Logo ya YouVersion
Elilingi ya Boluki

លូកា 3

3
ណាពី​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ប្រៀន‌ប្រដៅ​បណ្ដា‌ជន
1នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជ‌កាល​ស្តេច‌អធិរាជ​រ៉ូម៉ាំង ឈ្មោះ​ទីប៊ើរ លោក​ប៉ុនទាស-ពីឡាត​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ស្តេច​ហេរ៉ូដ​ជា​អ្នក​គ្រប់‌គ្រង​ស្រុក​កាលី‌ឡេ ស្តេច​ភីលីព​ជា​ប្អូន​របស់​ស្តេច​ហេរ៉ូដ ជា​អ្នក​គ្រប់‌គ្រង​តំបន់​អ៊ីទូ‌រេ និង​តំបន់​ត្រាខូ‌នីត ស្តេច​លីសានាស​ជា​អ្នក​គ្រប់‌គ្រង​ស្រុក​អាប៊ី‌ឡែន 2លោក​អាណ និង​លោក​កៃផាស​ធ្វើ​ជា​មូស្ទ។ ពេល​នោះ អុលឡោះ​មាន​បន្ទូល​មក​កាន់​យ៉ះយ៉ា ជា​កូន​របស់​សាកា‌រីយ៉ា នៅ​ក្នុង​វាល​រហោ‌ស្ថាន។ 3យ៉ះយ៉ា​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ឲ្យ​មនុស្ស​កែ​ប្រែ​ចិត្ដ​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​អុលឡោះ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។ 4គាត់​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ណាពី​អេសាយថា៖
«មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង
នៅ​វាល​រហោ‌ស្ថាន​ថាៈ
ចូរ​រៀប‌ចំ​ផ្លូវ​របស់​អម្ចាស់
ចូរ​តម្រង់​ផ្លូវ​ឲ្យ​គាត់។
5 ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ឲ្យ​រាប​ស្មើ
និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប
ត្រូវ​តម្រង់​ផ្លូវ​កោង​ឲ្យ​ត្រង់
ព្រម​ទាំង​លុប​ផ្លូវ​រដិប‌រដុប​ឲ្យ​រាប​ស្មើ​ដែរ
6 នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ
របស់​អុលឡោះ»។
7យ៉ះយ៉ា​តែងតែ​បន្ទោស​មហា‌ជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​គេច​ពី​កំហឹង​របស់​អុលឡោះ ដែល​ជិត​មក​ដល់​ដូច្នេះ?។ 8ចូរ​ប្រព្រឹត្ដ​អំពើ​ល្អ​ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ដ​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា មាន​អ៊ីព្រ‌ហ៊ីម​ជា​បុព្វ‌បុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ ទៅ​ជា​កូន​ចៅ​អ៊ីព្រ‌ហ៊ីម​បាន​ដែរ។ 9ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច​ហើយ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​បោះ​ទៅ​ក្នុង​ភ្លើង»។ 10មហា‌ជន​សួរ​យ៉ះយ៉ា​ថា៖ «បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ 11យ៉ះយ៉ា​តប​ទៅ​ពួក​គេ​វិញ​ថា៖ «អ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​ឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​ឲ្យ​អ្នក​គ្មាន​ដែរ»។ 12មាន​អ្នក​ទារ​ពន្ធ​ខ្លះ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​សួរ​យ៉ះយ៉ា​ថា៖ «តួន​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ 13គាត់​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កំរិត ដែល​មាន​កំណត់​ទុក​នោះ​ឡើយ»។ 14មាន​ទាហាន​មក​សួរ​យ៉ះយ៉ា​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​ត្រូវ​ធ្វើ​អ្វី​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «កុំ​ចោទ​ប្រកាន់ កុំ​សង្កត់‌សង្កិន​យក​ប្រាក់​ពី​អ្នក​ណា​ឲ្យ​សោះ ត្រូវ​ស្កប់​ចិត្ដ​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​បាន​ហើយ»។
15ប្រជា‌ជន​នៅ​តែ​រង់‌ចាំ ហើយ​គេ​រិះ‌គិត​ក្នុង​ចិត្ដ​គ្រប់​ៗ​គ្នា​ថា ប្រហែល​គាត់​ទេ​ដឹង​ជា​អាល់ម៉ា‌ហ្សៀស!។ 16យ៉ះយ៉ា​មាន​ប្រសាសន៍​ប្រាប់​គេ​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ប៉ុន្តែ​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​គាត់ ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​គាត់​ផង គាត់​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​រស‌អុលឡោះ​ដ៏‌វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ 17គាត់​កាន់​ចង្អេរ គាត់​សំអាត​លាន​បោក​ស្រូវ ដើម្បី​អុំ​ស្រូវ យក​គ្រាប់​ល្អ​ប្រមូល​ដាក់​ជង្រុក រីឯ​គ្រាប់​ស្កក វិញ​គាត់​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។ 18យ៉ះយ៉ា​ប្រកាស​ដំណឹង‌ល្អ​ដល់​ប្រជា‌ជន ដោយ​ពាក្យ​ដាស់‌តឿន​ជា​ច្រើន​ទៀត​ផង។ 19យ៉ះយ៉ា​ស្ដី​បន្ទោស​ស្តេច​ហេរ៉ូដ​ថែម​ទៀត ព្រោះ​ស្តេច​បាន​យក​នាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ប្អូន​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ស្តេច​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត យ៉ះយ៉ា​ស្ដី​បន្ទោស​ស្តេច​ហេរ៉ូដ ព្រោះ​ស្តេច​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។ 20ស្តេច​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​យ៉ះយ៉ា​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង។
ណាពី​អ៊ីសា​ទទួល​ពិធី​ជ្រមុជ​ទឹក
21ពេល​ប្រជា‌ជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ អ៊ីសា​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​អ៊ីសា​កំពុង​ទូរអ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ 22ហើយ​រស‌អុលឡោះ​ដ៏‌វិសុទ្ធ​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​អ៊ីសា។ មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «អ្នក​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​អ្នក​ណាស់»។
បញ្ជី​រាយ​នាម​ជីតា​របស់​ណាពី​អ៊ីសា
23កាល​អ៊ីសា​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​អុលឡោះ គាត់​មាន​វ័យ​ប្រមាណ​សាម‌សិប​ឆ្នាំ។ តាម​គេ​ស្មាន អ៊ីសា​ជា​កូន​របស់​យូសុះ ដែល​យូសុះ​ត្រូវ​ជា​កូន​លោក​ហេលី 24លោក​ហេលី​ជា​កូន​លោក​ម៉ាត់‌ថាត់ លោក​ម៉ាត់‌ថាត់​ជា​កូន​លោក​លេវី លោក​លេវី​ជា​កូន​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​កូន​លោក​យ៉ាណាយ លោក​យ៉ាណាយ​ជា​កូន​យូសុះ 25យូសុះ​ជា​កូន​លោក​ម៉ាតាធាស លោក​ម៉ាតាធាស​ជា​កូន​លោក​ហាម៉ូស លោក​ហាម៉ូស​ជា​កូន​លោក​ណាអ៊ូម លោក​ណាអ៊ូម​ជា​កូន​លោក​អែសលី លោក​អែសលី​ជា​កូន​លោក​ណាកាយ 26លោក​ណាកាយ​ជា​កូន​លោក​ម៉ាអាត លោក​ម៉ាអាត​ជា​កូន​លោក​ម៉ាតាធាល លោក​ម៉ាតាធាល​ជា​កូន​លោក​សេម៉ី លោក​សេម៉ី​ជា​កូន​យូសុះ យូសុះ​ជា​កូន​លោក​យូដា 27លោក​យូដា​ជា​កូន​លោក​យ៉ូអាណាន់ លោក​យ៉ូអាណាន់​ជា​កូន​លោក​រេសា លោក​រេសា​ជា​កូន​លោក​សូរ៉ូបា‌បិល លោក​សូរ៉ូបា‌បិល​ជា​កូន​លោក​សាល‌ធាល លោក​សាល‌ធាល​ជា​កូន​លោក​នេរី 28លោក​នេរី​ជា​កូន​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​កូន​លោក​អ័តឌី លោក​អ័តឌី​ជា​កូន​លោក​កូសាម លោក​កូសាម​ជា​កូន​លោក​អែល‌ម៉ូដាម លោក​អែល‌ម៉ូដាម​ជា​កូន​លោក​អ៊ើរ 29លោក​អ៊ើរ​ជា​កូន​លោក​យ៉ូសេ្វ លោក​យ៉ូសេ្វ​ជា​កូន​លោក​អេលា‌ស៊ើរ លោក​អេលា‌ស៊ើរ​ជា​កូន​លោក​យ៉ូរីម លោក​យ៉ូរីម​ជា​កូន​លោក​ម៉ាត់‌ថាត់ លោក​ម៉ាត់ ថាត់​ជា​កូន​លោក​លេវី 30លោក​លេវី​ជា​កូន​លោក​ស៊ីម្មាន លោក​ស៊ីម្មាន​ជា​កូន​លោក​យូដា លោក​យូដា​ជា​កូន​យូសុះ យូសុះ​ជា​កូន​លោក​យ៉ះយ៉ា លោក​យ៉ះយ៉ា​ជា​កូន​លោក​អេលា‌គីម 31លោក​អេលា‌គីម​ជា​កូន​លោក​មេលាស លោក​មេលាស​ជា​កូន​លោក​ម៉ៃណាន លោក​ម៉ៃណាន​ជា​កូន​លោក​ម៉ាតា‌ថា លោក​ម៉ាតា‌ថា​ជា​កូន​លោក​ណាថាន់ លោក​ណាថាន់​ជា​កូន​ទត 32ទត​ជា​កូន​អ៊ីសាយ អ៊ីសាយ​ជា​កូន​លោក​អូបេដ លោក​អូបេដ​ជា​កូន​លោក​បូអូស លោក​បូអូស​ជា​កូន​លោក​សាលម៉ូន លោក​សាលម៉ូន​ជា​កូន​លោក​ណាសូន 33លោក​ណាសូន​ជា​កូន​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​ជា​កូន​លោក​អើ‌រ៉ាម លោក​អើ‌រ៉ាម​ជា​កូន​លោក​អ័រនី លោក​អ័រនី​ជា​កូន​លោក​អែសរ៉ូម លោក​អែសរ៉ូម​ជា​កូន​លោក​ពេរេស លោក​ពេរេស​ជា​កូន​លោក​យូដា 34លោក​យូដា​ជា​កូន​ណាពី​យ៉ាកកូប យ៉ាកកូប​ជា​កូន​ណាពី​អ៊ីសា‌ហាក់ អ៊ីសា‌ហាក់​ជា​កូន​ណាពី​អ៊ីព្រ‌ហ៊ីម អ៊ីព្រ‌ហ៊ីម​ជា​កូន​លោក​ថេរ៉ា លោក​ថេរ៉ា​ជា​កូន​លោក​ណាឃរ 35លោក​ណាឃរ​ជា​កូន​លោក​សេរូក លោក​សេរូក​ជា​កូន​លោក​រេហ៊ូវ លោក​រេហ៊ូវ​ជា​កូន​លោក​ផាលេក លោក​ផាលេក​ជា​កូន​លោក​ហេប៊ើរ លោក​ហេប៊ើរ​ជា​កូន​លោក​សេឡា 36លោក​សេឡា​ជា​កូន​លោក​កៃណាន លោក​កៃណាន​ជា​កូន​លោក​អើប៉ាក‌សាដ លោក​អើប៉ាក‌សាដ​ជា​កូន​លោក​សិម លោក​សិម​ជា​កូន​ណាពី​ណុះហ៍ ណាពី​ណុះហ៍​ជា​កូន​លោក​ឡា‌ម៉េក 37លោក​ឡា‌ម៉េក​ជា​កូន​លោក​មធូ‌សាឡា លោក​មធូ‌សាឡា​ជា​កូន​លោក​ហេណុក លោក​ហេណុក​ជា​កូន​លោក​យ៉ារ៉េដ លោក​យ៉ារ៉េដ​ជា​កូន​លោក​ម៉ាលេ‌លាល លោក​ម៉ាលេ‌លាល​ជា​កូន​លោក​កៃណាន 38លោក​កៃណាន​ជា​កូន​លោក​អេណុស លោក​អេណុស​ជា​កូន​លោក​សេថ លោក​សេថ​ជា​កូន​អាដាម ហើយ​អាដាម​ជា​មនុស្ស​ដំបូង​ដែល​អុលឡោះ​បង្កើត​មក។

Currently Selected:

លូកា 3: អគត

Tya elembo

Kabola

Copy

None

Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo