ទំនុកតម្កើង 136:1-26

ទំនុកតម្កើង 136:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ៏​ធំ​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ៙ គឺ​ដល់​ព្រះ‌អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ​ធំៗ តែ​មួយ​ព្រះ‌អង្គ​ឯង ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា​ញាណ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​តួ​ពន្លឺ​ៗ​ធំ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ព្រះ‌អាទិត្យ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌ចន្ទ និងហ្វូង​ផ្កាយ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ៙ គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ អស់​ទាំង​កូន​ច្បង​របស់​ពួក​អេស៊ីព្ទ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​បាន​នាំ​សាសន៍​អ៊ីស្រា‌អែល ចេញ​ពី​ក្នុង​ចំណោម​ពួក‌គេ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បានញែក សមុទ្រ​ក្រហម​ចេញ​ជា​ពីរ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល ដើរ​កាត់​កណ្ដាល​សមុទ្រ​នោះ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច តែ​ព្រះ‌អង្គ​បាន​បោះ​ទម្លាក់​ផារ៉ោន ព្រម​ទាំង​ពល‌ទ័ព​របស់​ស្ដេច ទៅ​ក្នុង​សមុទ្រ​ក្រហម ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​នាំ​ប្រជា‌រាស្ត្រ របស់​ព្រះ‌អង្គ​ដើរ​កាត់​ទី​រហោ‌ស្ថាន ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ​ស្ដេច​ធំៗ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​បាន​សម្លាប់​ពួក​ស្តេច​ដ៏​ខ្លាំង​ពូកែ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ស៊ីហុន ជា​ស្តេច​នៃ​សាសន៍​អាម៉ូរី ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច និង​អុក ជា​ស្តេច​ស្រុក​បាសាន ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​ប្រគល់​ស្រុក​របស់​គេ ទុក​ជា​មត៌ក ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ជា​មត៌ក​ដល់​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ ៙ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​នឹក​ចាំ​ពី​យើង កាល​យើង​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រទាន​អាហារ ដល់​អស់​ទាំង​សាច់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ ៙ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ទំនុកតម្កើង 136:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​លើក​តម្កើង​ព្រះ​ដែល​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដែល​ខ្ពង់‌ខ្ពស់​លើស​អម្ចាស់​នានា ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ដ៏​ឧត្ដុង្គ‌ឧត្ដម​បំផុត ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​លាត​សន្ធឹង​ផែនដី​ពី​លើ​ផ្ទៃ​ទឹក ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ សម្រាប់​រះ​បំភ្លឺ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! គឺ​ព្រះ‌អាទិត្យ​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ប្រហារ​ជីវិត​កូន​ច្បង​របស់​ជន‌ជាតិ​អេស៊ីប ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីប ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះអង្គ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​ញែក​សមុទ្រ​កក់​ចេញ​ជា​ពីរ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើរ​កាត់​បាត​សមុទ្រ​នោះ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ផារ៉ោន និង​កង‌ទ័ព​របស់​ស្ដេច​លិច​លង់ ក្នុង​សមុទ្រ​កក់​នោះ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ នៅ​វាល​រហោ‌ស្ថាន ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​វាយ​ប្រហារ​ស្ដេច​មហា​អំណាច ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! គឺ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះ‌បាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ មក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទុក​ជា​មត៌ក ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! គឺ​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ព្រះអង្គ​តែងតែ​នឹក​ដល់​យើង ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​បច្ចា‌មិត្ត ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ប្រទាន​អាហារ​ដល់​សត្វ​លោក​ទាំង‌ឡាយ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

ទំនុកតម្កើង 136:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ៏​ធំ​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ធំ​តែ​១​អង្គ​ទ្រង់ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មាន ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ព្រះ‌អាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប នឹង​ព្រះ‌ចន្ទ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន សំរាប់​បំភ្លឺ នៅ​ពេល​យប់ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​ប្រហារ​ស្រុក​អេស៊ីព្ទ ចំ​លើ​អស់​ទាំង​កូន​ច្បង​របស់​គេ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ព្រម​ទាំង​នាំ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​កណ្តាល​គេ​មក ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ នឹង​ព្រះ‌ពាហុ​លើក​សំរេច ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​វែក​សមុទ្រ​ក្រហម​ចេញ​ជា​២ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ក៏​ឲ្យ​សាសន៍​អ៊ីស្រាអែល​ដើរ​កាត់​កណ្តាល​សមុទ្រ​នោះ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប តែ​បាន​រលាស់​ទំលាក់​ផារ៉ោន ព្រម​ទាំង​ពល‌ទ័ព​ទៅ​ក្នុង​សមុទ្រ​ក្រហម ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​នាំ​រាស្ត្រ​ទ្រង់​ដើរ​កាត់​ទី​រហោ‌ស្ថាន ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​ប្រហារ​ស្តេច​ដ៏​ធំ​ទាំង​ប៉ុន្មាន ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​បាន​សំឡាប់​ពួក​ស្តេច​ដែល​មាន​ល្បី​ឈ្មោះ​ផង ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ស៊ីហុន ជា​ស្តេច​នៃ​សាសន៍​អាម៉ូរី ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​នឹង​អុក ជា​ស្តេច​ស្រុក​បាសាន ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ព្រម​ទាំង​ប្រទាន​ស្រុក​គេ ទុក​ជា​មរដក ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ជា​មរដក​ដល់​អ៊ីស្រាអែល ជា​អ្នក​បំរើ​ទ្រង់ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ជា​ព្រះ​ដែល​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំ ក្នុង​កាល​ដែល​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ជា​ព្រះ​ដែល​ប្រទាន​ឲ្យ​គ្រប់​ទាំង​សាច់​មាន​អាហារ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌​ចុះ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។