លូកា 11
11
1ក្រោយមក កាលទ្រង់កំពុងតែអធិស្ឋាននៅកន្លែង១ លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង ដូចជាលោកយ៉ូហានបានបង្រៀនដល់សិស្សលោកដែរ 2ទ្រង់ក៏មានបន្ទូលទៅគេថា កាលណាអ្នករាល់គ្នាអធិស្ឋាន នោះត្រូវថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់ បានសំរេច នៅផែនដី ដូចនៅស្ថានសួគ៌ដែរ 3សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការ មកជារាល់ថ្ងៃ 4សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្ដីអាក្រក់វិញ។
5ទ្រង់ក៏មានបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្រសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន 6ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ 7តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា កុំមករំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំបានទេ 8ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច 9បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក 10ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ 11ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នកណានឹងឲ្យថ្មទៅវា ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ 12បើវាសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬអី 13បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត។
14គ្រានោះ ទ្រង់កំពុងតែដេញអារក្សគពីមនុស្សម្នាក់ កាលវាបានចេញទៅបាត់ហើយ នោះមនុស្សគក៏និយាយឡើងបាន ហើយបណ្តាមនុស្សគេកើតមានសេចក្ដីអស្ចារ្យ 15តែខ្លះនិយាយថា អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ 16អ្នកខ្លះទៀតល្បងទ្រង់ ដោយសូមទីសំគាល់១មកពីលើមេឃ 17តែទ្រង់ជ្រាបគំនិតគេ ក៏មានបន្ទូលថា អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង នោះនឹងត្រូវរលំទៅជាមិនខាន 18បើសាតាំងបែកទាស់គ្នាវាហើយ នោះធ្វើដូចម្តេចឲ្យនគរវានៅស្ថិតស្ថេរបាន នេះព្រោះដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល 19បើសិនជាខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែន នោះតើកូនចៅអ្នករាល់គ្នាដេញវា ដោយសារអ្វីវិញ ដូច្នេះ វារាល់គ្នានឹងធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ 20ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះវិញ នោះច្បាស់ជានគរព្រះបានមកដល់អ្នករាល់គ្នាហើយ 21កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិក៏បានគង់វង់នៅ 22តែបើមានមនុស្សខ្លាំងជាង មកបង្គ្របឲ្យឈ្នះគាត់កាលណា នោះក៏ដណ្តើមយកអស់ទាំងគ្រឿងអាវុធ ដែលគាត់ទុកចិត្តនោះចេញ រួចប្លន់យករបឹបទៅចែកគ្នាវិញ 23អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះគឺទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះឈ្មោះថាជាអ្នកកំចាត់កំចាយវិញ 24កាលណាអារក្សអសោចិ៍បានចេញពីមនុស្សណា នោះវាដើរកាត់កន្លែងហួតហែង ទៅរកទីឈប់សំរាក តែដោយរកមិនបានសោះ បានជាវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញវិញ ដែលទើបនឹងចេញមកនោះ 25រួចកាលណាវាមកដល់ ឃើញផ្ទះបោសស្អាត ហើយបានតុបតែងយ៉ាងល្អ 26នោះវាក៏ចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា ចូលទៅនៅទីនោះផង ហើយសណ្ឋានក្រោយរបស់មនុស្សនោះក៏រឹងរឹតតែអាក្រក់ជាងមុនទៅទៀត។
27កាលទ្រង់កំពុងតែមានបន្ទូលសេចក្ដីទាំងនេះនៅឡើយ នោះមានស្ត្រីម្នាក់ស្រែកឡើង ពីក្នុងហ្វូងមនុស្សថា មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ 28តែទ្រង់មានបន្ទូលតបថា ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយកាន់តាម។
29កាលណោះ មានមនុស្សប្រជុំគ្នាតាន់តាប់ជាខ្លាំង ហើយទ្រង់ចាប់តាំងមានបន្ទូលថា មនុស្សដំណនេះអាក្រក់ណាស់ គេរកតែទីសំគាល់ទេ តែគ្មានទីសំគាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសំគាល់នៃហោរាយ៉ូណាសឡើយ 30ពីព្រោះ ដូចជាលោកយ៉ូណាសជាទីសំគាល់ដល់មនុស្សនៅក្រុងនីនីវេយ៉ាងណា នោះកូនមនុស្សក៏នឹងបានជាទីសំគាល់ ដល់មនុស្សដំណនេះយ៉ាងដូច្នោះដែរ 31នៅថ្ងៃជំនុំជំរះ មហាក្សត្រីស្រុកខាងត្បូង នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះហ្លួងសាឡូម៉ូន ហើយមើល នៅទីនេះមាន១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូនទៅទៀត 32នៅថ្ងៃជំនុំជំរះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើល នៅទីនេះមាន១អង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត។
33គ្មានអ្នកណាដែលអុជចង្កៀង យកទៅដាក់នៅទីកំបាំង ឬគ្របនឹងថាំងឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូល បានឃើញពន្លឺភ្លឺ 34ឯចង្កៀងរូបកាយ គឺជាភ្នែក ដូច្នេះ កាលណាភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរ តែកាលណាភ្នែកអាក្រក់ នោះរូបកាយអ្នកនឹងងងឹតវិញ 35ដូច្នេះ ចូរប្រយ័ត ក្រែងពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្ដីងងឹតវិញ 36បើសិនជារូបកាយអ្នកទាំងមូលបានភ្លឺ ឥតមានងងឹតត្រង់ណាសោះ នោះនឹងបានភ្លឺទាំងអស់ ដូចកាលចង្កៀងបំភ្លឺអ្នកដែរ។
37កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះមានពួកផារិស៊ីម្នាក់ ទូលសូមទ្រង់ឲ្យយាងទៅសោយជាមួយ ទ្រង់ក៏យាងចូលទៅគង់នៅតុ 38កាលអ្នកផារិស៊ីនោះបានឃើញ ក៏នឹកប្លែកណាស់ ដែលទ្រង់មិនបានលាងព្រះហស្តមុននឹងសោយ 39ប៉ុន្តែ ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា ឯអ្នករាល់គ្នា ជាពួកផារិស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុងរបស់អ្នករាល់គ្នា មានពេញដោយការឆស៊ី នឹងអំពើអាក្រក់វិញ 40ឱមនុស្សល្ងីល្ងើអើយ ព្រះដែលបង្កើតខាងក្រៅ តើមិនបានបង្កើតខាងក្នុងដែរទេឬអី 41ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតដល់អ្នករាល់គ្នា 42តែវេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាតែងថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងបន្លែគ្រប់មុខ តែលះចោលសេចក្ដីយុត្តិធម៌ នឹងសេចក្ដីស្រឡាញ់នៃព្រះវិញ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្ដីទាំងនេះវិញ ហើយឥតចោលការខាងដើមនោះផង 43វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តនឹងកន្លែងមុខគេក្នុងសាលាប្រជុំ ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ 44វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាអ្នកមានពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាផ្នូរខ្មោច ដែលមើលមិនឃើញ ហើយមនុស្សដើរជាន់ឥតដឹងទេ។
45មានអ្នកប្រាជ្ញច្បាប់ម្នាក់ឆ្លើយឡើងថា លោកគ្រូ ដែលលោកមានប្រសាសន៍យ៉ាងនេះ នោះឈ្មោះថាត្មះតិះដៀលដល់ពួកយើងខ្ញុំហើយ 46ទ្រង់មានបន្ទូលឆ្លើយថា វេទនាដល់អ្នករាល់គ្នា ដែលជាអ្នកប្រាជ្ញច្បាប់ដែរ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកយ៉ាងធ្ងន់ ដែលពិបាកទទួល ទៅលើមនុស្ស តែខ្លួនអ្នករាល់គ្នាមិនព្រមទាំងយកម្រាមដៃ១ឆ្កឹះបន្ទុកនោះផង 47វេទនាដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាធ្វើម៉ុងឲ្យពួកហោរា ដែលពួកឰយុកោអ្នករាល់គ្នាបានសំឡាប់បង់ 48ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ថា អ្នករាល់គ្នាយល់ព្រមតាមការ ដែលពួកឰយុកោបានធ្វើហើយនោះ ដ្បិតពួកឰយុកោបានសំឡាប់គេមែន ហើយអ្នករាល់គ្នាធ្វើម៉ុងឲ្យដែរ 49ដោយហេតុនោះបានជាប្រាជ្ញានៃព្រះបានសំដែងថា អញចាត់ពួកហោរា ហើយពួកសាវកទៅឯគេ គេនឹងសំឡាប់ខ្លះ ហើយបណ្តេញខ្លះ 50ដើម្បីឲ្យឈាមរបស់ពួកហោរាទាំងអស់ ដែលបានខ្ចាយ តាំងពីកំណើតលោកីយរៀងមកនោះ បានត្រូវទារពីមនុស្សដំណនេះវិញ 51គឺចាប់តាំងពីឈាមរបស់អេបិល ទៅដល់ឈាមរបស់សាការី ដែលគេសំឡាប់នៅកណ្តាលអាសនា នឹងវិហារផង អើ ខ្ញុំប្រាប់ថា ឈាមទាំងនោះនឹងត្រូវទារពីមនុស្សដំណនេះវិញ 52វេទនាដល់អ្នករាល់គ្នា ពួកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះចេញទៅហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយក៏ហាមឃាត់ដល់ពួកអ្នក ដែលកំពុងតែរកចូល មិនឲ្យគេចូលដែរ។
53កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះដល់គេរួចហើយ នោះពួកអាចារ្យ នឹងពួកផារិស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានបន្ទូលពីសេចក្ដីជាច្រើនទៅទៀត 54ដោយចាំពិនិត្យពិចារណាមើល ទាំងរកហេតុនឹងចាប់ព្រះបន្ទូលពីព្រះឱស្ឋទ្រង់ ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់។
தற்சமயம் தேர்ந்தெடுக்கப்பட்டது:
លូកា 11: ពគប
சிறப்புக்கூறு
பகிர்
நகல்
உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்
© BFBS/UBS 1954, 1962. All Rights Reserved.