ម៉ាឡាគី 3:1-6
ម៉ាឡាគី 3:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «យើងចាត់ទូតរបស់យើងឲ្យទៅមុន ដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។ រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ កំពុងតែមកហើយ»។ ប៉ុន្តែ នៅថ្ងៃដែលព្រះអង្គយាងមកដល់ តើនរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចឈរបាន? ដ្បិតព្រះអង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។ ព្រះអង្គនឹងគង់កាត់ក្ដី ដូចជាងទងអង្គុយ រំលាយ និងបន្សុទ្ធសាច់ប្រាក់។ ព្រះអង្គនឹងជម្រះកូនចៅលេវីឲ្យបានបរិសុទ្ធ ព្រះអង្គនឹងបន្សុទ្ធពួកគេ ដូចបន្សុទ្ធមាស និងប្រាក់។ ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យ មកថ្វាយព្រះអម្ចាស់ដោយចិត្តស្មោះត្រង់។ ពេលនោះ ព្រះអម្ចាស់សព្វព្រះហឫទ័យទទួល តង្វាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចកាលពីដើម នៅជំនាន់មុនៗ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។ «យើងជាព្រះអម្ចាស់ យើងមិនប្រែប្រួលទេ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានៅតែជា កូនចៅយ៉ាកុបដដែល »។
ម៉ាឡាគី 3:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដើម្បីរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បាននោះ មើល៍! ព្រះអង្គនឹងយាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ប៉ុន្តែ តើអ្នកណាអាចទ្រាំនៅបាន ក្នុងកាលដែលព្រះអង្គយាងមកនោះ? តើអ្នកណានឹងឈរនៅក្នុងកាលដែលព្រះអង្គលេចមក? ដ្បិតព្រះអង្គប្រៀបដូចជាភ្លើងរបស់ជាងសម្រង់ និងដូចជាក្បុងរបស់ជាងប្រមោក។ ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រង់ និងអ្នកដេញអាចម៍ប្រាក់ ព្រះអង្គនឹងសម្អាតពួកកូនចៅលេវី ហើយសម្រង់គេដូចជាមាស និងប្រាក់ នោះគេនឹងនាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត។ ពេលនោះ តង្វាយរបស់ពួកយូដា និងក្រុងយេរូសាឡិមជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ។ យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ដ្បិតយើង គឺយេហូវ៉ា យើងមិនប្រែប្រួលឡើយ ហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ អ្នករាល់គ្នាមិនត្រូវវិនាសទេ។
ម៉ាឡាគី 3:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ ហើយព្រះអម្ចាស់ដែលឯងរាល់គ្នាស្វែងរកនោះ ទ្រង់នឹងលោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលឯងរាល់គ្នាចង់បានទាំងម៉្លេះនោះ មើលន៏ ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ តែមានអ្នកឯណាធន់នៅបាន ក្នុងកាលដែលទ្រង់យាងមកនោះ តើអ្នកណានឹងឈរនៅ ក្នុងកាលដែលទ្រង់លេចមក ដ្បិតទ្រង់ប្រៀបដូចជាភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក ទ្រង់នឹងគង់ចុះ ដូចជាជាងសំរង ហើយនឹងដេញអាចម៍ប្រាក់ ទ្រង់នឹងសំអាតពួកកូនចៅលេវី ហើយសំរងគេដូចជាមាស ហើយនឹងប្រាក់ នោះគេនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត គ្រានោះ ដង្វាយរបស់ពួកយូដា នឹងក្រុងយេរូសាឡិមនឹងជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ ហើយអញនឹងមកជិតឯងរាល់គ្នា ដើម្បីនឹងសំរេចតាមសេចក្ដីយុត្តិធម៌ អញនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្រីមេម៉ាយ នឹងមនុស្សកំព្រាផង ហើយដែលបង្វែរសេចក្ដីយុត្តិធម៌ ចេញពីពួកអ្នកដែលស្នាក់នៅ ឥតកោតខ្លាចដល់អញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ដ្បិតអញ គឺយេហូវ៉ា អញមិនប្រែប្រួលឡើយ ហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ ឯងរាល់គ្នាមិនបានត្រូវវិនាសទេ។