អេភេសូ 6:16-24

អេភេសូ 6:16-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល ដើម្បី​ឲ្យ​បងប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារ*​កំណាច។ ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះ‌វិញ្ញាណ។ ចូរ​អធិស្ឋាន*​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត សម្រាប់​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់។ ចូរ​អង្វរ​ព្រះអង្គ​សម្រាប់​ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច នាំ​គេ​ឲ្យ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹង‌ល្អ* ទោះ​បី​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹង‌ល្អ​នេះ​ដែរ ដូច្នេះ សូម​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។ លោក​ទីឃី‌កុស​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌អម្ចាស់ នឹង​ជម្រាប​បងប្អូន​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ និង​អំពី​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ដែរ។ ខ្ញុំ​ចាត់​គាត់​មក​រក​បងប្អូន ក្នុង​គោល​បំណង​ឲ្យ​បងប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​ឲ្យ​គាត់​លើក​ទឹក​ចិត្ត​បងប្អូន​ទៀត​ផង។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់ ប្រទាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បងប្អូន។ សូម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​នៃ​យើង ដោយ​ឥត​មាន​ចិត្ត​ប្រែ‌ប្រួល​ឡើយ។

ចែក​រំលែក
អាន អេភេសូ 6

អេភេសូ 6:16-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ថែម​ទៅ​នឹង​សេចក្ដី​ទាំង​នេះ ចូរ​យក​ជំនឿ​ទុក​ជា​ខែល ដែល​អ្នក​រាល់​គ្នា​អាច​នឹង​រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​អា​កំណាច ដោយ​សារ​ខែល​នោះ។ ចូរ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មួក​សឹក និង​ដាវ​របស់​ព្រះ‌វិញ្ញាណ ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ។ ចូរ​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​គ្រប់​ពេល​វេលា ដោយ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​គ្រប់​យ៉ាង ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់។ ចូរ​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង សូម​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សម្ដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លា‌ហាន ដើម្បី​ប្រាប់​គេ​ពី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ ហើយ​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដោយ​ក្លា‌ហាន តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។ លោក​ទី​ឃី‌កុស ជា​បង‌ប្អូន​ស្ងួន‌ភ្ងា និង​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់​ក្នុង​ព្រះ‌អម្ចាស់ នឹង​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ អំពី​ដំណើរ​របស់​ខ្ញុំ និង​ពី​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ។ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា សម្រាប់​គោល​បំណង​នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​អំពី​ដំណើរ​របស់​យើង ហើយ​ឲ្យ​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ផង។ សូម​ឲ្យ​ពួក​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត និង​សេចក្តី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​ពី​ព្រះ ជា​ព្រះ‌វរបិតា និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ សូម​ឲ្យ​ព្រះ​គុណ​បាន​សណ្ឋិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល។ អាម៉ែន។:៚

ចែក​រំលែក
អាន អេភេសូ 6

អេភេសូ 6:16-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ថែម​ទាំង​យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច ដោយ‌សារ​ខែល​នោះ​បាន ចូរ​យក​សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​សឹក នឹង​ដាវ​របស់​ព្រះ‌វិញ្ញាណ​ដែរ គឺ​ជា​ព្រះ‌បន្ទូល ព្រម​ទាំង​ប្រើ​សេចក្ដី​អធិស្ឋាន នឹង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្ដី​ខ្ជាប់​ខ្ជួន នឹង​សេចក្ដី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់ ហើយ​ឲ្យ​ខ្ញុំ​ផង ប្រយោជន៍​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សំដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សំដែង​ពី​សេចក្ដី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ដំណឹង​ល្អ ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​និយាយ តាម​ដែល​គួរ​គប្បី។ តែ​អ្នក​ទី​ឃីកុស ជា​បង​ប្អូន​ស្ងួន‌ភ្ងា ហើយ​ជា​អ្នក​ជំនួយ​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​គ្រប់​ការ​ទាំង​អស់ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខ្ញុំ​ធ្វើ​អ្វីៗ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​សេចក្ដី​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​ដំណើរ​យើង​ខ្ញុំ ហើយ​ឲ្យ​គាត់​បាន​កំឡា​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ដែរ។ សូម​ឲ្យ​ពួក​បង​ប្អូន​បាន​ប្រកប​ដោយ​នូវ​សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​សេចក្ដី​ជំនឿ អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ សូម​ឲ្យ​ព្រះ‌គុណ បាន​សណ្ឋិត​នៅ​ជា​១​នឹង​អស់​អ្នក​ណា ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ដោយ​ស្មោះ‌ត្រង់។ អាម៉ែន។:៚

ចែក​រំលែក
អាន អេភេសូ 6