សុភាសិត 23:19-35

សុភាសិត 23:19-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​អើយ ចូរ​ប្រុង​ស្តាប់ ហើយ​មាន​ប្រាជ្ញា​ចុះ ត្រូវ​តម្រង់​ចិត្ត​ទៅ​តាម​ផ្លូវ។ កុំ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ‌ងោក នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។ ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល​ងាយ​ម្តាយ ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។ ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ ចូរ​ទិញ​ប្រាជ្ញា ដំបូន្មាន និង​យោបល់​ផង។ ឪពុក​របស់​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​អំណរ​ដោយ‌សារ​កូន​នោះ។ ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង បាន​រីក‌រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សម្រាល​ឯង មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។ កូន​អើយ ចូរ​ប្រគល់​ចិត្ត​កូន​មកឪពុក​ចុះ ហើយ​ឲ្យ​ភ្នែក​កូន​តាម​មើល អស់​ទាំង​ផ្លូវ​របស់ឪពុក​ដែរ។ ដ្បិត​ស្រី​ពេស្យា​ប្រៀប​ដូច​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ប្រៀប​ដូច​ជា​អណ្ដូង​ដ៏​ចង្អៀត។ នាង​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចម្រើន​អ្នក​ក្បត់ នៅ​ក្នុង​ពួក​មនុស្ស​លោក។ តើ​អ្នក​ណា​ពិបាក​ចិត្ត? តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ? តើ​អ្នក​ណា​ទាស់​ទែង​គ្នា? តើ​អ្នក​ណា​ត្អូញ‌ត្អែរ? តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ? តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម? ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​យ៉ាង​យូរ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​យ៉ាង​ខ្លាំង។ កុំ​មើល​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​មាន​ពណ៌​ក្រហម គឺ​ក្នុង​កាល​ដែល​ព្រួច​ពពុះ​នៅ​ក្នុង​កែវ ហើយ​ហូរ​ចុះ​ទៅ​ដោយ​ស្រួល​នោះ​ឡើយ។ ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់ ហើយ​អុច​ដូច​ជា​ពស់​ហនុ‌មាន។ ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ ហើយ​ចិត្ត​ឯង​នឹង​ពោល​ពាក្យ​ខូច​អាក្រក់​ដែរ។ អ្នក​នឹង​បាន​ដូច​ជា​មនុស្ស ដែល​ដេក​នៅ​កណ្ដាល​សមុទ្រ ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង។ អ្នក​នឹង​ពោល​ថា «គេ​បាន​វាយ​ខ្ញុំ តែ​ខ្ញុំ​មិន​ឈឺ គេ​បាន​សំពង​ខ្ញុំ តែ​ខ្ញុំ​មិន​ដឹង​ខ្លួន តើ​ពេលណា​ទើប​ខ្ញុំ​ដឹង​ខ្លួន? ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។

ចែក​រំលែក
អាន សុភាសិត 23

សុភាសិត 23:19-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​អើយ ចូរ​ស្ដាប់​ឪពុក នោះ​កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​ជំពាក់​ចិត្ត​នឹង​ផ្លូវ​ទៀង‌ត្រង់។ កុំ​សេព‌គប់​នឹង​មនុស្ស​ប្រមឹក ឬ​មនុស្ស​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សម្លៀក‌បំពាក់។ ចូរ​ស្ដាប់​ឪពុក ព្រោះ​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើល‌ងាយ​ម្ដាយ ក្នុង​កាល​គាត់​ចាស់​ជរា។ ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​ឲ្យ​ជាប់‌លាប់។ ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ និង​ការ​ពិចារណា ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើស‌លុប ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។ ចូរ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត ព្រោះ​តែ​កូន ហើយ​សូម​ឲ្យ​ម្ដាយ​ដែល​បាន​បង្កើត​កូន​មក មាន​អំណរ​ដ៏​លើស‌លុប។ កូន​អើយ ចូរ​ទុក​ចិត្ត​លើ​ឪពុក ហើយ​ពេញ​ចិត្ត​យក​តម្រាប់​តាម​ឪពុក។ ស្រី​ពេស្យា​ប្រៀប​បាន​នឹង​រណ្ដៅ​ដ៏​ជ្រៅ រីឯ​ប្រពន្ធ​គេ​ប្រៀប​បាន​នឹង​អណ្ដូង​ដ៏​ចង្អៀត។ ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​ឲ្យ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។ តើ​អ្នក​ដែល​ត្រូវ​គេ​មើល‌ងាយ អ្នក​ដែល​គេ​នឹក​ហួស​ចិត្ត អ្នក​ដែល​រក​រឿង​ឈ្លោះ អ្នក​រអ៊ូ‌រទាំ អ្នក​ដែល​ត្រូវ​គេ​វាយ​ដោយ​ឥត​ហេតុ អ្នក​ក្រហម​ភ្នែក​ជា​នរណា? គឺ​អ្នក​វក់​នឹង​ស្រា អ្នក​ដែល​ចូល​ចិត្ត​ស្រា​ខ្លាំង។ កុំ​ចាប់​ចិត្ត​នឹង​ស្រា​ដែល​មាន​ពណ៌​ស្រស់​ល្អ ធ្វើ​ឲ្យ​កែវ​ភ្លឺ​ថ្លា ហើយ​ហូរ​ចូល​ក្នុង​បំពង់​ក​យ៉ាង​ស្រួល​នោះ​ឡើយ។ នៅ​ទី​បំផុត ស្រា​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដូច​ពស់​អាសិរ‌ពិស​ចឹក។ ភ្នែក​របស់​អ្នក​ព្រឹល មើល​អ្វីៗ​ឃើញ​សុទ្ធ​តែ​ចម្លែក​ទាំង​អស់ ហើយ​អ្នក​នឹង​និយាយ​ឥត​ដឹង​ខុស​ត្រូវ។ អ្នក​នឹង​ប្រៀប​ដូច​ជា​មនុស្ស​ដេក​នៅ​កណ្ដាល​សមុទ្រ និង​ដូច​មនុស្ស​ដេក​នៅ​លើ​ចុង​ក្ដោង​សំពៅ។ អ្នក​នឹង​ពោល​ថា: «បើ​គេ​វាយ​ខ្ញុំ ក៏​ខ្ញុំ​មិន​ឈឺ បើ​គេ​សំពង​ខ្ញុំ ក៏​ខ្ញុំ​មិន​ដឹង​ខ្លួន​ដែរ។ ពេល​ណា​ខ្ញុំ​ដឹង​ខ្លួន ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។

ចែក​រំលែក
អាន សុភាសិត 23

សុភាសិត 23:19-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​អើយ ចូរ​ប្រុង​ស្តាប់ ហើយ​មាន​ប្រាជ្ញា​ចុះ ត្រូវ​ឲ្យ​ដំរង់​ចិត្ត​ទៅ​តាម​ផ្លូវ កុំ​ឲ្យ​នៅ​កណ្តាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក នឹង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ‌ងោក​នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។ ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល‌ងាយ​ម្តាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។ ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ អើ ទាំង​ប្រាជ្ញា សេចក្ដី​ដំបូន្មាន នឹង​យោបល់​ផង។ ឪពុក​នៃ​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​សេចក្ដី​អំណរ​ដោយ‌សារ​កូន​នោះ ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង​បាន​រីក‌រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សំរាល​ឯង​មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។ កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ ហើយ​ឲ្យ​ភ្នែក​ឯង​ពេញ​ចិត្ត​នឹង​អស់​ទាំង​ផ្លូវ​របស់​អញ​ដែរ ដ្បិត​ស្រី​សំផឹង​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ជា​រំលុង​ដ៏​ចង្អៀត អើ គេ​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចំរើន​អ្នក​ក្បត់​នៅ​ក្នុង​ពួក​មនុស្ស​លោក។ តើ​អ្នក​ណា​មាន​សេចក្ដី​ពិបាក​ចិត្ត តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ តើ​អ្នក​ណា​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តើ​អ្នក​ណា​ត្អូញ‌ត្អែរ តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម គឺ​ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​ជា​យូរ ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​លាយ​នោះ​ឯង កុំ​ឲ្យ​មើល​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​មាន​ពណ៌​ក្រហម គឺ​ក្នុង​កាល​ដែល​ព្រួច​ពពុះ​នៅ​ក្នុង​កែវ ហើយ​ហូរ​ចុះ​ទៅ​ដោយ​ស្រួល​នោះ​ឡើយ ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់​វិញ ហើយ​អុច​ដូច​ជា​ពស់​ហនុមាន​ផង ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ ហើយ​ចិត្ត​ឯង​នឹង​ពោល​សេចក្ដី​ខូច​អាក្រក់​ដែរ អើ ឯង​នឹង​បាន​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​កណ្តាល​សមុទ្រ ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង ឯង​នឹង​ថា គេ​បាន​វាយ​អញ តែ​អញ​មិន​បាន​ឈឺ​សោះ គេ​បាន​សំពង​អញ តែ​អញ​មិន​ដឹង​ទេ តើ​អញ​នឹង​ភ្ញាក់​ឡើង​វិញ​ដល់​កាល​ណា​ហ្ន៎ អញ​នឹង​ទៅ​រក​ផឹក​ទៀត។

ចែក​រំលែក
អាន សុភាសិត 23