លោកុប្បត្តិ 8
8
ទឹកជំនន់ស្រកចុះ
1ព្រះបាននឹកចាំណូអេ និងអស់ទាំងសត្វព្រៃសត្វស្រុកដែលនៅជាមួយគាត់ក្នុងទូកធំ។ ព្រះទ្រង់ធ្វើឲ្យខ្យល់បក់កាត់លើផែនដី នោះទឹកក៏ចាប់ផ្ដើមស្រក។ 2រីឯប្រភពទឹកនៃទីជម្រៅ និងបង្អួចនៃមេឃក៏ត្រូវបានបិទ ហើយភ្លៀងពីលើមេឃក៏រាំង។ 3ទឹកបានថយចេញពីលើផែនដីជាលំដាប់ លុះផុតមួយរយហាសិបថ្ងៃ ទឹកក៏បានស្រកចុះ។ 4នៅថ្ងៃទី១៧ ខែទីប្រាំពីរ ទូកធំកឿងនៅលើភ្នំអារ៉ារ៉ាត។
5ទឹកបានស្រកចុះជាលំដាប់រហូតដល់ខែទីដប់។ នៅថ្ងៃទី១ ខែទីដប់ កំពូលភ្នំនានាបានលេចឡើង។ 6លុះផុតសែសិបថ្ងៃទៀត ណូអេក៏បើកបង្អួចរបស់ទូកធំដែលគាត់បានធ្វើ 7ហើយលែងក្អែកមួយ វាក៏ហើរទៅមករហូតដល់ទឹកបានរីងស្ងួតពីផែនដី។ 8បន្ទាប់មក គាត់លែងព្រាបមួយដែលនៅជាមួយគាត់ ដើម្បីមើលថាទឹកបានស្រកពីផ្ទៃផែនដីហើយឬនៅ 9ប៉ុន្តែព្រាបនោះរកទីសម្រាកសម្រាប់បាតជើងវាមិនបានឡើយ។ វាបានត្រឡប់មករកគាត់ក្នុងទូកធំវិញ ដ្បិតនៅតែមានទឹកនៅលើផ្ទៃផែនដីទាំងមូល គាត់ក៏លូកដៃទៅចាប់វា ហើយយកវាមកក្នុងទូកធំជាមួយគាត់វិញ។ 10គាត់បានរង់ចាំប្រាំពីរថ្ងៃទៀត ហើយលែងព្រាបនោះពីទូកធំម្ដងទៀត។ 11លុះដល់ពេលល្ងាច ព្រាបនោះក៏មករកគាត់វិញ នោះមើល៍! មានស្លឹកអូលីវស្រស់នៅក្នុងមាត់វា! ដូច្នេះ ណូអេបានដឹងថាទឹកបានស្រកពីផែនដីហើយ។ 12គាត់បានរង់ចាំប្រាំពីរថ្ងៃទៀត ហើយលែងព្រាបនោះ តែវាមិនត្រឡប់មករកគាត់វិញទៀតឡើយ។ 13នៅថ្ងៃទី១ ខែទីមួយ ឆ្នាំទីប្រាំមួយរយមួយ ទឹកបានស្ងួតអស់ពីផែនដី។ ណូអេក៏ដកគម្របទូកធំចេញ ហើយមើល នោះមើល៍! ផ្ទៃផែនដីបានស្ងួតអស់ហើយ។ 14នៅថ្ងៃទី២៧ ខែទីពីរ ផែនដីបានស្ងួតទាំងស្រុង។
សេចក្ដីសន្យារបស់ព្រះ
15បន្ទាប់មក ព្រះមានបន្ទូលនឹងណូអេថា៖ 16“ចូរចេញពីទូកធំមក ទាំងអ្នក ប្រពន្ធរបស់អ្នក ពួកកូនប្រុសរបស់អ្នក និងប្រពន្ធរបស់ពួកកូនប្រុសអ្នកដែលនៅជាមួយអ្នកផង។ 17ចូរនាំអស់ទាំងសត្វមានជីវិតនៃគ្រប់ទាំងសាច់ដែលនៅជាមួយអ្នក ចេញមកជាមួយអ្នក ទាំងបក្សាបក្សី សត្វជើងបួន និងអស់ទាំងសត្វលូនវារដែលលូនវារលើដី ដើម្បីឲ្យវាបានពាសពេញលើផែនដី ព្រមទាំងបង្កើតកូន និងកើនចំនួនឡើងលើផែនដីផង”។ 18ដូច្នេះ ណូអេក៏ចេញមក ទាំងពួកកូនប្រុសរបស់គាត់ ប្រពន្ធរបស់គាត់ និងប្រពន្ធរបស់ពួកកូនប្រុសគាត់ដែលនៅជាមួយគាត់។ 19សត្វព្រៃទាំងអស់ សត្វលូនវារទាំងអស់ បក្សាបក្សីទាំងអស់ គឺអស់ទាំងសត្វដែលរវើកលើផែនដីបានចេញពីទូកធំមកតាមពូជរបស់វា។
20បន្ទាប់មក ណូអេបានសង់អាសនាមួយដល់ព្រះយេហូវ៉ា ហើយយកពីអស់ទាំងសត្វជើងបួនបរិសុទ្ធ និងពីអស់ទាំងបក្សាបក្សីបរិសុទ្ធ មកថ្វាយជាតង្វាយដុតនៅលើអាសនានោះ។ 21ព្រះយេហូវ៉ាទ្រង់ធុំក្លិនក្រអូបពិដោរ នោះព្រះយេហូវ៉ាមានបន្ទូលក្នុងព្រះហឫទ័យព្រះអង្គថា៖ “យើងនឹងមិនដាក់បណ្ដាសាដីដោយសារតែមនុស្សទៀតឡើយ ដ្បិតបំណងនៃចិត្តរបស់មនុស្សតែងតែអាក្រក់តាំងពីក្មេងមក ដូច្នេះយើងនឹងមិនសម្លាប់គ្រប់ទាំងអ្វីៗដែលមានជីវិតទៀត ដូចដែលយើងបានធ្វើនោះឡើយ។
22ដរាបណានៅមានផែនដី
រដូវសាបព្រោះ និងរដូវច្រូតកាត់
ត្រជាក់ និងក្ដៅ
រដូវក្ដៅ និងរដូវរងា
ថ្ងៃ និងយប់
នឹងមិនឈប់មានឡើយ”៕
Voafantina amin'izao fotoana izao:
លោកុប្បត្តិ 8: GKHB
Asongadina
Hizara
Dika mitovy
Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative