យ៉ូហាន 13

13
ព្រះ‌យេស៊ូវ​លាង​ជើង​ពួក​សិស្ស
1នៅ​មុន​ពិធី​បុណ្យ​រំលង ព្រះ‌យេស៊ូវ​ជ្រាប​ថា ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ចេញ​ពី​លោក​នេះ ទៅ​ឯ​ព្រះ‌វរបិតា​វិញ បាន​មក​ដល់​ហើយ ហើយ​ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​សិស្ស​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។ 2កាល​កំពុង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នោះ ហើយ​កាល​អារក្ស​បាន​នាំ​ចិត្ត​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ 3ព្រះ‌យេស៊ូវ​ជ្រាប​ថា ព្រះ‌វរបិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ ហើយ​ថា ព្រះ‌អង្គ​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ 4ព្រះ‌អង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ត្រ​ចេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ។ 5បន្ទាប់​មក ព្រះ‌អង្គ​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ព្រះ‌អង្គ​ក្រវាត់​ចង្កេះ​មក​ជូត។ 6ពេល​ព្រះ‌អង្គ​មក​ដល់ ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឬ?» 7ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្វីៗ​ដែល​ខ្ញុំ​ធ្វើ អ្នក​មិន​យល់​ទេ​នៅ​ពេល​នេះ តែ​ថ្ងៃ​ក្រោយ​អ្នក​នឹង​យល់»។ 8ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឡើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក អ្នក​គ្មាន​ចំណែក​ជា​មួយ​ខ្ញុំ​ទេ»។ 9ស៊ីម៉ូន-ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូល​បង្គំ​ប៉ុណ្ណោះ​ឡើយ សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង»។ 10ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ដែល​ងូត​ទឹក​ហើយមិន​បាច់​លាង​ខ្លួន​ទេ ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ដ្បិត​ខ្លួន​ទាំង​មូល​ស្អាត​ហើយ។ អ្នក​រាល់​គ្នា​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ»។ 11ព្រះ‌អង្គ​ជ្រាប​ថា អ្នក​ណា​ដែល​នឹង​នាំ​គ្នា​មក​ចាប់​ព្រះ‌អង្គ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ស្អាតទាំង​អស់​គ្នា​ទេ»។
12កាល​ព្រះ‌អង្គ​លាង​ជើង​គេ​រួច​ហើយ ព្រះ‌អង្គ​ពាក់​ព្រះ‌ពស្ត្រ​ឡើង​វិញ ក៏​គង់​នៅ​តុ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​ពី​អ្វី​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ? 13អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា "លោក​គ្រូ" និង "ព្រះ‌អម្ចាស់" នោះ​ត្រូវ​មែន ដ្បិត​គឺ​ខ្ញុំ​នេះ​ហើយ។ 14ដូច្នេះ បើ​ខ្ញុំ​ជា​ព្រះ‌អម្ចាស់ និង​ជា​គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ 15ដ្បិត​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​គំរូ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ​ដែរ។ 16ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​បម្រើ​មិន​ធំ​ជាង​ចៅ‌ហ្វាយ​ទេ ហើយ​អ្នកដែល​គេ​ចាត់​គេ​ឲ្យ​ទៅ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ដែល​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។ 17ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម មាន​ពរ​ហើយ។ 18ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស ប៉ុន្តែ ត្រូវ​តែ​បាន​សម្រេចតាម​បទ​គម្ពីរ​ដែល​ថា "អ្នក​ដែល​បរិ‌ភោគ​នំបុ័ង​ជា​មួយ​ខ្ញុំ បាន​លើក​កែង​ជើងទាស់​នឹង​ខ្ញុំ" ។ 19ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា មុន​នឹង​ហេតុ‌ការណ៍​នោះ​កើត​ឡើង ដើម្បី​កាល​ណា​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ​ថា គឺ​ខ្ញុំ​នេះ​ហើយ 20ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ទទួល​អ្នក​ដែលខ្ញុំ​ចាត់​ឲ្យ​ទៅ អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ អ្នក​នោះ​ទទួល​ព្រះ‌អង្គដែលបាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះដែរ»។
ព្រះ‌យេស៊ូវ​ប្រកាស​អំពី​យូដាស​ក្បត់​ព្រះ‌អង្គ
(មថ ២៦.២០-២៥ មក ១៤.១៧-២១ លក ២២.២១-២៣)
21កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​តប់​ប្រមល់ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ 22ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​អ្នក​ណា។ 23សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ អង្គុយ​នៅ​តុ ផ្អែក​លើ​ព្រះ‌ឱរា​ព្រះ‌អង្គ 24ស៊ីម៉ូន-ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​អ្នក​នោះ​សួរ​ព្រះ‌យេស៊ូវ ថា​តើ​ព្រះ‌អង្គ​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្នក​ណា។ 25អ្នក​នោះ​ក៏​ទូល​សួរ​ព្រះ‌យេស៊ូវ ទាំង​ទម្រេត​លើ​ព្រះ‌ឱរា​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ជា​អ្នក​ណា?» 26ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ចំណិត​នំបុ័ង​ហុច​ទៅ​ឲ្យ»។ ដូច្នេះ ព្រះ‌អង្គ​ក៏​ជ្រលក់​នំបុ័ង​មួយ​ចំណិត ហុច​ទៅ​ឲ្យ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន។ 27ក្រោយ​គាត់​ទទួល​ចំណិត​នោះ​ហើយ អារក្ស​សាតាំង​ក៏​ចូល​គាត់។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្វី​ដែល​អ្នក​បម្រុង​នឹង​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់ៗ​ទៅ!» 28ប៉ុន្តែ ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ គ្មាន​អ្នក​ណា​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ដូច្នេះ​ឡើយ។ 29ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ ព្រះ‌យេស៊ូវ​ប្រាប់​ឲ្យ​គាត់​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​គាត់​ទៅ​ចែក​ទាន​អ្វី​ដល់​អ្នក​ក្រីក្រ។ 30ដូច្នេះ ក្រោយ​ពី​បាន​ទទួល​ចំណិត​នំប៉័ង​ហើយ គាត់​ក៏​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ហើយ។
ព្រះឱវាទ​ថ្មី
31ពេល​គាត់​ចេញ​ទៅ​ក្រៅ​ផុត ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ កូន​មនុស្ស​បាន​តម្កើង​ឡើង​ហើយ ព្រះ​ក៏​បាន​តម្កើង​ឡើង​ក្នុង​កូន​មនុស្ស​ដែរ 32ប្រសិន‌បើ​ព្រះ​បាន​តម្កើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ព្រះ‌អង្គ​នឹង​តម្កើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះ‌អង្គ​ទ្រង់​ដែរ ក៏​នឹង​តម្កើង​កូន​មនុស្ស​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ។ 33កូន​រាល់​គ្នា​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ដល់​ពួក​សាសន៍​យូដា​រួច​ហើយ ខ្ញុំ​ក៏​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នៅ​ឥឡូវ​នេះ​ដែរ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ។ 34ខ្ញុំ​ឲ្យ​ឱវាទ​មួយ​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ 35មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​ការ​នេះ​ឯង គឺដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។
ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​លោក​ពេត្រុស បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ
(មថ ២៦.៣១-៣៥ មក ១៤.២៧-៣១ យហ ២២.៣១-៣៤)
36ស៊ីម៉ូន-ពេត្រុស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​យាង​ទៅ​ណា?» ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាមនៅ​ពេល​នេះ​បាន​ទេ តែ​អ្នក​នឹង​ទៅ​បាននៅ​ពេល​ក្រោយ»។ 37ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទូល​បង្គំ​ទៅ​តាម​ក្នុង​ពេល​នេះ​ពុំ​បាន ទូល​បង្គំ​ស៊ូ​ប្តូរ​ជីវិត​ជំនួស​ព្រះ‌អង្គ»។ 38ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖ «តើ​អ្នក​នឹង​ប្តូរ​ជីវិត​ជំនួស​ខ្ញុំ​ឬ? ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មុន​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង ថា​មិន​ស្គាល់​ខ្ញុំ»។

தற்சமயம் தேர்ந்தெடுக்கப்பட்டது:

យ៉ូហាន 13: គកស១៦

சிறப்புக்கூறு

பகிர்

நகல்

None

உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்