លូកា 8:40-56
លូកា 8:40-56 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ បណ្តាជននាំគ្នាទទួលព្រះអង្គដោយអំណរ ដ្បិតគេទាំងអស់គ្នាកំពុងចាំមើលផ្លូវព្រះអង្គ។ នៅពេលនោះ មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ ក្រាបចុះនៅទៀបព្រះបាទព្រះយេស៊ូវ ហើយអង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺជិតស្លាប់។ កាលព្រះអង្គយាងទៅ មហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ ពេលនោះដែរ មានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យដែលនាងមានទាំងប៉ុន្មានទៅលើគ្រូពេទ្យ តែគ្មានគ្រូពេទ្យណាមួយអាចមើលនាងជាបានឡើយ។ នាងចូលពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ស្រាប់តែឈាមក៏ឈប់ធ្លាក់មួយរំពេច។ ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «អ្នកណាពាល់ខ្ញុំ?»។ កាលគ្រប់គ្នាប្រកែក ពេត្រុសទូលថា៖ «លោកគ្រូ បណ្តាជនកំពុងប្រជ្រៀតគ្នាជុំវិញលោកគ្រូ!»។ ប៉ុន្ដែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានមនុស្សម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាចេញពីខ្ញុំទៅ»។ កាលស្ត្រីនោះឃើញថា នាងមិនអាចលាក់បាន នាងក៏ចូលមកទាំងញ័ររន្ធត់ ហើយក្រាបចុះនៅចំពោះព្រះអង្គ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងបានពាល់ព្រះអង្គ ហើយពីរបៀបដែលនាងបានជាភ្លាមមួយរំពេច។ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ ចូរអញ្ជើញទៅដោយសុខសាន្តចុះ»។ កាលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ មានម្នាក់មកពីផ្ទះមេសាលាប្រជុំនោះ ជម្រាបថា៖ «កូនស្រីលោកស្លាប់ហើយ សូមកុំរំខានលោកគ្រូទៀតអី!»។ ព្រះយេស៊ូវក៏ឮ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានជា»។ កាលព្រះអង្គយាងចូលទៅក្នុងផ្ទះ ព្រះអង្គមិនឲ្យអ្នកណាចូលទៅជាមួយឡើយ មានតែពេត្រុស យ៉ាកុប និងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ។ មនុស្សទាំងអស់យំសោកសង្រេងនឹងនាង តែព្រះអង្គមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងដេកលក់ទេតើ!»។ គេសើចចំអកដាក់ព្រះអង្គ ដ្បិតគេដឹងថា នាងស្លាប់ពិតមែន។ ប៉ុន្ដែ ព្រះអង្គចាប់ដៃនាង ហើយស្រែកហៅថា៖ «នាងតូចអើយ! ក្រោកឡើង!»។ វិញ្ញាណរបស់នាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះអង្គបង្គាប់គេឲ្យយកអ្វីមួយមកឲ្យនាងបរិភោគ។ ឪពុកម្តាយរបស់នាងមានសេចក្ដីអស្ចារ្យក្នុងចិត្តជាខ្លាំង តែព្រះអង្គហាមមិនឲ្យប្រាប់អ្នកណាពីហេតុការណ៍ដែលបានកើតឡើងនោះឡើយ។
លូកា 8:40-56 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះយេស៊ូយាងត្រឡប់មកពីត្រើយម្ខាងវិញ បណ្ដាជននាំគ្នាមកទទួលព្រះអង្គ ព្រោះគេចាំមើលផ្លូវព្រះអង្គគ្រប់ៗគ្នា។ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ អង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលព្រះយេស៊ូយាងទៅ នៅតាមផ្លូវ មានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ ពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្តិដែលនាងមានទាំងប៉ុន្មាន ដើម្បីឲ្យគ្រូពេទ្យព្យាបាល តែគ្មានគ្រូពេទ្យណាអាចមើលនាងជាឡើយ។ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់ព្រះអង្គទេ។ លោកពេត្រុសទូលថា៖ «ព្រះគ្រូអើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូ ហើយគេប៉ះព្រះគ្រូទាំងអស់គ្នា»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។ ស្ត្រីនោះមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងទូលព្រះអង្គនៅចំពោះមុខប្រជាជនទាំងមូលអំពីហេតុ ដែលនាំឲ្យនាងពាល់ព្រះអង្គ ហើយនាងបានជាពីជំងឺភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូសជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត!»។ ព្រះយេស៊ូឮពាក្យបុរសនោះ ព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី ឲ្យតែលោកជឿ កូនលោកនឹងបានរួចជីវិតពុំខាន»។ លុះព្រះអង្គយាងទៅដល់ផ្ទះហើយ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាចូលជាមួយឡើយ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។ អ្នកដែលនៅទីនោះយំសោកអាណិតក្មេងនោះគ្រប់ៗគ្នា តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេចំអកដាក់ព្រះអង្គ ដ្បិតគេដឹងច្បាស់ថានាងបានស្លាប់ពិតមែន។ ព្រះយេស៊ូចាប់ដៃក្មេងស្រីនោះ ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «នាងអើយ! ក្រោកឡើង»។ រំពេចនោះ ព្រលឹងនាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះយេស៊ូសុំឲ្យគេយកចំណីអាហារមកឲ្យនាងបរិភោគ។ ឪពុកម្ដាយរបស់នាងងឿងឆ្ងល់ក្រៃលែង តែព្រះយេស៊ូហាមគេមិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។
លូកា 8:40-56 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ នោះបណ្តាមនុស្សក៏ទទួលទ្រង់ដោយអំណរ ដ្បិតគេទន្ទឹងមើលតែផ្លូវទ្រង់ទាំងអស់គ្នា នោះឃើញមានមនុស្សម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ គាត់មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទព្រះយេស៊ូវ សូមអង្វរទ្រង់ ឲ្យយាងទៅផ្ទះគាត់ ព្រោះគាត់មានកូនស្រីតែ១ អាយុប្រហែល១២ឆ្នាំ មានជំងឺឈឺជិតស្លាប់ កាលទ្រង់កំពុងតែយាងទៅ នោះបណ្តាមនុស្សប្រជ្រៀតគ្នាលើទ្រង់។ ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណ១រំពេចនោះ ព្រះយេស៊ូវមានបន្ទូលសួរថា តើអ្នកណាពាល់ខ្ញុំ កាលមនុស្សទាំងអស់កំពុងតែប្រកែក នោះពេត្រុស នឹងពួកអ្នកដែលនៅជាមួយទូលថា លោកគ្រូ បណ្តាមនុស្សកំពុងប្រជ្រៀតគ្នាត្បៀតទ្រង់ ដូច្នេះទ្រង់មានបន្ទូលថា អ្នកណាពាល់ទ្រង់ធ្វើអី ព្រះយេស៊ូវមានបន្ទូលថា ច្បាស់ជាមានអ្នកណាពាល់ខ្ញុំពិត ដ្បិតខ្ញុំដឹងថា មានឫទ្ធិផ្សាយចេញពីខ្ញុំទៅហើយ កាលស្ត្រីនោះបានឃើញថា លាក់ខ្លួនមិនកំបាំងទេ នោះក៏ចូលមកទាំងញ័ររន្ធត់ ផ្តួលខ្លួននៅចំពោះទ្រង់ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងបានពាល់ទ្រង់ ហើយពីបែបដែលនាងបានជាភ្លាម១រំពេចផង ទ្រង់មានបន្ទូលទៅនាងថា ចូរសង្ឃឹមឡើង កូនស្រីអើយ ដ្បិតសេចក្ដីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ។ កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះមានម្នាក់មកពីផ្ទះមេសាលាប្រជុំ ជំរាបគាត់ថា កូនលោកស្លាប់ហើយ កុំនៅរំខានចិត្តលោកគ្រូទៀត ព្រះយេស៊ូវក៏ឮ ហើយមានបន្ទូលទៅគាត់ថា កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ រួចទ្រង់យាងចូលទៅក្នុងផ្ទះ មិនឲ្យអ្នកណាទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប នឹងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ ឯមនុស្សទាំងអស់ គេកំពុងតែយំសោកសង្រេងនឹងនាង តែទ្រង់មានបន្ទូលថា កុំយំអី នាងមិនមែនស្លាប់ទេ គឺនាងដេកលក់ទេតើ គេក៏សើចចំអកឲ្យទ្រង់ ដ្បិតគេដឹងថា នាងស្លាប់ពិតមែន នោះទ្រង់បណ្តេញគេចេញអស់ ហើយចាប់ដៃនាង មានបន្ទូលជាខ្លាំងថា កូនអើយ ចូរក្រោកឡើង ខណនោះ ព្រលឹងនាងក៏មកវិញ ហើយនាងក្រោកឡើងភ្លាម នោះទ្រង់បង្គាប់ឲ្យគេយកអ្វីៗមកឲ្យនាងបរិភោគ ឪពុកម្តាយនាងក៏កើតមានសេចក្ដីអស្ចារ្យ តែទ្រង់ហាមមិនឲ្យគេប្រាប់ឲ្យអ្នកណាដឹងពីការនោះឡើយ។