អេភេសូ 4:4-10

អេភេសូ 4:4-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌កាយ​មាន​តែ​មួយ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។ ព្រះ‌អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក*​មាន​តែ​មួយ។ ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះអង្គ​ខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​ធ្វើ​ការ​តាម​រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។ ព្រះអង្គ​បាន​ផ្ដល់​ព្រះ‌គុណ​មក​ឲ្យ​យើង​ម្នាក់ៗ​តាម​កម្រិត​ព្រះ‌អំណោយ​ទាន ដែល​ព្រះ‌គ្រិស្ត​ប្រទាន​មក​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​ថា «ព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះអង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅ​ជា​មួយ ហើយ​ព្រះអង្គ​ប្រទាន​ព្រះ‌អំណោយ​ទាន ផ្សេងៗ​ដល់​មនុស្ស​លោក» ។ ពាក្យ​ថា​“យាង​ឡើង​ទៅ”​នោះ បាន​សេចក្ដី​ថា​ដូច​ម្ដេច? គឺ​បាន​សេចក្ដី​ថា ព្រះអង្គ​បាន​យាង​ចុះ​មក​ផែនដី​ដ៏​ទាប​នេះ ជា​មុន​សិន។ ព្រះអង្គ​ដែល​បាន​យាង​ចុះ​មក​នោះ ជា​ព្រះអង្គ​ដែល​បាន​យាង​ឡើង​ទៅ​ទី​ដ៏​ខ្ពស់​បំផុត​នៃ​ស្ថាន​បរម‌សុខ* ដើម្បី​បំពេញ​អ្វីៗ​ទាំង​អស់។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:4-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​រូប‌កាយ​តែ​មួយ និង​ព្រះ‌វិញ្ញាណ​តែ​មួយ ដូច​ជា​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ត្រាស់​ហៅ មក​ក្នុង​សេចក្តី​សង្ឃឹម​តែ​មួយ​នៃ​ការ​ត្រាស់​ហៅ​នោះ​ដែរ មាន​ព្រះ‌អម្ចាស់​តែ​មួយ ជំនឿ​តែ​មួយ ពិធី​ជ្រមុជ​តែ​មួយ មាន​ព្រះ​តែ​មួយ ហើយ​ជា​ព្រះ‌វរបិតា​នៃ​ទាំង​អស់ ដែល​ព្រះ‌អង្គ​ខ្ពស់​លើ​ទាំង​អស់ ធ្វើ​ការ​តាម​រយៈ​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។ ប៉ុន្តែ យើង​ម្នាក់ៗ​បាន​ទទួល​ព្រះ‌គុណ តាម​ខ្នាត​អំណោយ‌ទាន​របស់​ព្រះ‌គ្រីស្ទ​រៀងៗ​ខ្លួន។ ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​ថា៖ «ពេល​ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះ‌អង្គ​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ‌ទាន​ដល់​មនុស្ស» ។ (តើ​ពាក្យ «ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ» មាន​ន័យ​ដូច​ម្តេច? តើ​ព្រះ‌អង្គ​មិន​បាន​យាង​ចុះ​ទៅ​ស្ថាន​ទាប​ក្រោម​ដី​ដែរ​ទេ​ឬ? ព្រះ‌អង្គ​ដែល​យាង​ចុះ​ទៅ​នោះ ជា​ព្រះ‌អង្គ​ដដែល ដែល​បាន​យាង​ឡើង​ផុត​អស់​ទាំង​ជាន់​នៅ​ស្ថាន‌សួគ៌ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​បំពេញ​គ្រប់​ទាំង​អស់)។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:4-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​រូប‌កាយ​តែ​១ ហើយ​ព្រះ‌វិញ្ញាណ​តែ​១ ដូច​ជា​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​សេចក្ដី​សង្ឃឹម​តែ​១​របស់​ការ‌ងារ​អ្នក​រាល់​គ្នា​ដែរ មាន​ព្រះ‌អម្ចាស់​តែ​១ សេចក្ដី​ជំនឿ​តែ​១ បុណ្យ​ជ្រមុជ​តែ​១ មាន​ព្រះ​តែ​១ គឺ​ជា​ព្រះវរ‌បិតា​នៃ​ទាំង​អស់ ដែល​ទ្រង់​ខ្ពស់​លើ​ទាំង​អស់ គង់​នៅ​កណ្តាល​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់ តែ​មាន​ព្រះ‌គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះ‌គ្រីស្ទ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា «ដែល​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ នោះ​ទ្រង់​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ​ទាន​ដល់​មនុស្ស» តែ​ដែល​ថា ទ្រង់​យាង​ឡើង​ទៅ​នោះ តើ​មាន​ន័យ​ដូច​ម្តេច បើ​មិន​មែន​ថា ទ្រង់​បាន​យាង​ចុះ​ទៅ​ដល់​ស្ថាន​ទាប​ក្រោម​ដី​ជា​មុន​ប៉ុណ្ណោះ ឯ​ព្រះ​ដែល​យាង​ចុះ​ទៅ​នោះ គឺ​ជា​ព្រះ​ដដែល ដែល​បាន​យាង​ឡើង​ផុត​អស់​ទាំង​ជាន់​នៅ​ស្ថាន‌សួគ៌ ដើម្បី​ឲ្យ​ទ្រង់​បាន​គង់​នៅ​ពេញ​គ្រប់​ទាំង​អស់

ចែក​រំលែក
អាន អេភេសូ 4