យ៉ូហាន 12
12
នាងម៉ារាចាក់ប្រេងក្រអូបលាបព្រះបាទព្រះយេស៊ូវ
(ម៉ាថាយ ២៦.៦-១៣ ម៉ាកុស ១៤.៣-៩)
1មុនបុណ្យរំលងប្រាំមួយថ្ងៃ ព្រះយេស៊ូវយាងមកដល់ភូមិបេថានី ជាភូមិឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។ 2នៅទីនោះ គេរៀបចំព្រះស្ងោយថ្វាយព្រះអង្គ ហើយនាងម៉ាថាក៏បម្រើភ្ញៀវ ឯឡាសារអង្គុយរួមតុជាមួយព្រះអង្គ។ 3នាងម៉ារាយកប្រេងក្រអូបដ៏មានតម្លៃ គឺប្រេងទេព្វិរូសុទ្ធមួយនាលិ មកចាក់លាបព្រះបាទព្រះអង្គ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ។ 4ប៉ុន្តែ សិស្សព្រះអង្គម្នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលរៀបនឹងបញ្ជូនព្រះអង្គ និយាយឡើងថា៖ 5«ម្តេចក៏មិនលក់ប្រេងក្រអូបនេះ យកប្រាក់បីរយដេណារី ទៅចែកឲ្យអ្នកក្រីក្រវិញទៅ?» 6គាត់និយាយដូច្នោះ មិនមែនដោយព្រោះគាត់យកចិត្តទុកដាក់នឹងអ្នកក្រីក្រទេ គឺដោយព្រោះគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយធ្លាប់លួចយកប្រាក់ដែលគេដាក់នៅក្នុងថង់នោះទៀតផង។ 7ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តនាងចុះ ដ្បិតនាងបានទុកប្រេងក្រអូបនេះ សម្រាប់ដល់ថ្ងៃបញ្ចុះសពខ្ញុំ។ 8អ្នករាល់គ្នាតែងមានអ្នកក្រីក្រនៅជាមួយរហូត តែខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។
គេឃុបឃិតចង់សម្លាប់ឡាសារ
9មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ព្រះអង្គគង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺចង់ឃើញឡាសារ ដែលព្រះអង្គប្រោសឲ្យរស់ពីស្លាប់ឡើងវិញថែមទៀតផង។ 10ដូច្នេះ ពួកសង្គ្រាជក៏ពិគ្រោះគ្នាសម្លាប់ទាំងឡាសារដែរ 11ព្រោះដោយសារតែគាត់ហើយ បានជាមានសាសន៍យូដាជាច្រើនដកខ្លួនចេញពីពួកគេ ហើយទៅជឿព្រះយេស៊ូវវិញ។
ព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិម
(ម៉ាថាយ ២១.១-១១ ម៉ាកុស ១១.១-១១ លូកា ១៩.២៨-៤០)
12នៅថ្ងៃបន្ទាប់ បណ្តាជនដែលមកចូលរួមបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងមកក្នុងក្រុងយេរូសាឡិម។ 13ដូច្នេះ គេនាំគ្នាយកធាងចាកចេញទៅទទួលព្រះអង្គ ទាំងស្រែកថា៖
«ហូសាណា សូម ថ្វាយព្រះពរដល់ព្រះអង្គ
ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល»
14ព្រះយេស៊ូវរកបានកូនលាមួយ រួចគង់លើខ្នងលានោះ ដូចមានសេចក្តីចែងទុកមកថា៖
15«កុំខ្លាចអី កូនស្រីស៊ីយ៉ូនអើយ
មើល៍! ស្តេចរបស់អ្នកយាងមកហើយ
ទ្រង់គង់លើកូនលា»។
16មុនដំបូង ពួកសិស្សព្រះអង្គមិនបានយល់សេចក្តីទាំងនោះទេ តែកាលព្រះយេស៊ូវបានតម្កើងឡើងហើយ ទើបគេនឹកឃើញថា មានសេចក្តីទាំងនោះចែងទុកពីព្រះអង្គ ហើយថា គេបានសម្រេចការទាំងនោះថ្វាយព្រះអង្គដែរ។ 17បណ្តាជនដែលនៅជាមួយព្រះអង្គ ក៏ធ្វើបន្ទាល់ពីការដែលព្រះអង្គហៅឡាសារចេញពីផ្នូរមក ហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញ។ 18មានមនុស្សជាច្រើនទៅទទួលព្រះអង្គ ព្រោះគេឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។ 19ដូច្នេះ ពួកផារិស៊ីនិយាយគ្នាថា៖ «យើងមិនអាចធ្វើអ្វីបានទេ មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់ហើយ!»។
សាសន៍ក្រិកចង់ជួបព្រះយេស៊ូវ
20ក្នុងចំណោមអ្នកដែលឡើងទៅថ្វាយបង្គំនៅពេលបុណ្យនោះ ក៏មានសាសន៍ក្រិកខ្លះដែរ។ 21គេមករកភីលីព ដែលមកពីភូមិបេតសៃដា ស្រុកកាលីឡេ ហើយពោលទៅគាត់ថា៖ «លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ»។ 22ភីលីពទៅប្រាប់អនទ្រេ បន្ទាប់មក អនទ្រេ និងភីលីពទៅទូលព្រះយេស៊ូវ។ 23ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ពេលកំណត់ដែលកូនមនុស្សត្រូវបានលើកតម្កើង បានមកដល់ហើយ។ 24ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះនៅវាតែមួយដដែល តែបើស្រូវនោះងាប់ វានឹងបង្កើតផលបានជាច្រើន។ 25អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងពិភពលោកនេះ នឹងរក្សាជីវិតទុកឲ្យស្ថិតស្ថេរនៅរហូតអស់កល្បជានិច្ច។ 26អ្នកណាបម្រើខ្ញុំ ត្រូវមកតាមខ្ញុំ ទោះបីខ្ញុំនៅឯណា អ្នកបម្រើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបម្រើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ»។
ព្រះយេស៊ូវមានព្រះបន្ទូលអំពីការសុគតរបស់ព្រះអង្គ
27«ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ខ្លាំងណាស់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច? ឱព្រះវរបិតាអើយ សូមសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ នេះជាហេតុដែលទូលបង្គំត្រូវមកនៅពេលនេះ។ 28ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមព្រះអង្គឡើង »។ ពេលនោះ ស្រាប់តែមានឮសំឡេងពីលើមេឃថា៖ «យើងបានតម្កើងឡើងហើយ ក៏នឹងតម្កើងឡើងទៀតដែរ»។ 29បណ្តាជនដែលឈរនៅទីនោះបានឮ ហើយនិយាយថា នេះជាសំឡេងផ្គរលាន់។ ខ្លះទៀតថា «ទេវតានិយាយមកកាន់ព្រះអង្គ»។ 30ព្រះយេស៊ូវឆ្លើយថា៖ «សំឡេងនេះបន្លឺឡើងសម្រាប់អ្នករាល់គ្នា មិនមែនសម្រាប់ខ្ញុំទេ។ 31ឥឡូវនេះ ជាពេលកាត់ទោសពិភពលោកនេះហើយ ហើយចៅហ្វាយរបស់ពិភពលោកនេះនឹងត្រូវបោះចោលទៅក្រៅ។ 32ឯខ្ញុំ ប្រសិនបើខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ 33ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីបង្ហាញពីព្រះអង្គត្រូវសុគតជាយ៉ាងណា។ 34ពួកបណ្តាជនទូលឆ្លើយព្រះអង្គថា៖ «យើងខ្ញុំបានឮក្នុងក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅអស់កល្បជានិច្ច ចុះម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ? តើអ្នកណាជាកូនមនុស្ស?» 35ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ។ ចូរដើរក្នុងពេលដែលនៅមានពន្លឺ ក្រែងលោសេចក្តីងងឹតតាមអ្នករាល់គ្នាទាន់។ អ្នកណាដែលដើរក្នុងសេចក្តីងងឹត មិនដឹងថាខ្លួនទៅទីណាទេ។ 36កាលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរជឿដល់ពន្លឺចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ»។ កាលព្រះយេស៊ូវមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គក៏យាងចេញទៅ ដោយកំបាំងពីគេ។
ប្រជាជនមិនព្រមជឿដល់ព្រះយេស៊ូវ
37ទោះបើព្រះអង្គបានធ្វើទីសម្គាល់ជាច្រើន នៅមុខគេយ៉ាងណាក៏ដោយ ក៏គេនៅតែមិនជឿដល់ព្រះអង្គដដែល 38ដើម្បីឲ្យបានសម្រេចតាមពាក្យរបស់ហោរាអេសាយ ដែលទាយថា៖
«ព្រះអម្ចាស់អើយ
តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់
ហើយតើព្រះហស្តព្រះអម្ចាស់
បានបើកសម្តែងឲ្យអ្នកណាឃើញ?»
39ដូច្នេះ បានជាគេពុំអាចជឿបាន ព្រោះលោកអេសាយក៏បានទាយដូច្នេះដែរថា៖
40«ព្រះអង្គបានធ្វើឲ្យភ្នែកគេខ្វាក់ ឲ្យចិត្តគេរឹង
ក្រែងគេអាចមើលឃើញនឹងភ្នែក
ហើយចិត្តរបស់គេយល់ រួចគេងាកបែរ
ដើម្បីឲ្យយើងបានប្រោសគេឲ្យជា» ។
41លោកអេសាយថ្លែងដូច្នេះ ព្រោះលោកបានឃើញសិរីល្អព្រះអង្គ ហើយក៏ថ្លែងពីព្រះអង្គ។ 42ក្នុងចំណោមពួកនាម៉ឺន មានច្រើននាក់បានជឿដល់ព្រះអង្គ តែគេមិនហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកផារិស៊ីកាត់ពួកគេចេញពីសាលាប្រជុំ 43ពួកគេចូលចិត្តពាក្យសរសើរពីមនុស្ស ជាជាងពាក្យសរសើរពីព្រះ។
សង្ខេបសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ
44ព្រះយេស៊ូវបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាដែលជឿដល់ខ្ញុំ នោះមិនមែនជឿដល់ខ្ញុំតែប៉ុណ្ណោះទេ គឺជឿដល់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ។ 45អ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមកដែរ។ 46ខ្ញុំបានមកជាពន្លឺបំភ្លឺពិភពលោក ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ នៅជាប់នៅក្នុងសេចក្តីងងឹត។ 47បើអ្នកណាឮពាក្យខ្ញុំ ហើយមិនប្រព្រឹត្តតាម ខ្ញុំមិនកាត់ទោសអ្នកនោះឡើយ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺមកសង្គ្រោះមនុស្សលោកវិញ។ 48អ្នកណាដែលបដិសេធ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងបំផុត។ 49ដ្បិតខ្ញុំមិនបាននិយាយដោយអាងខ្លួនខ្ញុំទេ គឺព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ព្រះអង្គបានបង្គាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់ដែរ។ 50ខ្ញុំដឹងថា សេចក្តីដែលព្រះអង្គបង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច ដូច្នេះ អ្វីដែលខ្ញុំនិយាយ ខ្ញុំនិយាយតាមតែព្រះវរបិតាមានព្រះបន្ទូលមកខ្ញុំ»។
தற்சமயம் தேர்ந்தெடுக்கப்பட்டது:
យ៉ូហាន 12: គកស១៦
சிறப்புக்கூறு
பகிர்
நகல்
உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்
© 2016 United Bible Societies