មីកា 6:1-5
មីកា 6:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល៖ ចូរក្រោកឡើង អង្វរនៅមុខភ្នំធំទាំងឡាយចុះ ហើយបន្លឺសំឡេងឲ្យភ្នំតូចទាំងប៉ុន្មានឮសំឡេងឯងផង។ ភ្នំទាំងឡាយ និងឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្ដីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្ដី នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គនឹងតវ៉ាជាមួយពួកអ៊ីស្រាអែល។ «ឱប្រជារាស្ត្ររបស់យើងអើយ តើយើងបានធ្វើអ្វីដល់ឯង? តើយើងបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី? ចូរឆ្លើយនឹងយើង! ដ្បិតយើងបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបម្រើ ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង ឱប្រជារាស្ត្ររបស់យើងអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ពីសេចក្ដីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិត របស់ព្រះយេហូវ៉ាចុះ»។
មីកា 6:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ ព្រះអម្ចាស់មានព្រះបន្ទូល! ចូរក្រោកឡើង! នាំពាក្យបណ្ដឹងទៅប្រាប់ ឲ្យភ្នំធំៗ និងភ្នំតូចៗ ដឹងឮផង! ភ្នំធំទាំងឡាយអើយ ចូរស្ដាប់ពាក្យបណ្ដឹងរបស់ព្រះអម្ចាស់! គ្រឹះនៃផែនដីដែលមិនចេះរង្គើអើយ! ចូរស្ដាប់ពាក្យបណ្ដឹងដែលព្រះអម្ចាស់ ចោទប្រកាន់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ៖ «ប្រជារាស្ត្រយើងអើយ! តើយើងបានធ្វើអ្វីខ្លះដល់អ្នក? តើយើងបានធ្វើអ្វីឲ្យអ្នកធុញទ្រាន់? ចូរឆ្លើយមកយើងមើល៍! តើមកពីយើងបាននាំអ្នកចេញពី ស្រុកអេស៊ីបឬ? តើមកពីយើងបានលោះអ្នក ឲ្យរួចពីទាសភាពឬ? តើមកពីយើងចាត់ម៉ូសេ អើរ៉ុន និងម៉ារាម ឲ្យនាំមុខអ្នកឬ? ប្រជារាស្ត្រយើងអើយ ចូរនឹកចាំអំពីគម្រោងការដែលបាឡាក់ ជាស្ដេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក! ចូរនឹកចាំពីស្ដេចដែលបាឡាម ជាកូនរបស់បេអ៊រ ឆ្លើយទៅស្ដេចនោះវិញ! បន្ទាប់មក យើងបាននាំអ្នកពីស៊ីទីម រហូតដល់គីលកាល់។ អ្នកនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។
មីកា 6:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យអ្នករាល់គ្នាស្តាប់សេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលឥឡូវថា ចូរក្រោកឡើង អង្វរនៅមុខភ្នំធំទាំងឡាយចុះ ហើយបន្លឺឲ្យភ្នំតូចទាំងប៉ុន្មានឮសំឡេងឯងផង ម្នាលភ្នំទាំងឡាយ នឹងឯងរាល់គ្នា ជាឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្តីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្តីនឹងរាស្ត្រទ្រង់ គឺទ្រង់នឹងតវ៉ានឹងពួកអ៊ីស្រាអែល ឱរាស្ត្រអញអើយ តើអញបានធ្វើអ្វីដល់ឯង តើអញបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី ចូរធ្វើបន្ទាល់ទាស់នឹងអញចុះ ដ្បិតអញបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបំរើ ហើយបានចាត់ម៉ូសេ អើរ៉ុន នឹងម៉ារាមឲ្យនាំមុខឯង ឱរាស្ត្រអញអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ហើយពីសេចក្ដីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិតរបស់ព្រះយេហូវ៉ាចុះ។