លូកា 4
4
ណាពីអ៊ីសាឈ្នះការល្បួង
1អ៊ីសាបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ គាត់ត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយរសអុលឡោះនាំគាត់ទៅវាលរហោស្ថាន។ 2នៅទីនោះ អ៊ីសាត្រូវអ៊ីព្លេសហ្សៃតនល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះ អ៊ីសាពុំពិសាអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបអ៊ីសាឃ្លាន។ 3អ៊ីព្លេសជម្រាបអ៊ីសាថា៖ «ប្រសិនបើអ្នកពិតជាបុត្រារបស់អុលឡោះមែន សូមធ្វើឲ្យដុំថ្មនេះទៅជានំបុ័ងមើល៍»។ 4អ៊ីសាឆ្លើយទៅវិញថា៖ «ក្នុងគីតាបមានចែងថា មនុស្សមិនមែនរស់ដោយសារតែអាហារ»។
5អ៊ីព្លេសនាំអ៊ីសាទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញ នគរទាំងប៉ុន្មាននៅលើផែនដីឲ្យអ៊ីសាឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ 6អ៊ីព្លេសហ្សៃតនជម្រាបអ៊ីសាថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះឲ្យអ្នក ដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំ ខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បានស្រេចតែនឹងចិត្ដខ្ញុំ។ 7ដូច្នេះ ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ សម្បត្តិទាំងនោះនឹងបានជារបស់អ្នកហើយ»។ 8អ៊ីសាឆ្លើយទៅវិញថា៖ «ក្នុងគីតាបមានចែងថា “អ្នកត្រូវតែថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក និងគោរពបម្រើតែទ្រង់ប៉ុណ្ណោះ”»។
9បន្ទាប់មក អ៊ីព្លេសនាំអ៊ីសាទៅក្រុងយេរូសាឡឹមដាក់គាត់លើកំពូលម៉ាស្ជិទ ហើយជម្រាបថា៖ «ប្រសិនបើអ្នកពិតជាបុត្រារបស់អុលឡោះមែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ 10ដ្បិតក្នុងគីតាបមានចែងថា “អុលឡោះនឹងបញ្ជាឲ្យម៉ាឡាអ៊ីកាត់ថែរក្សាអ្នក 11ហើយម៉ាឡាអ៊ីកាត់ទាំងនោះនឹងចាំទ្រអ្នក មិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ” »។ 12អ៊ីសាឆ្លើយទៅអ៊ីព្លេសវិញថា៖ «ក្នុងគីតាបមានចែងថា កុំល្បងលអុលឡោះតាអាឡាជាម្ចាស់ឡើយ»។ 13លុះអ៊ីព្លេសល្បួងអ៊ីសាសព្វបែបយ៉ាងហើយ វាក៏ថយចេញឆ្ងាយពីអ៊ីសាទៅ រហូតដល់ពេលកំណត់។
ណាពីអ៊ីសាចាប់ផ្ដើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលគាត់
14អ៊ីសាត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់រសអុលឡោះ នាមអ៊ីសាឮល្បីល្បាញពាសពេញតំបន់នោះ។ 15អ៊ីសាបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ គេសរសើរតម្កើងសិរីរុងរឿងគាត់គ្រប់ៗគ្នា។
16អ៊ីសាទៅភូមិណាសារ៉ែត ជាភូមិដែលគាត់នៅកាលពីកុមារ។ នៅថ្ងៃជំអាត់ អ៊ីសាទៅសាលាប្រជុំតាមទម្លាប់របស់គាត់។ អ៊ីសាក្រោកឈរឡើង ដើម្បីអានគីតាប។ 17គេបានយកគីតាបរបស់ណាពអេសាយមកឲ្យអ៊ីសា អ៊ីសាបើកគីតាបត្រង់អាយិតមួយ ដែលមានចែងថា៖
18 «រសរបស់អុលឡោះជាអម្ចាស់សណ្ឋិតលើខ្ញុំ។
ទ្រង់បានតែងតាំងខ្ញុំ
ឲ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
ទ្រង់បានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់
ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព
ហើយប្រាប់មនុស្សខ្វាក់ថា
គេនឹងឃើញវិញ។
អុលឡោះបានចាត់ខ្ញុំឲ្យមករំដោះ
អស់អ្នកដែលត្រូវគេសង្កត់សង្កិន
19 ព្រមទាំងប្រកាសអំពីឆ្នាំដែលអុលឡោះជាអម្ចាស់
សំដែងចិត្តមេត្ដាករុណា»។
20លុះអានចប់ហើយ អ៊ីសាបិទគីតាប ប្រគល់ទៅអ្នកថែរក្សា រួចគាត់អង្គុយចុះវិញ។ មនុស្សគ្រប់ៗគ្នានៅក្នុងសាលាប្រជុំ សម្លឹងមើលអ៊ីសា។ 21អ៊ីសាមានប្រសាសន៍ថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគីតាប ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។ 22ឮដូច្នេះ គេស្ងើចសរសើរអ៊ីសាគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីប្រសាសន៍ ប្រកបដោយចិត្តប្រណីសន្ដោស ដែលហូរចេញពីមាត់របស់អ៊ីសា។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយូសុះទេឬ?»។ 23អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។
24អ៊ីសាមានប្រសាសន៍ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានណាពណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ 25ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់ណាពីអេលីយ៉េសមេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលឲ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រអែលមានស្ដ្រីមេម៉ាយជាច្រើន។ 26ក៏ប៉ុន្តែ អុលឡោះពុំបានចាត់ណាពីអេលីយ៉េស ឲ្យទៅជួយស្ដ្រីមេម៉ាយណាម្នាក់នៅស្រុកអ៊ីស្រអែលឡើយ គឺទ្រង់បានចាត់គាត់ឲ្យទៅជួយស្ដ្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ 27នៅជំនាន់ណាពីអេលីយ៉ាសាក់ មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
28កាលបានឮពាក្យទាំងនេះ អ្នកនៅក្នុងសាលាប្រជុំទាំងប៉ុន្មាន ខឹងអ៊ីសាគ្រប់ៗគ្នា។ 29គេក្រោកឡើងចាប់ប្រអូសប្រទាញអ៊ីសា ចេញពីភូមិដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានគាត់ទម្លាក់ទៅក្រោម។ 30ប៉ុន្តែ អ៊ីសាចេញពីកណ្ដាលចំណោមគេបាត់ទៅ។
ណាពីអ៊ីសាដេញអ៊ីព្លេសចេញពីមនុស្សម្នាក់
31អ៊ីសាទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ អ៊ីសាបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃជំអាត់។ 32មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទ ដែលអ៊ីសាបង្រៀន ព្រោះគាត់មានប្រសាសន៍ប្រកបដោយអំណាច។ 33នៅក្នុងសាលាប្រជុំ មានបុរសម្នាក់ ដែលមានអ៊ីព្លេសនៅក្នុងខ្លួន ស្រែកឡើងខ្លាំងៗថា៖ 34«អ៊ីសា ជាអ្នកភូមិណាសារ៉ែតអើយ! តើអ្នកចង់ធ្វើអ្វីយើង? អ្នកមកបំផ្លាញយើង! ខ្ញុំស្គាល់អ្នកហើយ អ្នកជាអម្ចាស់ដ៏វិសុទ្ធដែលមកពីអុលឡោះ»។ 35អ៊ីសា គំរាមអ៊ីព្លេសនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អ៊ីព្លេសក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជនរួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ 36មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសំដីរបស់អ្នកនេះអីក៏ពូកែម៉្លេះ មើល៍គាត់មានអំណាច អាចបញ្ជាទៅអ៊ីព្លេសឲ្យវាចេញ ហើយវាធ្វើតាម»។ 37បន្ទាប់មក កិត្ដិនាមរបស់អ៊ីសាល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ។
ណាពីអ៊ីសាប្រោសអ្នកជំងឺជាច្រើនឲ្យជា
38អ៊ីសាចេញពីសាលាប្រជុំ ទៅផ្ទះលោកស៊ីម៉ូន ពេលនោះ ម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង គេសុំអ៊ីសាមេត្ដាប្រោសគាត់ឲ្យបានជា។ 39អ៊ីសាអោនទៅលើអ្នកជំងឺ អ៊ីសាគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏បានជា។ រំពេចនោះ គាត់ក្រោកឡើងបម្រើភ្ញៀវ។
40នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកអ៊ីសា។ អ៊ីសាដាក់ដៃលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជាសះស្បើយគ្រប់ៗគ្នា។ 41មានអ៊ីព្លេសចេញពីមនុស្សជាច្រើនទាំងស្រែកថា៖ «អ្នកជាបុត្រារបស់អុលឡោះ»។ ប៉ុន្តែ អ៊ីសាគំរាមអ៊ីព្លេសទាំងនោះ មិនឲ្យនិយាយជាដាច់ខាត ព្រោះពួកវាដឹងថា អ៊ីសាជាអាល់ម៉ាហ្សៀស។
42លុះព្រលឹមឡើង អ៊ីសាចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកគាត់។ លុះជួបហើយ គេឃាត់អ៊ីសាឲ្យនៅជាមួយ មិនចង់ឲ្យចាកចោលគេឡើយ។ 43ប៉ុន្តែ អ៊ីសាប្រាប់ទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អអំពីនគររបស់អុលឡោះទៅក្រុងឯទៀតៗដែរ ដ្បិតអុលឡោះបានចាត់ខ្ញុំឲ្យមកបំពេញការនេះឯង»។
44បន្ទាប់មក អ៊ីសាប្រកាសដំណឹងល្អតាមសាលាប្រជុំនានា ក្នុងស្រុកកាលីឡេ។
Currently Selected:
លូកា 4: អគត
Tya elembo
Kabola
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fln.png&w=128&q=75)
Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
© 2014 United Bible Societies, UK.