កិច្ចការ ពាក្យលំនាំ
ពាក្យលំនាំ
លោកលូកាបានតែងគម្ពីរពីរកណ្ឌ គឺ «ដំណឹងល្អតាមលោកលូកា» និង «កិច្ចការរបស់ពួកសាវក»។ ក្នុងគម្ពីរដំណឹងល្អ លោកលូការៀបរាប់អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ និងព្រះបន្ទូលដែលព្រះអង្គបានថ្លែង កាលពីព្រះអង្គមានព្រះជន្មរស់នៅលើផែនដីនេះនៅឡើយ។ រីឯក្នុងគម្ពីរកិច្ចការវិញ លោករៀបរាប់អំពីព្រះយេស៊ូវបន្ដសកម្មភាព តាមរយៈសិស្សរបស់ព្រះអង្គ។ ទោះបីពួកសិស្សលែងឃើញព្រះយេស៊ូវផ្ទាល់នឹងភ្នែកក៏ដោយ ក៏ព្រះអង្គនៅតែគង់ជាមួយពួកគេជានិច្ច គឺព្រះអង្គប្រទានព្រះវិញ្ញាណបរិសុទ្ធមកគង់នៅជាមួយអ្នកជឿ ដើម្បីណែនាំជីវិតរបស់គេ។
មុនដំបូង លោកលូកាពន្យល់បញ្ជាក់អំពីកំណើតក្រុមគ្រីស្ទបរិស័ទ ដែលហៅថាក្រុមជំនុំនៅក្រុងយេរូសាឡិម។ បន្ទាប់មក លោករៀបរាប់អំពីសកម្មភាពរបស់ក្រុមសិស្ស ក្នុងការផ្សព្វផ្សាយដំណឹងល្អពាសពេញស្រុកប៉ាឡេស្ទីន និងប្រទេសនានាដែលស្ថិតនៅជុំវិញសមុទ្រមេឌីទែរ៉ាណេ រហូតទៅដល់ក្រុងរ៉ូមជារាជធានីរបស់ចក្រភពរ៉ូម។
នៅក្រុងយេរូសាឡិម នៅស្រុកយូដា និងនៅស្រុកសាម៉ារី អ្នកជឿដល់ព្រះយេស៊ូវ សុទ្ធសឹងតែជាសាសន៍អ៊ីស្រាអែល។ ក្រោយមក មានសាសន៍ដទៃជាច្រើននាំគ្នាជឿដល់ព្រះអង្គដែរ ហើយគេក៏រួមគ្នាជាក្រុមជំនុំឡើង ជាពិសេសនៅក្រុងអន់ទីយ៉ូក ក្រុងភីលីព និងក្រុងកូរិនថូស។ ល។
ក្នុងគម្ពីរ «កិច្ចការរបស់ពួកសាវក» នេះ លោកលូកាបានចែងទុកអំពីពាក្យពេចន៍ និងសុន្ទរកថារបស់ពួកសាវកដែលយកចិត្ដទុកដាក់ប្រកាសដំណឹងល្អដល់សាសន៍យូដា និងសាសន៍ដទៃ។ ទោះបីអស់លោកទាំងនោះពន្យល់តាមរបៀបប្លែកៗពីគ្នាក៏ដោយ ក៏មានព្រះវិញ្ញាណតែមួយបំភ្លឺ ដើម្បីណែនាំមនុស្សគ្រប់អរិយធម៌ គ្រប់ភាសា ឲ្យជឿ និងសង្ឃឹមលើព្រះយេស៊ូវតែមួយព្រះអង្គ។ តាមគម្ពីរកិច្ចការនេះ យើងអាចស្គាល់ដើមកំណើតក្រុមគ្រីស្ទបរិស័ទដែលនឹករឭកព្រះបន្ទូលរបស់ព្រះយេស៊ូវ និងកិច្ចការដែលព្រះអង្គបានធ្វើ។ គឺក្រុមគ្រីស្ទបរិស័ទទាំងនោះហើយ ដែលបានចងក្រងគម្ពីរដំណឹងល្អ និងគម្ពីរសញ្ញាថ្មីទាំងមូល។
គម្រោងរបស់គម្ពីរកិច្ចការ
• ការរៀបចំបេសកកម្មរបស់ក្រុមគ្រីស្ទបរិស័ទ (១.១-២៦)
-ព្រះរាជបញ្ជាចុងក្រោយ និងព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវ (១.១-១៤)។
-ការជ្រើសរើសសាវកមួយរូបជំនួសយូដាស (១.១៥-២៦)។
• គ្រីស្ទបរិស័ទប្រកាសដំណឹងល្អនៅក្រុងយេរូសាឡិម (២.១-៨.៣)។
• គ្រីស្ទបរិស័ទប្រកាសដំណឹងល្អនៅស្រុកយូដា និងស្រុកសាម៉ារី (៨.៤-១២.២៥)។
• បេសកកម្មរបស់លោកប៉ុល (១៣.១-២៨.៣១)
-ដំណើរប្រកាសដំណឹងល្អលើកទីមួយ (១៣.១-១៤.២៨)។
-មហាសន្និបាតនៅក្រុងយេរូសាឡិម (១៥.១-៣៥)។
-ដំណើរប្រកាសដំណឹងល្អលើកទីពីរ (១៥.៣៦-១៨.២២)។
-ដំណើរប្រកាសដំណឹងល្អលើកទីបី (១៨.២៣-២១.១៦)។
-លោកប៉ុលជាប់ឃុំឃាំងនៅក្រុងយេរូសាឡិម ក្រុងសេសារា និងក្រុងរ៉ូម (១៣.១-១៤.២៨)។
தற்சமயம் தேர்ந்தெடுக்கப்பட்டது:
កិច្ចការ ពាក្យលំនាំ: គកស១៦
சிறப்புக்கூறு
பகிர்
நகல்
உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்
© 2016 United Bible Societies