:25-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ក្រុម​ជំនុំ តាម​មុខ​ងារ​ជា​អ្នក​មើល​ខុស​ត្រូវ​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​ពេញ​លេញ ជា​សេចក្តី​អាថ៌‌កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់​កល្ប គ្រប់​ជំនាន់​តរៀង​មក តែ​ឥឡូវ​នេះ បាន​បើក​សម្ដែង​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ស្គាល់។ ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សម្ដែង​ឲ្យ​ពួកគេ​ស្គាល់​សិរី​ល្អ​ដ៏​បរិបូរ នៃ​សេចក្តី​អាថ៌‌កំបាំង​ដ៏​អស្ចារ្យ​នេះ​ជា​យ៉ាង​ណា​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ គឺ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ជា​សេចក្ដី​សង្ឃឹម​នៃ​សិរីល្អ។ យើង​ប្រកាស​អំពី​ព្រះ‌អង្គ ទាំង​ទូន្មាន​មនុស្ស​គ្រប់​គ្នា ហើយ​បង្រៀន​មនុស្ស​គ្រប់​គ្នា ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ថ្វាយ​មនុស្ស​ទាំង​អស់ ជា​មនុស្ស​គ្រប់​លក្ខណ៍​ក្នុង​ព្រះ‌គ្រីស្ទ។ សម្រាប់​ការ​នេះ ខ្ញុំ​ខំ​ធ្វើ​ការ​នឿយ​ហត់ ទាំង​តយុទ្ធ​តាម​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ដែល​ធ្វើ​ការ​ក្នុង​ខ្ញុំ​ប្រកប​ដោយ​ចេស្ដា។

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:25-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​ជំនុំ​នោះ តាម​ការ​កាន់‌កាប់​ត្រួត‌ត្រា​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​នឹង​បំពេញ​ព្រះ‌បន្ទូល គឺ​ជា​សេចក្ដី​អាថ៌‌កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​រៀង​រាល់​តែ​ដំណ​ត​មក តែ​ឥឡូវ​នេះ បាន​បើក​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​ទ្រង់​ស្គាល់ ព្រះ‌ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​នោះ​ដឹង​ថា សិរី‌ល្អ​ដ៏​បរិបូរ​របស់​សេចក្ដី​អាថ៌‌កំបាំង​នេះ​ជា​យ៉ាង​ណា ក្នុង​ពួក​សាសន៍​ដទៃ គឺ​ថា ព្រះ‌គ្រីស្ទ​ទ្រង់​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ទ្រង់ ទាំង​ទូន្មាន​ដល់​គ្រប់​មនុស្ស ហើយ​ទាំង​បង្រៀន​ដល់​គ្រប់​មនុស្ស ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ថ្វាយ​គ្រប់​មនុស្ស ជា​ដង្វាយ​គ្រប់​លក្ខណ៍​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​ក៏​ខំ​ធ្វើ​ការ​នោះ​ឯង ទាំង​ត‌យុទ្ធ​តាម​ឫទ្ធិ‌បារមី​ទ្រង់ ដែល​បណ្តាល​ឡើង​ក្នុង​ខ្ញុំ​ដោយ​ព្រះ‌ចេស្តា។

ចែក​រំលែក
អាន កូឡូស 1