សុភាសិត 12:1-14

សុភាសិត 12:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ស្រឡាញ់​ការ​ចេះ​ដឹង តែងតែ​ចូល​ចិត្ត​ទទួល​ការ​ទូន្មាន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​រិះ‌គន់ ជា​មនុស្ស​ល្ងី‌ល្ងើ។ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​សប្បុរស តែ​ព្រះអង្គ​ដាក់​ទោស​មនុស្ស​មាន​ល្បិច។ គ្មាន​នរណា​ពង្រឹង​អំណាច​របស់​ខ្លួន ដោយ​អំពើ​ឃោរ‌ឃៅ​បាន​ទេ តែ​មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។ ភរិយា​ថ្លៃ‌ថ្នូរ​តែងតែ​ផ្ដល់​កិត្តិយស​ឲ្យ​ស្វាមី រីឯ​ប្រពន្ធ​ថោក​ទាប ប្រៀប​ដូច​ជា​ជំងឺ​មហា​រីក​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី។ មនុស្ស​សុចរិត​គិត​តែ​ពី​ធ្វើ​អ្វី​ដែល​ស្រប​ច្បាប់ រីឯ​មនុស្ស​អាក្រក់​គិត​តែ​ពី​ធ្វើ​អំពើ​ល្មើស​ច្បាប់។ ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់​សុទ្ធ​តែ​ជា​អន្ទាក់​សម្លាប់​គេ រីឯ​សម្ដី​របស់​មនុស្ស​ទៀង‌ត្រង់​តែងតែ​សង្គ្រោះ​គេ​វិញ។ បើ​មនុស្ស​អាក្រក់​រលំ គេ​គ្មាន​នៅ​សល់​អ្វី​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​ជានិច្ច។ មនុស្ស​ដែល​ចេះ​ត្រិះ‌រិះ​ពិចារណា​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​មាន​ចិត្ត​វៀច‌វេរ​តែងតែ​មាន​គេ​មើល‌ងាយ។ រស់​នៅ​ជា​មនុស្ស​សាមញ្ញ ហើយ​មាន​អ្នក​បម្រើ​តែ​ម្នាក់ នោះ​ប្រសើរ​ជាង​វាយ‌ឫក​ហ៊ឺ‌ហា តែ​ខ្វះ​អង្ករ​ច្រក​ឆ្នាំង។ មនុស្ស​សុចរិត​តែងតែ​ថែ‌ទាំ​សត្វ​ពាហនៈ​របស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ គ្មាន​ចិត្ត​មេត្តា​ករុណា​ទាល់​តែ​សោះ។ អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចម្ការ​រមែង​មាន​អាហារ​បរិភោគ​ឆ្អែត រីឯ​អ្នក​ចូល​ចិត្ត​ព្រោក‌ប្រាជ្ញ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។ មនុស្ស​ពាល​តែងតែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​អាក្រក់ រីឯ​អ្វីៗ​ដែល​មនុស្ស​សុចរិត​ធ្វើ រមែង​ចម្រើន​ឡើង។ មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​កង្វល់។ មនុស្ស​ម្នាក់ៗ​រក​បាន​សុភមង្គល ដោយ‌សារ​ពាក្យ​សម្ដី​ដូច​គេ​រក​ប្រាក់​បាន ដោយ‌សារ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ដែរ។

ចែក​រំលែក
អាន សុភាសិត 12

សុភាសិត 12:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​ចូល​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ក៏​ស្រឡាញ់​តម្រិះ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​សេចក្ដី​បន្ទោស នោះ​ជា​មនុស្ស​កំរោល​វិញ។ មនុស្ស​ល្អ​នឹង​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​នឹង​កាត់​ទោស​មនុស្ស​ណា ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់។ គ្មាន​មនុស្ស​ណា​បាន​តាំង​មាំ‌មួន​ឡើង ដោយ‌សារ​អំពើ​អាក្រក់​ទេ តែ​ឫស​របស់​មនុស្ស​សុចរិត មិន​ត្រូវ​រលើង​ឡើយ។ ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្តី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នោះ​ប្រៀប​ដូច​ជា​សេចក្ដី​ពុក​រលួយ នៅ​ក្នុង​ឆ្អឹង​របស់​ប្តី​វិញ។ អស់​ទាំង​គំនិត​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ទៀង​ត្រង់ តែ​គំនិត​របស់​មនុស្ស​អាក្រក់ នោះ​ជា​សេចក្ដី​ឆ​បោក​វិញ។ ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ សុទ្ធ​តែ​និយាយ​ពី​ការ​លប​ចាំ​កម្ចាយ​ឈាម តែ​មាត់​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​គេ​រួច​វិញ។ មនុស្ស​អាក្រក់​ត្រូវ​ដួល ហើយ​មិន​នៅ​ទៀត​ទេ តែ​ផ្ទះ​របស់​មនុស្ស​សុចរិត បាន​ស្ថិត‌ស្ថេរ​នៅ​វិញ។ មនុស្ស​នឹង​បាន​គេ​សរ‌សើរ​តាម​ប្រាជ្ញា​របស់​ខ្លួន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​គេ​នឹង​ស្អប់​វិញ។ អ្នក​ណា​ដែល​គេ​រាប់​អាន​តិច តែ​មាន​បាវ​បម្រើ នោះ​វិសេស​ជា​ជាង​មនុស្ស​ណា​ដែល​តំកើង​ខ្លួន ប៉ុន្តែ ខ្វះ​ខាត​អាហារ​វិញ។ មនុស្ស​សុចរិត​រមែង​ប្រណី ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ នោះ​សាហាវ​ណាស់។ អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​បាយ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​តាម​សេចក្ដី​ឥត​ប្រ‌យោជន៍ នោះ​គ្មាន​យោបល់​វិញ។ មនុស្ស​អាក្រក់​លោភ​ចង់​បាន​ទ្រព្យ របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​ឫស​របស់​មនុស្ស​សុចរិត នោះ​បង្កើត​ផល​ផ្លែ​វិញ។ មាន​អន្ទាក់​អាក្រក់ នៅ​ក្នុង​អំពើ​រំលង​របស់​បបូរ​មាត់ តែ​មនុស្ស​សុចរិត​នឹង​ចេញ​រួច​ពី​សេចក្ដី​លំបាក។ មនុស្ស​នឹង​បាន​ស្កប់​ចិត្ត​នឹង​សេចក្ដី​ល្អ ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​ខ្លួន ហើយ​កិច្ច‌ការ​ដែល​ដៃ​មនុស្ស​ធ្វើ​នោះ នឹង​បាន​សង​ដល់​អ្នក​នោះ​វិញ។

ចែក​រំលែក
អាន សុភាសិត 12

សុភាសិត 12:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​ចូល​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ក៏​ស្រឡាញ់​ដំរិះ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​សេចក្ដី​បន្ទោស នោះ​ជា​មនុស្ស​កំរោល​វិញ។ មនុស្ស​ល្អ​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា តែ​ទ្រង់​នឹង​កាត់​ទោស ដល់​មនុស្ស​ណា​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់។ គ្មាន​មនុស្ស​ណា​បាន​តាំង​មាំ‌មួន​ឡើង ដោយ‌សារ​អំពើ​អាក្រក់​ទេ តែ​ឫស​នៃ​មនុស្ស​សុចរិត​មិន​ត្រូវ​រលើង​ឡើយ។ ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្ដី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នោះ​ប្រៀប​ដូច​ជា​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី​វិញ។ អស់​ទាំង​គំនិត​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ទៀង​ត្រង់ តែ​គំនិត​របស់​មនុស្ស​អាក្រក់ នោះ​ជា​សេចក្ដី​ឆ‌បោក​វិញ។ ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់ សុទ្ធ​តែ​និយាយ​ពី​ការ​លប​ចាំ​កំចាយ​ឈាម តែ​មាត់​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ជួយ​ឲ្យ​គេ​រួច​វិញ។ មនុស្ស​អាក្រក់​ត្រូវ​ដួល ហើយ​មិន​នៅ​ទៀត​ទេ តែ​ផ្ទះ​របស់​មនុស្ស​សុចរិត​បាន​ស្ថិត‌ស្ថេរ​នៅ​វិញ។ មនុស្ស​នឹង​បាន​គេ​សរសើរ​តាម​ប្រាជ្ញា​របស់​ខ្លួន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​គេ​នឹង​ស្អប់​វិញ។ អ្នក​ណា​ដែល​គេ​រាប់​អាន​តិច តែ​មាន​បាវ​បំរើ នោះ​វិសេស​ជា​ជាង​មនុស្ស​ណា​ដែល​តំកើង​ខ្លួន ប៉ុន្តែខ្វះ​ខាត​អាហារ​វិញ។ មនុស្ស​សុចរិត​រមែង​ប្រណី ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ នោះ​សាហាវ​ណាស់។ អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​បាយ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​តាម​សេចក្ដី​ឥត​ប្រយោជន៍ នោះ​គ្មាន​យោបល់​វិញ។ ឯ​មនុស្ស​អាក្រក់ គេ​ចង់​បាន​របឹប​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​ឫស​របស់​មនុស្ស​សុចរិត នោះ​បង្កើត​ផល​ផ្លែ​វិញ។ មាន​អន្ទាក់​អាក្រក់ នៅ​ក្នុង​អំពើ​រំលង​របស់​បបូរ​មាត់ តែ​មនុស្ស​សុចរិត​នឹង​ចេញ​រួច​ពី​សេចក្ដី​លំបាក។ មនុស្ស​នឹង​បាន​ស្កប់​ចិត្ត​នឹង​សេចក្ដី​ល្អ ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​ខ្លួន ហើយ​កិច្ច‌ការ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​នឹង​បាន​សង​ដល់​អ្នក​នោះ​វិញ។

ចែក​រំលែក
អាន សុភាសិត 12