យ៉ូហាន 17:1-26
យ៉ូហាន 17:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះរួចហើយ ព្រះអង្គងើបព្រះភក្ត្រទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «ព្រះវរបិតាអើយ ពេលកំណត់បានមកដល់ហើយ សូមលើកតម្កើងព្រះរាជបុត្រារបស់ព្រះអង្គឡើង ដើម្បីឲ្យព្រះរាជបុត្រាបានលើកតម្កើងព្រះអង្គដែរ ដ្បិតព្រះអង្គបានប្រទានឲ្យព្រះរាជបុត្រាមានអំណាចលើមនុស្សទាំងអស់ ដើម្បីប្រទានជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គបានប្រទានមកព្រះរាជបុត្រា។ ឯជីវិតអស់កល្បជានិច្ចនោះគឺ ឲ្យគេបានស្គាល់ព្រះអង្គ ដែលជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក។ ទូលបង្គំបានលើកតម្កើងព្រះអង្គនៅផែនដី ដោយបានបង្ហើយកិច្ចការ ដែលព្រះអង្គប្រគល់ឲ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ហើយ។ ព្រះវរបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំជាមួយព្រះអង្គផង ដោយសិរីល្អដែលទូលបង្គំធ្លាប់មានជាមួយព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។ ទូលបង្គំបានសម្តែងព្រះនាមរបស់ព្រះអង្គ ឲ្យអស់អ្នកដែលព្រះអង្គបានញែកពីលោកីយ៍នេះប្រទានមកទូលបង្គំស្គាល់ហើយ អ្នកទាំងនោះជារបស់ព្រះអង្គ ហើយព្រះអង្គប្រទានគេមកទូលបង្គំ បានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។ ឥឡូវនេះ គេដឹងហើយថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានមក ទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំមកពីព្រះអង្គ ក៏ជឿថាព្រះអង្គចាត់ទូលបង្គំឲ្យមកមែន។ ទូលបង្គំមិនមែនអធិស្ឋានឲ្យលោកីយ៍ទេ គឺអធិស្ឋានឲ្យអស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ព្រោះគេជារបស់ព្រះអង្គ។ អ្វីៗជារបស់ទូលបង្គំ ក៏ជារបស់ព្រះអង្គ ហើយអ្វីៗជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំដែរ ទូលបង្គំបានថ្កើងឡើងក្នុងគេហើយ។ ទូលបង្គំមិននៅក្នុងពិភពលោកនេះទៀតទេ តែអ្នកទាំងនេះនៅក្នុងពិភពលោកនេះនៅឡើយ ហើយទូលបង្គំនឹងទៅឯព្រះអង្គ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ សូមព្រះអង្គរក្សាអស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ក្នុងព្រះនាមព្រះអង្គផង ដើម្បីឲ្យគេបានរួមមកតែមួយ ដូចយើងរួមមកតែមួយដែរ។ កាលទូលបង្គំនៅជាមួយគេ ទូលបង្គំបានរក្សាគេ ក្នុងព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មានអ្នកណាមួយត្រូវវិនាសឡើយ លើកលែងតែម្នាក់ ដែលបានតម្រូវឲ្យវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ។ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គ តែសេចក្តីទាំងនេះដែលទូលបង្គំនិយាយនៅក្នុងលោកនេះ ដើម្បីឲ្យអំណររបស់ទូលបង្គំបានពោរពេញនៅក្នុងគេ។ ទូលបង្គំបានឲ្យព្រះបន្ទូលព្រះអង្គដល់គេហើយ លោកីយ៍បានស្អប់គេ ព្រោះគេមិនមែនជារបស់លោកីយ៍ ដូចជាទូលបង្គំមិនមែនជារបស់លោកីយ៍ដែរ។ ទូលបង្គំមិនទូលសូមឲ្យព្រះអង្គយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យព្រះអង្គការពារគេពីអាកំណាចវិញ។ គេមិនមែនជារបស់លោកីយ៍ ដូចជាទូលបង្គំមិនមែនជារបស់លោកីយ៍ដែរ។ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិត គឺជាព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំចាត់គេឲ្យទៅក្នុងពិភពលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកដែរ។ រីឯទូលបង្គំបានញែកខ្លួនជាបរិសុទ្ធ ដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកជាបរិសុទ្ធ ដោយសារសេចក្តីពិតដែរ។ ទូលបង្គំមិនអធិស្ឋានឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលនឹងជឿដល់ទូលបង្គំ តាមរយៈពាក្យរបស់គេផងដែរ ដើម្បីឲ្យគេទាំងអស់គ្នាបានរួមមកតែមួយ ដូចព្រះវរបិតាគង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គ គឺឲ្យគេបានរួមគ្នាតែមួយក្នុងយើង ប្រយោជន៍ឲ្យមនុស្សលោកបានជឿថា ព្រះអង្គបានចាត់ឲ្យទូលបង្គំឲ្យមកមែន។ រីឯសិរីល្អដែលព្រះអង្គបានប្រទានមកទូលបង្គំ ទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចយើងក៏រួមតែមួយដែរ គឺទូលបង្គំនៅក្នុងគេ ហើយព្រះអង្គគង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានរួមគ្នាតែមួយយ៉ាងពេញលេញ ប្រយោជន៍ឲ្យមនុស្សលោកបានដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ហើយដឹងថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គបានស្រឡាញ់ទូលបង្គំដែរ។ ឱព្រះវរបិតាអើយ ទូលបង្គំចង់ឲ្យពួកអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ នៅជាមួយទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យឃើញសិរីល្អ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដ្បិតព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ឱព្រះវរបិតាដ៏សុចរិតអើយ មនុស្សលោកមិនស្គាល់ព្រះអង្គទេ តែទូលបង្គំស្គាល់ ហើយអ្នកទាំងនេះក៏ដឹងថា ព្រះអង្គបានចាត់ឲ្យទូលបង្គំមកមែន។ ទូលបង្គំបានសម្តែងឲ្យគេស្គាល់ព្រះនាមព្រះអង្គ ក៏នឹងសម្តែងឲ្យគេស្គាល់ច្បាស់ថែមទៀត ដើម្បីឲ្យសេចក្តីស្រឡាញ់ ដែលព្រះអង្គបានស្រឡាញ់ទូលបង្គំបាននៅក្នុងគេ ហើយទូលបង្គំក៏នៅក្នុងគេដែរ»។
យ៉ូហាន 17:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភ័ក្ត្រទតទៅលើមេឃមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ឥឡូវនេះដល់ពេលកំណត់ហើយ សូមសម្តែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីឲ្យបុត្រសម្តែងសិរីរុងរឿងរបស់ព្រះបិតាដែរ។ ព្រះអង្គបានប្រទានឲ្យបុត្រមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រផ្ដល់ជីវិតអស់កល្បជានិច្ចដល់អស់អ្នក ដែលព្រះអង្គប្រទានមកបុត្រ។ រីឯជីវិតអស់កល្បជានិច្ចនោះគឺឲ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់ព្រះយេស៊ូគ្រិស្ត* ដែលព្រះអង្គចាត់ឲ្យមក។ ទូលបង្គំបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការ ដែលព្រះអង្គបញ្ជាឲ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។ ព្រះបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំឲ្យមានសិរីរុងរឿងនៅជិតព្រះអង្គ គឺសិរីរុងរឿងដែលទូលបង្គំធ្លាប់មាននៅជិតព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។ ទូលបង្គំបានសម្តែងព្រះនាមរបស់ព្រះអង្គឲ្យអស់អ្នកដែលព្រះអង្គញែកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកឲ្យទូលបង្គំ ហើយគេបានប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឲ្យគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថាព្រះអង្គបានចាត់ទូលបង្គំឲ្យមកទៀតផង។ ទូលបង្គំសូមអង្វរព្រះអង្គឲ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឲ្យមនុស្សលោកឡើយ គឺអង្វរឲ្យតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ អ្វីៗជារបស់ព្រះអង្គក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសម្តែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។ ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ កាលទូលបង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេ ដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គហើយ ទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីឲ្យគេមានអំណររបស់ទូលបង្គំជាអំណរដ៏ពេញលក្ខណៈ។ ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គឲ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចជាទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។ ទូលបង្គំមិនអង្វរព្រះអង្គឲ្យយកគេចេញពីលោកនេះឡើយ គឺសូមព្រះអង្គមេត្តាការពារគេពីអំណាចមារ*កំណាចវិញ។ គេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។ សូមប្រោសគេឲ្យវិសុទ្ធ* ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។ ទូលបង្គំចាត់គេឲ្យទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងលោកដែរ។ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិត ថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេវិសុទ្ធ ដោយសារសេចក្ដីពិត។ ទូលបង្គំមិនអង្វរព្រះអង្គឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឲ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ គឺឲ្យទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ ឱព្រះបិតាអើយ! ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ទូលបង្គំបានសម្តែងព្រះនាមព្រះអង្គឲ្យគេស្គាល់ ហើយទូលបង្គំនឹងសម្តែងឲ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។
យ៉ូហាន 17:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះក៏ងើបព្រះនេត្រទៅលើមេឃ ទូលថា ឱព្រះវរបិតាអើយ កំណត់បានមកដល់ហើយ សូមដំកើងព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានដំកើងទ្រង់ដែរ ដូចជាទ្រង់បានប្រទាន ឲ្យព្រះរាជបុត្រាមានអំណាច លើគ្រប់ទាំងមនុស្ស ដើម្បីនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកដែលទ្រង់បានប្រទានមកព្រះរាជបុត្រាដែរ នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង ទូលបង្គំបានដំកើងទ្រង់ នៅផែនដី ទូលបង្គំបានបង្ហើយការ ដែលទ្រង់ប្រគល់មកឲ្យធ្វើ ឥឡូវនេះ ឱព្រះវរបិតាអើយ សូមដំកើងទូលបង្គំឡើងជាមួយនឹងទ្រង់ផង ដោយសិរីល្អដែលទូលបង្គំមានជាមួយនឹងទ្រង់ ក្នុងកាលដែលលោកីយមិនទាន់បានកើតនៅឡើយ។ ឯពួកអ្នក ដែលទ្រង់បានប្រទានមកទូលបង្គំ អំពីមនុស្សលោក នោះទូលបង្គំបានបើកសំដែងឲ្យគេស្គាល់ព្រះនាមទ្រង់ អ្នកទាំងនោះជារបស់ផងទ្រង់ ហើយទ្រង់បានប្រទានគេមកទូលបង្គំ គេក៏កាន់តាមព្រះបន្ទូលទ្រង់ ឥឡូវនេះ គេដឹងថា គ្រប់ទាំងអស់ដែលទ្រង់ប្រទានមកទូលបង្គំ នោះសុទ្ធតែកើតពីទ្រង់មក ដ្បិតអស់ទាំងព្រះបន្ទូលដែលទ្រង់បានប្រទានមក នោះទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំចេញពីទ្រង់មក ក៏ជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកមែន ទូលបង្គំអធិស្ឋានឲ្យគេ មិនមែនអធិស្ឋានឲ្យលោកីយទេ គឺឲ្យអស់អ្នកដែលទ្រង់បានប្រទានមកទូលបង្គំវិញ ពីព្រោះគេជារបស់ផងទ្រង់ (របស់ទូលបង្គំទាំងអស់ជារបស់ផងទ្រង់ ហើយរបស់ទ្រង់ទាំងប៉ុន្មានក៏ជារបស់ផងទូលបង្គំដែរ) ទូលបង្គំបានថ្កើងឡើងក្នុងគេ អ្នកទាំងនេះនៅក្នុងលោកីយ តែទូលបង្គំមិននៅក្នុងលោកីយទៀតទេ ទូលបង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែ១ ដូចជាយើងដែរ កាលទូលបង្គំនៅក្នុងលោកីយជាមួយនឹងគេ នោះទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នក ដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ បានវិនាសតែ១នាក់នោះ ដែលបានដំរូវឲ្យត្រូវវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសំរេចតាមបទគម្ពីរ ឥឡូវនេះ ទូលបង្គំទៅឯទ្រង់ តែទូលបង្គំថ្លែងសេចក្ដីទាំងនេះ នៅក្នុងលោកីយ ដើម្បីឲ្យគេបានសេចក្ដីអំណររបស់ទូលបង្គំ ឲ្យនៅពោរពេញក្នុងខ្លួនគេ ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយបានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់ ទូលបង្គំបានចាត់គេឲ្យទៅក្នុងលោកីយ ដូចជាទ្រង់ចាត់ទូលបង្គំ ឲ្យមកក្នុងលោកីយដែរ ឯទូលបង្គំក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតដែរ។ ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត ឯសិរីល្អដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយបានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។ ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អ ដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយរៀងមក ឱព្រះវរបិតាដ៏សុចរិតអើយ លោកីយមិនស្គាល់ទ្រង់ទេ តែទូលបង្គំស្គាល់ទ្រង់ ហើយពួកអ្នកនេះក៏ដឹងថា ទ្រង់បានចាត់ឲ្យទូលបង្គំមកដែរ ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ ក៏នឹងសំដែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ។