ម៉ាកុស 10:1-12

ម៉ាកុស 10:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​ស្រុក​យូដា និង​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់។ ពេល​នោះ មហាជន​នាំ​គ្នា​មក​ចោម​រោម​ព្រះ‌អង្គ​ម្តង​ទៀត ហើយ​ព្រះ‌អង្គ​ក៏​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ មាន​ពួក​ផារិ‌ស៊ី​ខ្លះ​បាន​ចូល​មក​ល្បង​ល​ព្រះ‌អង្គ ដោយ​សួរ​ថា៖ «តើ​មាន​ច្បាប់​ឲ្យ​បុរស​លែង​ប្រពន្ធ​បាន​ឬ​ទេ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «តើ​លោក​ម៉ូសេ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ដូច​ម្តេច?» គេ​ទូល​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​បុរស​សរសេរ​សំបុត្រ​លែង​លះ ហើយ​ឲ្យ​លែង​នាង​បាន»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «លោក​បាន​ចែង​បទ‌បញ្ជា​ដូច្នេះ​សម្រាប់​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​រូស។ ប៉ុន្តែ តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក "ព្រះ​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី" "ដោយ​ហេតុ​នេះ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក‌ម្តាយ [ទៅ​រួម​រស់​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន] ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ "។ ដូច្នេះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​ដែល​ព្រះ​បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​ឡើយ»។ ពេល​ចូល​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​នេះ​ម្តង​ទៀត។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​លែង​ប្រពន្ធ ហើយ​រៀប​ការ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ផិត​ក្បត់​នឹង​ប្រពន្ធ ហើយ​បើ​នាង​លែង​ប្តី រួច​រៀប​ការ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​ផិត​ក្បត់​ដែរ»។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ស្រុក​យូដា និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់។ មហា‌ជន​នាំ​គ្នា​ទៅ​រក​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះអង្គ។ មាន​ពួក​ខាង​គណៈ​ផារី‌ស៊ី*​ចូល​មក​ជិត ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​លែង​ភរិយា​បាន​ឬ​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​អ្វី?»។ គេ​ទូល​តប​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ប្រពន្ធ​បាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​ចែង​បទ‌បញ្ជា*​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស។ ប៉ុន្តែ កាល​ដើម​ដំបូង នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ពិភព​លោក ព្រះអង្គ​បង្កើត​មនុស្ស​មក​ជា​បុរស​ជា​ស្ត្រី ។ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ [ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន] ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ​ផ្គុំ​នោះ​ឡើយ»។ ពេល​ទៅ​ដល់​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌យេស៊ូ​អំពី​រឿង​នេះ​ម្ដង​ទៀត។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។ រីឯ​ភរិយា​ណា​ដែល​លែង​ស្វាមី ហើយ​ទៅ​រៀបការ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​ទ្រង់​ក៏​ក្រោក​ឡើង យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ព្រំ‌ដែន​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នោះ​មាន​មនុស្ស​កក‌កុញ​ប្រជុំ​គ្នា​ឯ​ទ្រង់​ម្តង​ទៀត ហើយ​ទ្រង់​ក៏​បង្រៀន​គេ​តាម​ទំលាប់​ទ្រង់ ពួក​ផារិស៊ី​គេ​មក​ល្បង​សួរ​ទ្រង់ ពី​ច្បាប់​ដែល​នឹង​លែង​ប្រពន្ធ​បាន​ឬ​មិន​បាន តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា តើ​លោក​ម៉ូសេ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ថា​ដូច​ម្តេច គេ​ទូល​ថា លោក​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ទៅ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ដែល​លោក​បាន​តែង​ច្បាប់​នោះ​ឲ្យ​អ្នក​រាល់​គ្នា គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង‌រូស​ប៉ុណ្ណោះ ប៉ុន្តែ តាំង​ពី​ដើម​កំណើត​មនុស្ស​មក នោះ​ព្រះ‌ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​តែង​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​សុទ្ធ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ កាល​កំពុង​នៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ពី​សេចក្ដី​ដដែល​ម្តង​ទៀត ហើយ​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ដែល​នឹង​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ផិត​ប្រពន្ធ​ហើយ បើ​ស្ត្រី​ណា​លែង​ប្ដី​ទៅ​យក​១​ទៀត នោះ​ក៏​ឈ្មោះ​ថា​បាន​ផិត​ប្ដី​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 10