ម៉ាឡាគី 3:14-18

ម៉ាឡាគី 3:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​ពោល​ថា: “ពួក​យើង​ខំ​បម្រើ​ព្រះ‌ជាម្ចាស់ តែ​គ្មាន​បាន​ការ​អ្វី​ទេ ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ ហើយ​ខំ​ដើរ​តាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី? ពួក​យើង​សង្កេត​ឃើញ​ថា ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ ដែល​មាន​សុភមង្គល ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ បែរ​ជា​បាន​ចម្រុង‌ចម្រើន​ទៅ​វិញ។ ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ក្ដី ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជានិច្ច”»។ ពេល​នោះ អស់​អ្នក​ដែល​គោរព កោត​ខ្លាច​ព្រះ‌អម្ចាស់ ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង ពាក្យ​សម្ដី​របស់​ពួក​គេ។ គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់​ក្នុង​ក្រាំង​មួយ ទុក​ជា​ទី​រំឭក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុក អ្នក​ទាំង​នោះ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដែល​ជា ចំណែក​មត៌ក​របស់​យើង​ផ្ទាល់។ យើង​នឹង​ត្រា​ប្រណី​ពួក​គេ ដូច​ឪពុក​ត្រា​ប្រណី​កូន​ដែល​បម្រើ​ឪពុក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ខុស​គ្នា​យ៉ាង​ណា ហើយ​អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា

ចែក​រំលែក
អាន ម៉ាឡាគី 3

ម៉ាឡាគី 3:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គឺ​អ្នក​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​បម្រើ​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះព្រះ‌អង្គ​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី? ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើង‌ឆ្មៃ ទុក​ជា​សប្បាយ​ហើយ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង គេ​ល្បង‌ល​ព្រះ ហើយ​ក៏​រួច​ខ្លួន»។ ពេល​នោះ ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ និង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​ធ្វើ​ការ​នេះ គេ​នឹង​ក្លាយ​ជា​របស់​យើង គឺ​ជា​របស់​យើង​ពិត​ប្រាកដ ហើយ​យើង​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​នឹង​មនុស្ស​អាក្រក់ រវាង​អ្នក​ដែល​គោរព​បម្រើ​ព្រះ​នឹង​អ្នក​ដែល​មិន​គោរព​បម្រើ។

ចែក​រំលែក
អាន ម៉ាឡាគី 3

ម៉ាឡាគី 3:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​ឯង​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​តាម​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើង‌ឆ្មៃ ទុក​ជា​សប្បាយ​ហើយ អើ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង អើ គេ​ល្បង‌ល​ព្រះ ហើយ​ក៏​រួច​ផង។ គ្រា​នោះ ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ទ្រង់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ការ​នេះ នោះ​គេ​នឹង​បាន​ជា​របស់​ផង​អញ គឺ​ជា​របស់​ផង​អញ​ពិត ហើយ​អញ​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន​ពិត គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្ដី​សុចរិត នឹង​សេចក្ដី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ នឹង​មនុស្ស​ដែល​មិន​គោរព​ផង។

ចែក​រំលែក
អាន ម៉ាឡាគី 3