ជនគណនា 6:1-7

ជនគណនា 6:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ប​ន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​បុរស ឬ​ស្រី្ដ​ណា​ធ្វើ​ការ​ស្បថ​ញែក​ខ្លួន​ជា​ពិសេស​ណា​មួយ គឺ​ការ​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណា‌សារីត ដើម្បី​ញែក​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា អ្នក​នោះ​ត្រូវ​ញែក​ខ្លួន​ចេញ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិ‌ភោគ​ទឹក‌ខ្មេះ​ដែល​ធ្វើ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ទឹក‌ខ្មេះ​ដែល​ធ្វើ​ពី​គ្រឿង​ស្រវឹង​ណា​ផ្សេង​ឡើយ ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​បរិ‌ភោគ​ផ្លែ​ទំពាំង‌បាយ​ជូរ​ឡើយ ទោះ​ស្រស់ ឬ​ក្រៀម​ក្ដី។ ក្នុង​ពេល​ដែល​គេ​ញែក​ខ្លួន​ជា​អ្នក​ណា‌សារីត គេ​មិន​ត្រូវ​បរិ‌ភោគ​អ្វី​ដែល​ធ្វើ​ពី​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​ក៏​មិន​ត្រូវ​បរិ‌ភោគ​ដែរ។ ក្នុង​ពេល​ដែល​គេ​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណា​សារ៉ែត មិន​ត្រូវ​ឲ្យ​មាន​កាំបិត​មក​ប៉ះ​ក្បាល​ឡើយ គឺ​ត្រូវ​ឲ្យ​បាន​បរិសុទ្ធ រហូត​ដល់​ផុត​កំណត់​ដែល​គេ​បាន​ញែក​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​គេ​ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង។ ក្នុង​ពេល​ដែល​ញែក​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា គេ​មិន​ត្រូវ​ទៅ​ជិត​សាក​សព​ឡើយ។ សូម្បី​តែ​មាន​ឪពុក​ម្តាយ ឬ​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្លួន​ស្លាប់ ក៏​គេ​មិន​ត្រូវ​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដែរ ព្រោះ​ការ​ញែក​ខ្លួន​របស់​គេ​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ គឺ​ស្ថិត​នៅ​លើ​សក់​របស់​គេ។

ចែក​រំលែក
អាន ជនគណនា 6

ជនគណនា 6:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស ឬ​ស្ត្រី​ណា​ម្នាក់ សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត*​ថ្វាយ​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​តម​សុរា និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិភោគ​ទឹក​ខ្មេះ​ធ្វើ​អំពី​ស្រា​ទំពាំង‌បាយជូរ ឬ​ទឹក​ខ្មេះ​ធ្វើ​ពី​គ្រឿង​ស្រវឹង​ផ្សេង​ទៀត ហើយ​ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំង‌បាយជូរ បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ​ស្រស់ ឬ​ក្រៀម​ដែរ។ ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត គេ​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ជា​ផល​របស់​ដើម​ទំពាំង‌បាយជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​របស់​ផ្លែ​ទំពាំង‌បាយជូរ ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ជា​ដាច់​ខាត។ ក្នុង​ពេល​គេ​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត មិន​ត្រូវ​កាត់​សក់​ឡើយ។ ក្នុង​អំឡុង​ពេល​គេ​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ គេ​ជា​មនុស្ស​ដ៏វិសុទ្ធ គេ​ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង​រហូត​ទាល់​តែ​ផុត​ចំនួន​ថ្ងៃដែល​គេ​បាន​កំណត់​ទុក។ ក្នុង​ពេល​គេ​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព​ឡើយ សូម្បី​តែ​សព​ឪពុក​ម្ដាយ និង​បងប្អូន​ប្រុស​ស្រី​របស់​ខ្លួន ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដែរ ដ្បិត​គេ​បាន​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាន​សក់​របស់​គេ​ជា​សញ្ញា​សម្គាល់​ស្រាប់។

ចែក​រំលែក
អាន ជនគណនា 6

ជនគណនា 6:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​មនុស្ស​ប្រុស ឬ​ស្រី​ណា​នឹង​ញែក​ខ្លួន​ចេញ ដោយ​បន់​បំណន់​របស់​ពួក​ន៉ាសារីត ដើម្បី​នឹង​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ញែក​ខ្លួន​ឲ្យ​ផុត​ចេញ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិភោគ​ទឹក‌ខ្មេះ ដែល​ធ្វើ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ទឹក‌ខ្មេះ​ដែល​ធ្វើ​ពី​គ្រឿង​ស្រវឹង​ណា​នីមួយ​ឡើយ ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ ទោះ​ស្រស់​ឬ​ក្រៀម​ផង ក្នុង​វេលា​ដែល​ញែក​ខ្លួន​ចេញ​ដូច្នេះ នោះ​មិន​ត្រូវ​បរិភោគ​អ្វី ដែល​ធ្វើ​ពី​ទំពាំង‌បាយ‌ជូរ​ឡើយ ចាប់​តាំង​ពី​គ្រាប់​ទៅ​ដល់​សំបក​ផង នៅ​វេលា​ដែល​ញែក​ខ្លួន​ដោយ​បន់​បំណន់ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​កាំបិត​មក​ប៉ះ​សក់​ផង ត្រូវ​ឲ្យ​បាន​បរិសុទ្ធ ដរាប​ដល់​បាន​សំរេច​កំណត់​ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង នៅ​វេលា​ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មិន​ត្រូវ​ទៅ​ជិត​ខ្មោច​ស្លាប់​ណា​មួយ​ឡើយ គឺ​មិន​ត្រូវ​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដោយ​ព្រោះ​ឪពុក​ម្តាយ ឬ​បង​ប្អូន​ប្រុស​ស្រី ក្នុង​កាល​ដែល​គេ​ស្លាប់​នោះ​ឡើយ ដ្បិត​ជាប់​ការ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ​ហើយ

ចែក​រំលែក
អាន ជនគណនា 6