ម៉ាថាយ 2:12-23
ម៉ាថាយ 2:12-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក គេក៏វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះមានព្រះបន្ទូលហាមគេក្នុងយល់សប្តិ មិនឲ្យគេត្រឡប់ទៅជួបហេរ៉ូឌវិញឡើយ។ កាលពួកហោចេញទៅផុត ទេវតាមួយរបស់ព្រះអម្ចាស់លេចមកប្រាប់យ៉ូសែបក្នុងយល់សប្តិថា៖ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គគេចចេញទៅស្រុកអេស៊ីព្ទទៅ ហើយនៅស្រុកនោះ រហូតទាល់តែយើងប្រាប់ឲ្យត្រឡប់មកវិញ ដ្បិតហេរ៉ូឌប្រុងនឹងស៊ើបសួររកបុត្រនោះ ដើម្បីធ្វើគុតព្រះអង្គ»។ លោកក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច និងមាតារបស់ព្រះអង្គចេញទៅស្រុកអេស៊ីព្ទ ហើយក៏នៅទីនោះ រហូតដល់ហេរ៉ូឌសុគត។ ការនេះបានសម្រេចតាមសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈហោរាថា៖ «យើងបានហៅកូនយើង ចេញពីស្រុកអេស៊ីព្ទមក» ។ កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។ នោះក៏បានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាយេរេមាថា៖ «មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំអាណិតកូនរបស់នាង ហើយមិនព្រមឲ្យគេកម្សាន្តចិត្តសោះ ព្រោះកូនរបស់នាងស្លាប់អស់ហើយ»។ កាលព្រះបាទហេរ៉ូឌបានសុគតផុតទៅ នោះស្រាប់តែទេវតាមួយរបស់ព្រះអម្ចាស់លេចមកក្នុងយល់សប្តិ ប្រាប់យ៉ូសែបនៅស្រុកអេស៊ីព្ទថា៖ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់អ្នកដែលចង់សម្លាប់បុត្រតូចនោះ ស្លាប់អស់ហើយ»។ លោកយ៉ូសែបក៏ក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ។ ប៉ុន្តែ កាលលោកឮថា អើខេឡោសបានសោយរាជ្យនៅស្រុកយូដា ជំនួសហេរ៉ូឌ ជាបិតា នោះលោកខ្លាចមិនហ៊ានទៅទីនោះទេ លោកចេញទៅស្រុកកាលីឡេវិញ ដោយព្រះទ្រង់មានព្រះបន្ទូលហាមក្នុងសុបិន។ លោកបានតាំងទីលំនៅ នៅភូមិមួយឈ្មោះថាណាសារ៉ែត ដើម្បីឲ្យបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈពួកហោរាថា៖ «គេនឹងហៅព្រះអង្គថា ជាអ្នកស្រុកណាសារ៉ែត»។
ម៉ាថាយ 2:12-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ត មិនឲ្យវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។ កាលពួកហោរាចារ្យចាកចេញផុតទៅ ទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះរហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះឱរស»។ លោកយ៉ូសែបក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីឲ្យស្របនឹងសេចក្ដី ដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ «យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក» ។ ព្រះបាទហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខព្រះអង្គ ស្ដេចទ្រង់ព្រះពិរោធក្រៃលែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះ នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចស្ដេចបានសួរបញ្ជាក់ពួកហោរាចារ្យ។ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការី*យេរេមាថា៖ «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាសម្រាលទុក្ខឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ» ។ កាលព្រះបាទហេរ៉ូដសោយទិវង្គតផុតទៅ ទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប នៅស្រុកអេស៊ីបក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារ ស្លាប់បាត់អស់ទៅហើយ»។ លោកយ៉ូសែបក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។ ប៉ុន្តែ កាលលោកដឹងថា ព្រះបាទអើខេឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងព្រះបាទហេរ៉ូដជាព្រះបិតា លោកខ្លាចមិនហ៊ានទៅស្រុកនោះទេ លោកភៀសខ្លួនទៅស្រុកកាលីឡេ ដោយព្រះជាម្ចាស់មានព្រះបន្ទូលឲ្យដឹង ក្នុងសុបិននិមិត្ត។ លោកតាំងទីលំនៅក្នុងភូមិមួយឈ្មោះណាសារ៉ែត ដើម្បីឲ្យស្របតាមសេចក្ដីដែលពួកព្យាការី*បានថ្លែងទុកថា៖ «គេនឹងហៅព្រះអង្គថាជាអ្នកភូមិណាសារ៉ែត»។
ម៉ាថាយ 2:12-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចវិលទៅស្រុកគេវិញ តាមផ្លូវមួយទៀតទៅ ដោយព្រោះព្រះទ្រង់ពន្យល់សប្តិប្រាប់ មិនឲ្យត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។ កាលគេចេញទៅបាត់ហើយ នោះទេវតានៃព្រះអម្ចាស់ក៏លេចមក ពន្យល់សប្តិប្រាប់យ៉ូសែបថា ចូរក្រោកឡើងនាំបុត្រតូច នឹងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីព្ទទៅ ឲ្យនៅស្រុកនោះទាល់តែយើងប្រាប់ ដ្បិតហេរ៉ូឌនឹងរកសំឡាប់បុត្រតូច គាត់ក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច នឹងមាតាទ្រង់ ចេញទៅនៅស្រុកអេស៊ីព្ទវិញ ក៏នៅស្រុកនោះ ដរាបដល់ហេរ៉ូឌសុគត ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់ប្រាប់ ដោយសារហោរាថា «អញបានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក»។ លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសំឡាប់អស់ទាំងកូនប្រុសៗនៅបេថ្លេហិម នឹងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់ នោះបានសំរេចសេចក្ដីទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា «មានសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមក្សាន្តចិត្តសោះ ដ្បិតកូននាងវិនាសបាត់ហើយ»។ លុះហេរ៉ូឌបានសុគតរួចហើយ នោះទេវតានៃព្រះអម្ចាស់លេចមក ពន្យល់សប្តិប្រាប់យ៉ូសែប នៅស្រុកអេស៊ីព្ទ ថា ចូរក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់ពួកអ្នកដែលរកសំឡាប់បុត្រតូច បានស្លាប់អស់ហើយ គាត់ក៏ក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅឯស្រុកអ៊ីស្រាអែលវិញ ប៉ុន្តែគាត់ឮថា អើខេឡោសបានសោយរាជ្យនៅស្រុកយូដា ជំនួសហេរ៉ូឌ ជាបិតាទ្រង់ នោះគាត់ខ្លាចមិនហ៊ានទៅឯទីនោះទេ ក៏ចេញទៅនៅស្រុកកាលីឡេវិញ តាមដែលព្រះទ្រង់បានពន្យល់សប្តិប្រាប់គាត់ រួចគាត់តាំងទីលំនៅ នៅភូមិណាសារ៉ែត ដើម្បីឲ្យបានសំរេចសេចក្ដី ដែលពួកហោរាបានទាយថា «គេនឹងហៅទ្រង់ជាអ្នកស្រុកណាសារ៉ែត»។