អេភេសូរ 6:16-24

អេភេសូរ 6:16-24 ពគប

ថែម​ទាំង​យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច ដោយ‌សារ​ខែល​នោះ​បាន ចូរ​យក​សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​សឹក នឹង​ដាវ​របស់​ព្រះ‌វិញ្ញាណ​ដែរ គឺ​ជា​ព្រះ‌បន្ទូល ព្រម​ទាំង​ប្រើ​សេចក្ដី​អធិស្ឋាន នឹង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្ដី​ខ្ជាប់​ខ្ជួន នឹង​សេចក្ដី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់ ហើយ​ឲ្យ​ខ្ញុំ​ផង ប្រយោជន៍​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សំដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សំដែង​ពី​សេចក្ដី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ដំណឹង​ល្អ ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​និយាយ តាម​ដែល​គួរ​គប្បី។ តែ​អ្នក​ទី​ឃីកុស ជា​បង​ប្អូន​ស្ងួន‌ភ្ងា ហើយ​ជា​អ្នក​ជំនួយ​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​គ្រប់​ការ​ទាំង​អស់ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខ្ញុំ​ធ្វើ​អ្វីៗ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​សេចក្ដី​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​ដំណើរ​យើង​ខ្ញុំ ហើយ​ឲ្យ​គាត់​បាន​កំឡា​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ដែរ។ សូម​ឲ្យ​ពួក​បង​ប្អូន​បាន​ប្រកប​ដោយ​នូវ​សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​សេចក្ដី​ជំនឿ អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ សូម​ឲ្យ​ព្រះ‌គុណ បាន​សណ្ឋិត​នៅ​ជា​១​នឹង​អស់​អ្នក​ណា ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ដោយ​ស្មោះ‌ត្រង់។ អាម៉ែន។:៚

អាន អេភេសូរ 6