មីកា 6:6-8
មីកា 6:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់? តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប ដើម្បីចូលទៅចំពោះព្រះអង្គឬ? តើព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬ? តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ? ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
មីកា 6:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូនគោអាយុមួយខួប មកថ្វាយជាតង្វាយដុតទាំងមូលឬ? តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួល ចៀមឈ្មោលរាប់ពាន់ក្បាល ឬប្រេងយ៉ាងច្រើនអនេកអនន្តឬ? តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ ដើម្បីសុំព្រះអង្គលើកលែងទោស ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គ ដើម្បីសុំរំដោះបាបឬ? ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក ឲ្យស្គាល់ការណាដែលល្អ និងការណាដែលព្រះអម្ចាស់ សព្វព្រះហឫទ័យឲ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរ តាមមាគ៌ា នៃព្រះរបស់អ្នក។
មីកា 6:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់ តើត្រូវឲ្យខ្ញុំយកដង្វាយដុត ជាកូនគោអាយុ១ខួប ដើម្បីចូលទៅចំពោះទ្រង់ឬ តើព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬអី តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ។