Matthew 5
5
1 កាលបានឃើញបណ្ដាជន ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយចុះ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គ
2 រួចព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖
3 «មានពរហើយ អស់អ្នកដែលមានសេចក្ដីកម្សត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
4 មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងទទួលការកម្សាន្ដចិត្ដ។
5 មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងបានផែនដីជាមរតក។
6 មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។
7 មានពរហើយ អស់អ្នកដែលមានចិត្ដមេត្ដា ដ្បិតអ្នកទាំងនោះនឹងទទួលសេចក្ដីមេត្ដា។
8 មានពរហើយ អស់អ្នកមានចិត្ដបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះជាម្ចាស់។
9 មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងត្រូវបានហៅថាជាកូនរបស់ព្រះជាម្ចាស់។
10 មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀនដោយព្រោះតែសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
11 អ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរ បៀតបៀន និយាយអាក្រក់បង្ខូចអ្នករាល់គ្នាគ្រប់បែបយ៉ាងដោយព្រោះខ្ញុំ។
12 ចូរមានអំណរ ហើយរីករាយជាខ្លាំងឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ព្រោះគេបានបៀតបៀនអ្នកនាំព្រះបន្ទូលដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ។
13 អ្នករាល់គ្នាជាអំបិលនៃផែនដី ប៉ុន្ដែបើអំបិលបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យប្រៃវិញបាន? វាគ្មានប្រយោជន៍អ្វីទៀតទេ មានតែបោះចោលឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ
14 អ្នករាល់គ្នាជាពន្លឺនៃលោកិយ ទីក្រុងដែលតាំងនៅលើភ្នំមិនអាចលាក់បាំងបានទេ
15 ក៏គ្មានអ្នកណាអុជចង្កៀងដាក់នៅក្រោមថាំងដែរ គឺដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យភ្លឺដល់មនុស្សទាំងអស់នៅក្នុងផ្ទះ។
16 ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
17 កុំគិតថា ខ្ញុំមកបំផ្លាញគម្ពីរវិន័យ ឬពាក្យរបស់អ្នកនាំព្រះបន្ទូលឲ្យសោះ ខ្ញុំមិនមែនមកបំផ្លាញទេ ប៉ុន្ដែខ្ញុំមកធ្វើឲ្យសម្រេចវិញ
18 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា រហូតដល់ផ្ទៃមេឃ និងផែនដីវិនាសទៅ ក៏គ្មានសញ្ញាក្បៀស ឬសញ្ញាបន្តក់ណាមួយក្នុងគម្ពីរវិន័យត្រូវលុបបំបាត់ចោលដែរ លុះត្រាតែអ្វីៗបានសម្រេចជាមុនសិន។
19 ដូច្នេះ អ្នកណាល្មើសបញ្ញត្ដិតូចបំផុតមួយក្នុងចំណោមបញ្ញត្ដិទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះ អ្នកនោះនឹងត្រូវហៅថាជាអ្នកតូចបំផុតនៅក្នុងនគរស្ថានសួគ៌ ប៉ុន្ដែអ្នកណាដែលអនុវត្ដតាម និងបង្រៀនបញ្ញត្ដិទាំងនេះ អ្នកនោះនឹងត្រូវហៅថាជាអ្នកធំនៅក្នុងនគរស្ថានសួគ៌។
20 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសសេចក្ដីសុចរិតរបស់ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីទេ នោះអ្នករាល់គ្នាមិនអាចចូលនគរស្ថានសួគ៌បានឡើយ។
21 អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សជំនាន់មុនថា កុំសម្លាប់មនុស្សឲ្យសោះ អ្នកណាសម្លាប់មនុស្ស អ្នកនោះនឹងត្រូវជាប់ទោស
22 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនខ្លួនឯង នោះនឹងត្រូវជាប់ទោសដែរ ហើយអ្នកណាហៅបងប្អូនខ្លួនឯងថា «អាឡប់» អ្នកនោះនឹងត្រូវក្រុមប្រឹក្សាកំពូលដាក់ទោស។ អ្នកណាដែលជេរគេថា «អាឆ្កួត» អ្នកនោះនឹងត្រូវធ្លាក់ក្នុងភ្លើងនរក។
23 ដូច្នេះបើអ្នកនាំតង្វាយមកកន្លែងថ្វាយតង្វាយ ហើយនៅទីនោះ អ្នកចាំថា បងប្អូនរបស់អ្នកមានរឿងទាស់នឹងអ្នក
24 ចូរទុកតង្វាយនៅទីនោះ នៅមុខកន្លែងថ្វាយតង្វាយចុះ ហើយទៅផ្សះផ្សានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នកវិញ។
25 ចូរជានានឹងគូវិវាទរបស់អ្នកភ្លាមៗ ពេលអ្នកនៅតាមផ្លូវជាមួយអ្នកនោះ ក្រែងលោគេប្រគល់អ្នកឲ្យទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកឲ្យទៅនគរបាល រួចអ្នកត្រូវជាប់គុក។
26 ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកចេញពីទីនោះមិនបានឡើយ លុះត្រាតែអ្នកសងគេដោយឥតខ្វះមួយសេន។
27 អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់មកថា កុំផិតក្បត់ឲ្យសោះ
28 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលសម្លឹងមើលស្ដ្រីម្នាក់ដោយចិត្ដស្រើបស្រាលចង់បាននាង អ្នកនោះបានផិតក្បត់ក្នុងចិត្ដជាមួយនាងរួចទៅហើយ។
29 បើភ្នែកស្ដាំរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ដ្បិតបើអ្នកបាត់បង់អវយរៈមួយ ប្រសើរជាងឲ្យរូបកាយទាំងមូលត្រូវបោះទៅក្នុងស្ថាននរក។
30 បើដៃស្ដាំរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ដ្បិតបើអ្នកបាត់បង់អវយវៈមួយ ប្រសើរជាងឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងស្ថាននរក។
31 មានសេចក្ដីដែលបានបង្គាប់មកថា អ្នកណាលែងប្រពន្ធ អ្នកនោះត្រូវប្រគល់លិខិតលែងលះឲ្យនាង។
32 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកលែងប្រពន្ធដែលពុំបានផិតក្បត់ខ្លួន អ្នកនោះធ្វើឲ្យនាងផិតក្បត់ហើយ។ អ្នកណារៀបការនឹងស្ដ្រីប្ដីលែង អ្នកនោះក៏ផិតក្បត់ដែរ។
33 មួយទៀត អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សជំនាន់មុនថា កុំប្រព្រឹត្តខុសសម្បថឲ្យសោះ ប៉ុន្ដែត្រូវធ្វើតាមសម្បថដែលបានស្បថចំពោះព្រះអម្ចាស់។
34 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ហើយកុំស្បថនឹងស្ថានសួគ៌ ដ្បិតស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះជាម្ចាស់។
35 កុំស្បថនឹងផែនដី ដ្បិតផែនដីជាកំណល់បាទារបស់ព្រះអង្គ។ កុំស្បថនឹងក្រុងយេរូសាឡិម ដ្បិតជាក្រុងរបស់ស្ដេចដ៏ឧត្ដម។
36 កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នកមិនអាចធ្វើឲ្យសក់មួយសសៃត្រលប់ជាពណ៌ស ឬខ្មៅបានឡើយ។
37 ចូរឲ្យពាក្យអ្នករាល់គ្នា មែនគឺមែន ទេគឺទេ ប៉ុន្ដែលើសពីសេចក្ដីទាំងនេះ គឺមកពីអារក្សសាតាំងទេ។
38 អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់មកថា ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ។
39 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតបតមនុស្សអាក្រក់ បើគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរម្ខាងទៀតឲ្យគេទះដែរចុះ។
40 ចំពោះអ្នកណាដែលចង់ប្ដឹងយកអាវខាងក្នុងរបស់អ្នក ចូរឲ្យគេទាំងអាវវែងផង។
41 អ្នកណាដែលបង្ខំអ្នកឲ្យធ្វើដំណើរមួយពាន់ជំហាន ចូរទៅជាមួយគេពីរពាន់ជំហានចុះ។
42 ចូរឲ្យដល់អស់អ្នកដែលសុំ ហើយកុំគេចពីអស់អ្នកដែលចង់ខ្ចីឡើយ។
43 អ្នករាល់គ្នាឮសេចក្ដីដែលបានបង្គាប់មកថា ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់សត្រូវរបស់អ្នក។
44 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នា
45 ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រោះព្រះអង្គបានធ្វើឲ្យថ្ងៃរះឡើង បំភ្លឺទាំងមនុស្សល្អ និងមនុស្សអាក្រក់ ហើយក៏បង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតដែរ។
46 ដ្បិតបើអ្នករាល់គ្នាស្រឡាញ់មនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នាបានរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធដារក៏បានធ្វើដូច្នោះដែរ។
47 បើអ្នករាល់គ្នារាប់អានតែបងប្អូនខ្លួនឯង តើអ្នករាល់គ្នាមានអ្វីអស្ចារ្យទៅ? សូម្បីតែសាសន៍ដទៃក៏ធ្វើដូច្នោះដែរ។
48 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ចុះ ដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌គ្រប់លក្ខណ៍ដូច្នោះដែរ។
လက္ရွိေရြးခ်ယ္ထားမွု
Matthew 5: KCB
အေရာင္မွတ္ခ်က္
မၽွေဝရန္
ကူးယူ
မိမိစက္ကိရိယာအားလုံးတြင္ မိမိအေရာင္ခ်ယ္ေသာအရာမ်ားကို သိမ္းဆည္းထားလိုပါသလား။ စာရင္းသြင္းပါ (သို႔) အေကာင့္ဝင္လိုက္ပါ
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.