យ៉ូហាន 14
14
ព្រះយេស៊ូវជាផ្លូវទៅកាន់ព្រះវរបិតា
1«កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។ 2នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នាឡើយ។ 3បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។ 4អ្នករាល់គ្នាស្គាល់ផ្លូវទៅកន្លែងដែលខ្ញុំទៅនោះហើយ»។ 5ថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅឯណាទេ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន?» 6ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។ 7បើអ្នករាល់គ្នាស្គាល់ខ្ញុំហើយ អ្នករាល់គ្នាក៏ស្គាល់ព្រះវរបិតាដែរ ពីឥឡូវនេះទៅ អ្នករាល់គ្នាក៏ស្គាល់ ហើយបានឃើញព្រះអង្គទៀតផង»។
8ភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង ទើបយើងខ្ញុំអស់ចិត្ត»។ 9ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំបាននៅជាមួយអ្នករាល់គ្នាយូរណាស់ហើយ អ្នកនៅតែមិនទាន់ស្គាល់ខ្ញុំទៀតឬ? អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះក៏បានឃើញព្រះវរបិតាដែរ។ ហេតុដូចម្តេចបានជាអ្នកថា "សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ?" 10តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬ? អស់ទាំងពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំមិនមែនប្រាប់ដោយអាងខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះវរបិតាដែលគង់ក្នុងខ្ញុំ ព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គ។ 11ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ឬយ៉ាងហោចណាស់ ចូរជឿខ្ញុំ ដោយព្រោះឃើញកិច្ចការដែលខ្ញុំធ្វើនោះទៅ។ 12ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយក៏នឹងធ្វើការធំជាងនេះទៅទៀត ព្រោះខ្ញុំទៅឯព្រះវរបិតា។ 13ខ្ញុំនឹងធ្វើកិច្ចការគ្រប់យ៉ាង ដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។ 14បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
ព្រះបន្ទូលសន្យាអំពីព្រះវិញ្ញាណ
15«បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបទបញ្ជារបស់ខ្ញុំចុះ 16ខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយព្រះអង្គនឹងប្រទានព្រះជាជំនួយមួយអង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយជារៀងរហូត 17គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលមិនបាន ព្រោះមិនឃើញ ក៏មិនស្គាល់ព្រះអង្គផង តែអ្នករាល់គ្នាស្គាល់ ដ្បិតព្រះអង្គគង់ជាមួយ ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។
18ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ 19បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំ ដោយព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏នឹងរស់ដែរ។ 20នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។ 21អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។ 22យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គសម្តែងឲ្យយើងខ្ញុំស្គាល់ព្រះអង្គ តែមិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?» 23ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។ 24អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលបានចាត់ខ្ញុំឲ្យមកនោះវិញ។
25ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ក្នុងកាលដែលខ្ញុំនៅជាមួយគ្នានៅឡើយ។ 26ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។ 27ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។ 28អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា "ខ្ញុំនឹងចេញទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ"។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកត្រូវមានអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាធំលើសជាងខ្ញុំ។ 29ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿ។ 30ខ្ញុំមិនមានពេលច្រើន ដើម្បីនិយាយជាមួយអ្នករាល់គ្នាប៉ុន្មានទៀតទេ ដ្បិតចៅហ្វាយរបស់លោកីយ៍នេះមកជិតដល់ហើយ តែវាគ្មានអំណាចអ្វីលើខ្ញុំទេ 31គឺខ្ញុំធ្វើតាមបង្គាប់ព្រះវរបិតាខ្ញុំ ដើម្បីឲ្យមនុស្សលោកបានដឹងថា ខ្ញុំស្រឡាញ់ព្រះវរបិតា។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។
தற்சமயம் தேர்ந்தெடுக்கப்பட்டது:
យ៉ូហាន 14: គកស១៦
சிறப்புக்கூறு
பகிர்
நகல்
உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்
© 2016 United Bible Societies