Matthew 2
2
1 កាលព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា នៅក្នុងរាជ្យស្ដេចហេរ៉ូឌ នោះមានពួកតារាវិទូពីទិសខាងកើតបានចូលមកដល់ក្រុងយេរូសាឡិម
2 សួរគេថា៖ «តើព្រះអង្គដែលប្រសូតមកជាស្ដេចជនជាតិយូដានោះ នៅឯណា? ដ្បិតយើងបានឃើញផ្កាយរបស់ព្រះអង្គនៅទិសខាងកើត ហើយយើងមកដើម្បីថ្វាយបង្គំព្រះអង្គ»។
3 ពេលឮដូច្នេះ ស្ដេចហេរ៉ូឌ និងមនុស្សទាំងអស់នៅក្នុងក្រុងយេរូសាឡិម ក៏ព្រួយចិត្តជាមួយស្ដេចដែរ។
4 ពេលកោះប្រជុំពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យទាំងអស់របស់ប្រជាជន ស្ដេចបានសួរពួកគេពីកន្លែងដែលព្រះគ្រិស្ដប្រសូត
5 គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតដូចបានចែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា
6 នែភូមិបេថ្លេហិមក្នុងស្រុកយូដាអើយ ក្នុងចំណោមអ្នកគ្រប់គ្រងស្រុកយូដា អ្នកមិនអន់ជាងគេឡើយ ព្រោះនឹងមានអ្នកគ្រប់គ្រងម្នាក់ចេញពីអ្នកមក ហើយគ្រប់គ្រងលើអ៊ីស្រាអែលជាប្រជាជនយើង»។
7 បន្ទាប់មក ស្ដេចហេរ៉ូឌបានហៅពួកតារាវិទូមកជាសម្ងាត់ ដើម្បីសួរបញ្ជាក់គេពីពេលវេលាដែលផ្កាយរះឡើង។
8 ពេលចាត់ពួកតារាវិទូទាំងនោះទៅភូមិបេថ្លេហិម ស្ដេចមានបន្ទូលថា៖ «ចូរទៅសាកសួរពីបុត្រតូចនោះឲ្យបានច្បាស់ ពេលអ្នករាល់គ្នារកឃើញហើយ សូមប្រាប់ខ្ញុំផង ដើម្បីឲ្យខ្ញុំទៅថ្វាយបង្គំព្រះអង្គដែរ»
9 ដូច្នេះ គេក៏ស្ដាប់តាមស្ដេច ហើយចេញទៅ ឯផ្កាយដែលគេឃើញនៅទិសខាងកើតនោះបាននាំមុខពួកគេ រហូតមកដល់កន្លែងដែលបុត្រតូចនៅ ហើយក៏ឈប់នៅចំពីលើនោះ
10 កាលបានឃើញផ្កាយនោះ ពួកគេមានសេចក្ដីត្រេកអរ និងរីករាយជាខ្លាំង
11 ពេលចូលមកក្នុងផ្ទះ ពួកគេក៏ឃើញបុត្រតូចនៅជាមួយនាងម៉ារាជាម្ដាយ ពួកគេក៏ក្រាបថ្វាយបង្គំព្រះអង្គ ព្រមទាំងបើកយកទ្រព្យសម្បត្ដិរបស់ខ្លួនថ្វាយដល់ព្រះអង្គជាតង្វាយ មានមាស កំញ៉ាន និងជ័រក្រអូប។
12 រួចពួកគេក៏វិលត្រលប់ទៅស្រុករបស់ខ្លួនវិញតាមផ្លូវមួយផ្សេងទៀត ព្រោះពួកគេបានទទួលការព្រមានក្នុងយល់សប្ដិ មិនឲ្យត្រលប់ទៅឯស្ដេចហេរ៉ូឌវិញ។
13 ពេលពួកតារាវិទូចេញផុត នោះទេវតារបស់ព្រះអម្ចាស់បានលេចឲ្យលោកយ៉ូសែបឃើញក្នុងយល់សប្ដិ ដោយនិយាយថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយគេចខ្លួនទៅស្រុកអេស៊ីព្ទ ហើយនៅទីនោះរហូតដល់ខ្ញុំប្រាប់អ្នកម្ដងទៀត ដ្បិតស្ដេចហេរ៉ូឌរកសម្លាប់បុត្រតូចនេះហើយ»
14 ដូច្នេះ គាត់ក៏ក្រោកឡើង នាំបុត្រតូច និងម្ដាយចេញដំណើរទៅស្រុកអេស៊ីព្ទទាំងយប់
15 ហើយបាននៅទីនោះ រហូតដល់ស្ដេចហេរ៉ូឌស្លាប់ ដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងបានហៅកូនយើងចេញពីស្រុកអេស៊ីព្ទមក»។
16 បន្ទាប់ពីស្ដេចហេរ៉ូឌដឹងថាចាញ់បោកពួកតារាវិទូ ក៏ខឹងយ៉ាងខ្លាំង រួចបានចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសទាំងអស់ ចាប់ពីអាយុពីរឆ្នាំចុះ ទាំងនៅក្នុងភូមិបេថ្លេហិម និងនៅក្បែរភូមិនោះ យោងតាមពេលវេលាដែលស្ដេចបានសួរបញ្ជាក់ពួកតារាវិទូ។
17 ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖
18 «គេឮសំឡេងនៅភូមិរ៉ាម៉ា ជាការទ្រហោយំ និងការកាន់ទុក្ខសោកសៅ ឯនាងរ៉ាជែលទ្រហោយំដោយព្រោះកូនឥតក្សាន្តចិត្តសោះ ដ្បិតកូនរបស់នាងបានស្លាប់អស់ហើយ»។
19 ពេលស្ដេចហេរ៉ូឌស្លាប់ហើយ ទេវតារបស់ព្រះអម្ចាស់ក៏លេចមកឲ្យលោកយ៉ូសែបឃើញក្នុងយល់សប្ដិនៅស្រុកអេស៊ីព្ទ
20 ដោយប្រាប់ថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយទៅស្រុកអ៊ីស្រាអែលវិញ ព្រោះអ្នកដែលរកសម្លាប់បុត្រតូចនេះបានស្លាប់ហើយ»។
21 ដូច្នេះគាត់បានក្រោកឡើង នាំបុត្រតូច និងម្ដាយចូលក្នុងស្រុកអ៊ីស្រាអែលវិញ
22 ប៉ុន្ដែ ពេលគាត់ឮថាស្ដេចអើខេឡោសសោយរាជ្យនៅស្រុកយូដាបន្តពីហេរ៉ូឌជាបិតានោះ គាត់មិនហ៊ានទៅទីនោះទេ ហើយដោយមានការព្រមាននៅក្នុងយល់សប្ដិ គាត់បានចេញដំណើរទៅស្រុកកាលីឡេវិញ
23 ពេលមកដល់ គាត់បានតាំងលំនៅក្នុងក្រុងមួយឈ្មោះណាសារ៉ែត ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «គេនឹងហៅព្រះអង្គថាអ្នកក្រុងណាសារ៉ែត»។
လက္ရွိေရြးခ်ယ္ထားမွု
Matthew 2: KCB
အေရာင္မွတ္ခ်က္
မၽွေဝရန္
ကူးယူ
မိမိစက္ကိရိယာအားလုံးတြင္ မိမိအေရာင္ခ်ယ္ေသာအရာမ်ားကို သိမ္းဆည္းထားလိုပါသလား။ စာရင္းသြင္းပါ (သို႔) အေကာင့္ဝင္လိုက္ပါ
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.