រ៉ូម 8:35-39
រ៉ូម 8:35-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នកណាអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើទុក្ខលំបាក ឬសេចក្ដីវេទនា ការបៀតបៀន ការអត់ឃ្លាន ភាពអាក្រាត សេចក្តីអន្តរាយ ឬមួយដាវ? ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។ ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។ ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
រ៉ូម 8:35-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្តបាន? ទុក្ខវេទនា ឬការតប់ប្រមល់ អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់? ដូចមានចែងទុកមកថា: «ព្រោះតែព្រះអង្គ យើងត្រូវគេរកសម្លាប់ពីព្រឹកដល់ល្ងាច គេចាត់ទុកយើងដូចជាចៀមដែលត្រូវគេ យកទៅសម្លាប់» ។ ប៉ុន្តែ ក្នុងការទាំងនោះ យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។ ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទេវតា*ក្ដី វត្ថុស័ក្ដិសិទ្ធិនានាក្ដី បច្ចុប្បន្នកាលក្ដី អនាគតកាលក្ដី អំណាចនានាក្ដី អ្វីៗដែលនៅស្ថានលើក្តី នៅស្ថានក្រោមក្តី ឬអ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្តី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលព្រះអង្គបានសម្តែងឲ្យយើងឃើញក្នុងព្រះគ្រិស្តយេស៊ូ ជាអម្ចាស់នៃយើងឡើយ។
រ៉ូម 8:35-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី ដូចមានសេចក្ដីចែងទុកមកថា «យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់» គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់ ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។