និក្ខមនំ 7:1-9

និក្ខមនំ 7:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ យើង​បាន​ឲ្យ​អ្នក​ធ្វើ​ជា​ព្រះ​ដល់​ផារ៉ោន ហើយ​អើរ៉ុន​បង​របស់​អ្នក នឹង​ធ្វើ​ជា​ហោរា​របស់​អ្នក។ អ្នក​ត្រូវ​និយាយ​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់ ហើយ​អើរ៉ុន​បង​របស់​អ្នក​ត្រូវ​ប្រាប់​ផារ៉ោន ឲ្យ​ស្តេច​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក។ ប៉ុន្ដែ យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង ហើយ​យើង​នឹង​បន្ថែម​ទី​សម្គាល់ និង​ការ​អស្ចារ្យ​របស់​យើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។ កាល​ណា​ផារ៉ោន​មិន​ស្តាប់​អ្នក យើង​នឹង​ដាក់​ដៃ​របស់​យើង​លើ​ស្រុក​អេស៊ីព្ទ ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ ទាំង​កងៗ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។ កាល​ណា​យើង​លើក​ដៃ​ដាក់​លើ​ស្រុក​អេស៊ីព្ទ ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ក្នុង​ចំណោម​ពួក‌គេ នោះ​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​តាម គឺ​ពួក​លោក​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ ក្នុង​គ្រា​លោក​ទាំង​ពីរ​ចូល​ទៅ​ទូល​ផារ៉ោន លោក​ម៉ូសេ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ ហើយ​លោក​អើរ៉ុន​មាន​អាយុ​ប៉ែត​សិប​បី​ឆ្នាំ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «កាល​ណា​ផារ៉ោន​និយាយ​មក​អ្នក​ថា "ចូរ​សម្តែង​បាដិហារិយ៍​មក​មើល" នោះ​អ្នក​ត្រូវ​ប្រាប់​អើរ៉ុន​ថា "ចូរ​យក​ដំបង​របស់​បង​បោះ​ទៅ​ខាង​មុខ​ផារ៉ោន ដើម្បី​ឲ្យ​ដំបង​នោះ​ក្លាយ​ទៅ​ជា​សត្វ​ពស់"»។

ចែក​រំលែក
អាន និក្ខមនំ 7

និក្ខមនំ 7:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ដូច​ជា​ព្រះ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន រីឯ​អើរ៉ុន ជា​បង​របស់​អ្នក នឹង​ប្រៀប​ដូច​ជា​ព្យាការី​របស់​អ្នក។ អ្នក​នឹង​ប្រាប់​អើរ៉ុន​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក ហើយ​គាត់​នាំ​យក​សេចក្ដី​ទាំង​នោះ​ទៅ​ប្រាប់​ស្ដេច​ផារ៉ោន ដើម្បី​ស្ដេច​អនុញ្ញាត​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង‌រូស យើង​នឹង​បង្ហាញ​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ស្រុក​អេស៊ីប។ ស្ដេច​ផារ៉ោន​នឹង​មិន​ស្ដាប់​អ្នក​ទាំង​ពីរ​ទេ។ យើង​នឹង​វាយ​ប្រហារ​ស្រុក​អេស៊ីប យើង​នឹង​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់ៗ ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព​មួយ។ ពេល​ណា​យើង​វាយ​ប្រហារ​ស្រុក​អេស៊ីប ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​នោះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ធ្វើ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ទាំង​អស់។ នៅ​ពេល​លោក​ទាំង​ពីរ​ទៅ​គាល់​ព្រះចៅ​ផារ៉ោន​នោះ លោក​ម៉ូសេ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ លោក​អើរ៉ុន​មាន​អាយុ​ប៉ែត‌សិប​បី​ឆ្នាំ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ប្រសិន​បើ​ស្ដេច​ផារ៉ោន​ទាម‌ទារ​ឲ្យ​អ្នក​សម្តែង​បាដិ‌ហារិយ៍​នោះ ត្រូវ​ប្រាប់​អើរ៉ុន​ថា “ចូរ​យក​ដំបង​របស់​បង បោះ​ទៅ​ខាង​មុខ​ស្ដេច​ផារ៉ោន” ដំបង​នោះ​នឹង​ក្លាយ​ទៅ​ជា​ពស់»។

ចែក​រំលែក
អាន និក្ខមនំ 7

និក្ខមនំ 7:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​បាន​ឲ្យ​ឯង​ធ្វើ​ជា​ព្រះ​ដល់​ផារ៉ោន ហើយ​អើរ៉ុន​បង​ឯង​នឹង​ធ្វើ​ជា​អ្នក​ប្រកាស​របស់​ឯង ឯង​ត្រូវ​និយាយ​គ្រប់​សេចក្ដី​ដែល​អញ​បង្គាប់ ហើយ​អើរ៉ុន​បង​ឯង​ត្រូវ​ទូល​ដល់​ផារ៉ោន ដើម្បី​ឲ្យ​ស្តេច​បាន​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​ទៅ តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​អញ​នឹង​ចំរើន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​របស់​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ តែ​ផារ៉ោន​នឹង​មិន​ស្តាប់​តាម​ឯង​ទេ រួច​អញ​នឹង​ដាក់​ដៃ​អញ​លើ​ស្រុក​អេស៊ីព្ទ ហើយ​នឹង​នាំ​ពួក​កង​របស់​អញ គឺ​ជា​រាស្ត្រ​អញ ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ កាល​ណា​អញ​លើក​ដៃ​ដាក់​លើ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​កណ្តាល​គេ​ទៅ នោះ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត ឯ​ម៉ូសេ នឹង​អើរ៉ុន​លោក​ក៏​ធ្វើ​តាម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ក្នុង​គ្រា​ដែល​ទូល​នឹង​ផារ៉ោន នោះ​ម៉ូសេ​លោក​បាន​អាយុ​៨០​ឆ្នាំ ឯ​អើរ៉ុន​ក៏​បាន​អាយុ​៨៣​ឆ្នាំ​ហើយ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា កាល​ណា​ផារ៉ោន​និយាយ​មក​ឯង​ថា ចូរ​ឯង​សំដែង​បាដិហារិយ៍​មក​មើល នោះ​ឲ្យ​ឯង​ប្រាប់​អើរ៉ុន​ថា ចូរ​យក​ដំបង​របស់​បង​បោះ​ទៅ​នៅ​ចំពោះ​មុខ​ផារ៉ោន ដើម្បី​ឲ្យ​ដំបង​នោះ​ក្លាយ​ទៅ​ជា​សត្វ​ពស់

ចែក​រំលែក
អាន និក្ខមនំ 7