កូឡូស 1:9-14
កូឡូស 1:9-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះ ចាប់តាំងពីថ្ងៃដែលយើងឮដំណឹងនេះ យើងក៏អធិស្ឋានឥតឈប់ឈរ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យរបស់ព្រះ ដោយគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។ សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ ទាំងអរព្រះគុណដល់ព្រះវរបិតា ដែលព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានចំណែកទទួលមត៌កក្នុងពួកបរិសុទ្ធ នៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជ្យនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ យើងមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺការអត់ទោសឲ្យរួចពីបាប។
កូឡូស 1:9-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និងទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះវិញ្ញាណ។ សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។ សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ចំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។ ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឲ្យបងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ*នៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យ*នៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឲ្យរួចពីបាប។
កូឡូស 1:9-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង ដោយបានគ្រប់ទាំងព្រះចេស្តាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរនឹងទទួលចំណែកកេរ្ដិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់