លូកា 11

11
1ក្រោយ​មក កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​នៅ​កន្លែង​១ លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ 2ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន នោះ​ត្រូវ​ថា ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់ បាន​សំរេច នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ 3សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ 4សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្ដី​អាក្រក់​វិញ។
5ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្រ​សំឡាញ់​ម្នាក់ ហើយ​ទៅ​និយាយ​នឹង​អ្នក​នោះ ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ថា សំឡាញ់​អើយ សូម​ឲ្យ​អញ​ខ្ចី​នំបុ័ង​៣​ដុំ​សិន 6ដ្បិត​មាន​សំឡាញ់​អញ​ម្នាក់ មាន​ដំណើរ​មក​ឯ​ផ្ទះ អញ​គ្មាន​អ្វី​ទទួល​គេ​សោះ 7តែ​អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា កុំ​មក​រំខាន​ចិត្ត​អញ​អី ព្រោះ​ទ្វារ​បិទ​ហើយ កូន​អញ​ក៏​ដេក​នៅ​គ្រែ​ជា​មួយ​នឹង​អញ​ផង អញ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ 8ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច 9បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក 10ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ 11ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំបុ័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​វា ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ 12បើ​វា​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យា‌ដំរី​ឬ​អី 13បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះវរ‌បិតា ដែល​គង់​ស្ថាន‌សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។
14គ្រា​នោះ ទ្រង់​កំពុង​តែ​ដេញ​អារក្ស​គ​ពី​មនុស្ស​ម្នាក់ កាល​វា​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​មនុស្ស​គ​ក៏​និយាយ​ឡើង​បាន ហើយ​បណ្តា​មនុស្ស​គេ​កើត​មាន​សេចក្ដី​អស្ចារ្យ 15តែ​ខ្លះ​និយាយ​ថា អ្នក​នេះ​ដេញ​អារក្ស​ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ទេ 16អ្នក​ខ្លះ​ទៀត​ល្បង​ទ្រង់ ដោយ​សូម​ទី​សំគាល់​១​មក​ពី​លើ​មេឃ 17តែ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​បន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក‌ខ្ញែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ដែល​ទាស់‌ទែង​គ្នា​ឯង នោះ​នឹង​ត្រូវ​រលំ​ទៅ​ជា​មិន​ខាន 18បើ​សាតាំង​បែក​ទាស់​គ្នា​វា​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​នគរ​វា​នៅ​ស្ថិត‌ស្ថេរ​បាន នេះ​ព្រោះ​ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល 19បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល​មែន នោះ​តើ​កូន​ចៅ​អ្នក​រាល់​គ្នា​ដេញ​វា ដោយ‌សារ​អ្វី​វិញ ដូច្នេះ វា​រាល់​គ្នា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ 20ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ​វិញ នោះ​ច្បាស់​ជា​នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ 21កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការ‌ពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ​សម្បត្តិ​ក៏​បាន​គង់​វង់​នៅ 22តែ​បើ​មាន​មនុស្ស​ខ្លាំង​ជាង មក​បង្គ្រប​ឲ្យ​ឈ្នះ​គាត់​កាល​ណា នោះ​ក៏​ដណ្តើម​យក​អស់​ទាំង​គ្រឿង​អាវុធ ដែល​គាត់​ទុក​ចិត្ត​នោះ​ចេញ រួច​ប្លន់​យក​របឹប​ទៅ​ចែក​គ្នា​វិញ 23អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​គឺ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កំចាត់‌កំចាយ​វិញ 24កាល​ណា​អារក្ស‌អសោចិ៍​បាន​ចេញ​ពី​មនុស្ស​ណា នោះ​វា​ដើរ​កាត់​កន្លែង​ហួត‌ហែង ទៅ​រក​ទី​ឈប់​សំរាក តែ​ដោយ​រក​មិន​បាន​សោះ បាន​ជា​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ​វិញ ដែល​ទើប​នឹង​ចេញ​មក​នោះ 25រួច​កាល​ណា​វា​មក​ដល់ ឃើញ​ផ្ទះ​បោស​ស្អាត ហើយ​បាន​តុប‌តែង​យ៉ាង​ល្អ 26នោះ​វា​ក៏​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ​ជាង​វា ចូល​ទៅ​នៅ​ទី​នោះ​ផង ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ​ក៏​រឹង‌រឹត‌តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត។
27កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង ពី​ក្នុង​ហ្វូង​មនុស្ស​ថា មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ 28តែ​ទ្រង់​មាន​បន្ទូល​តប​ថា ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​កាន់​តាម។
29កាល​ណោះ មាន​មនុស្ស​ប្រជុំ​គ្នា​តាន់‌តាប់​ជា​ខ្លាំង ហើយ​ទ្រង់​ចាប់​តាំង​មាន​បន្ទូល​ថា មនុស្ស​ដំណ​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទី​សំគាល់​ទេ តែ​គ្មាន​ទី​សំគាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​នៃ​ហោរា​យ៉ូណាស​ឡើយ 30ពី​ព្រោះ ដូច​ជា​លោក​យ៉ូណាស​ជា​ទី​សំគាល់​ដល់​មនុស្ស​នៅ​ក្រុង​នីនីវេ​យ៉ាង​ណា នោះ​កូន​មនុស្ស​ក៏​នឹង​បាន​ជា​ទី​សំគាល់ ដល់​មនុស្ស​ដំណ​នេះ​យ៉ាង​ដូច្នោះ​ដែរ 31នៅ​ថ្ងៃ​ជំនុំ​ជំរះ មហា‌ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជំនុំ​ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​ហ្លួង​សាឡូម៉ូន ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស​លើស​ជាង​ហ្លួង​សាឡូម៉ូន​ទៅ​ទៀត 32នៅ​ថ្ងៃ​ជំនុំ​ជំរះ មនុស្ស​នៅ​ក្រុង​នីនីវេ នឹង​ឈរ​ឡើង​ជំនុំ‌ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​គេ​បាន​ប្រែ​ចិត្ត ដោយ‌សារ​ពាក្យ​លោក​យ៉ូណាស​ប្រដៅ ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស លើស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។
33គ្មាន​អ្នក​ណា​ដែល​អុជ​ចង្កៀង យក​ទៅ​ដាក់​នៅ​ទី​កំបាំង ឬ​គ្រប​នឹង​ថាំង​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល បាន​ឃើញ​ពន្លឺ​ភ្លឺ 34ឯ​ចង្កៀង​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ កាល​ណា​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​ដែរ តែ​កាល​ណា​ភ្នែក​អាក្រក់ នោះ​រូប‌កាយ​អ្នក​នឹង​ងងឹត​វិញ 35ដូច្នេះ ចូរ​ប្រយ័ត ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​វិញ 36បើ​សិន​ជា​រូប‌កាយ​អ្នក​ទាំង​មូល​បាន​ភ្លឺ ឥត​មាន​ងងឹត​ត្រង់​ណា​សោះ នោះ​នឹង​បាន​ភ្លឺ​ទាំង​អស់ ដូច​កាល​ចង្កៀង​បំភ្លឺ​អ្នក​ដែរ។
37កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នៅ​ឡើយ នោះ​មាន​ពួក​ផារិស៊ី​ម្នាក់ ទូល​សូម​ទ្រង់​ឲ្យ​យាង​ទៅ​សោយ​ជា​មួយ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ 38កាល​អ្នក​ផារិស៊ី​នោះ​បាន​ឃើញ ក៏​នឹក​ប្លែក​ណាស់ ដែល​ទ្រង់​មិន​បាន​លាង​ព្រះ‌ហស្ត​មុន​នឹង​សោយ 39ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា ឯ​អ្នក​រាល់​គ្នា ជា​ពួក​ផារិស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា មាន​ពេញ​ដោយ​ការ​ឆ​ស៊ី នឹង​អំពើ​អាក្រក់​វិញ 40ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ ព្រះ​ដែល​បង្កើត​ខាង​ក្រៅ តើ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ​អី 41ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​ដល់​អ្នក​រាល់​គ្នា 42តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​តែង​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ‌អង្កាម ជីរ​លីង‌លាក់ នឹង​បន្លែ​គ្រប់​មុខ តែ​លះ​ចោល​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​វិញ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្ដី​ទាំង​នេះ​វិញ ហើយ​ឥត​ចោល​ការ​ខាង​ដើម​នោះ​ផង 43វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នឹង​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ 44វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​អ្នក​មាន​ពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ផ្នូរ​ខ្មោច ដែល​មើល​មិន​ឃើញ ហើយ​មនុស្ស​ដើរ​ជាន់​ឥត​ដឹង​ទេ។
45មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឆ្លើយ​ឡើង​ថា លោក​គ្រូ ដែល​លោក​មាន​ប្រសាសន៍​យ៉ាង​នេះ នោះ​ឈ្មោះ​ថា​ត្មះ‌តិះដៀល​ដល់​ពួក​យើង​ខ្ញុំ​ហើយ 46ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​ប្រាជ្ញ​ច្បាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​ទទួល ទៅ​លើ​មនុស្ស តែ​ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​១​ឆ្កឹះ​បន្ទុក​នោះ​ផង 47វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ពួក​ហោរា ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​សំឡាប់​បង់ 48ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ ដែល​ពួក​ឰយុកោ​បាន​ធ្វើ​ហើយ​នោះ ដ្បិត​ពួក​ឰយុកោ​បាន​សំឡាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ដែរ 49ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​នៃ​ព្រះ​បាន​សំដែង​ថា អញ​ចាត់​ពួក​ហោរា ហើយ​ពួក​សាវក​ទៅ​ឯ​គេ គេ​នឹង​សំឡាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ 50ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ តាំង​ពី​កំណើត​លោកីយ​រៀង​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ 51គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សំឡាប់​នៅ​កណ្តាល​អាសនា នឹង​វិហារ​ផង អើ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ 52វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ចេញ​ទៅ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ក៏​ហាម​ឃាត់​ដល់​ពួក​អ្នក ដែល​កំពុង​តែ​រក​ចូល មិន​ឲ្យ​គេ​ចូល​ដែរ។
53កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​ដល់​គេ​រួច​ហើយ នោះ​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់‌ពេក ឲ្យ​មាន​បន្ទូល​ពី​សេចក្ដី​ជា​ច្រើន​ទៅ​ទៀត 54ដោយ​ចាំ​ពិនិត្យ​ពិចារណា​មើល ទាំង​រក​ហេតុ​នឹង​ចាប់​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់។

தற்சமயம் தேர்ந்தெடுக்கப்பட்டது:

លូកា 11: ពគប

சிறப்புக்கூறு

பகிர்

நகல்

None

உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்