យ៉ូហាន 12

12
នាង​ម៉ារា​ចាក់​ប្រេង​ក្រអូប​លាប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៦.៦-១៣ ម៉ាកុស ១៤.៣-៩)
1មុន​បុណ្យ​រំលង​ប្រាំមួយ​ថ្ងៃ ព្រះ‌យេស៊ូវ​យាង​មក​ដល់​ភូមិ​បេ‌ថានី ជា​ភូមិ​ឡាសារ​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។ 2នៅ​ទី​នោះ គេ​រៀប​ចំ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌អង្គ ហើយ​នាង​ម៉ាថា​ក៏​បម្រើ​ភ្ញៀវ ឯ​ឡាសារ​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ។ 3នាង​ម៉ារា​យក​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​មួយ​នាលិ មក​ចាក់​លាប​ព្រះ‌បាទ​ព្រះ‌អង្គ រួច​យក​សក់​នាង​ជូត ក្លិន​ក្រអូប​នោះ ក៏​សាយ​ឡើង​ពេញ​ក្នុង​ផ្ទះ។ 4ប៉ុន្តែ សិស្ស​ព្រះ‌អង្គ​ម្នាក់ ឈ្មោះ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​រៀប​នឹង​បញ្ជូន​ព្រះ‌អង្គ និយាយ​ឡើង​ថា៖ 5«ម្តេច​ក៏​មិន​លក់​ប្រេង​ក្រអូប​នេះ យក​ប្រាក់​បី​រយ​ដេណារី ទៅ​ចែក​ឲ្យ​អ្នក​ក្រីក្រ​វិញ​ទៅ?» 6គាត់​និយាយ​ដូច្នោះ មិន​មែន​ដោយ​ព្រោះ​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ក្រីក្រ​ទេ គឺ​ដោយ​ព្រោះ​គាត់​ជា​ចោរ គាត់​កាន់​ថង់​ប្រាក់ ហើយ​ធ្លាប់​លួច​យក​ប្រាក់​ដែល​គេ​ដាក់​នៅ​ក្នុង​ថង់​នោះ​ទៀត​ផង។ 7ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​នាង​ចុះ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សម្រាប់​ដល់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។ 8អ្នក​រាល់​គ្នា​តែង​មាន​អ្នកក្រី​ក្រ​នៅ​ជា​មួយ​រហូត តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នករាល់​គ្នា​រហូត​ទេ»។
គេ​ឃុប‌ឃិត​ចង់​សម្លាប់​ឡាសារ
9មាន​ពួក​សាសន៍​យូដា​សន្ធឹក​ណាស់ បាន​ដឹង​ថា ព្រះ‌អង្គ​គង់​ទី​នោះ ដូច្នេះ គេ​ក៏​នាំ​គ្នា​មក តែ​មិន​មែន​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ប៉ុណ្ណោះ គឺ​ចង់​ឃើញ​ឡាសារ ដែល​ព្រះ‌អង្គ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ថែម​ទៀត​ផង។ 10ដូច្នេះ ពួក​សង្គ្រាជ​ក៏​ពិគ្រោះ​គ្នា​សម្លាប់​ទាំង​ឡាសារ​ដែរ 11ព្រោះ​ដោយ​សារ​តែ​គាត់​ហើយ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន​ដក​ខ្លួន​ចេញ​ពី​ពួក​គេ ហើយ​ទៅ​ជឿ​ព្រះ‌យេស៊ូវ​វិញ។
ព្រះ‌យេស៊ូវ​យាង​ចូល​ក្រុង​យេរូ‌សាឡិម
(ម៉ាថាយ ២១.១-១១ ម៉ាកុស ១១.១-១១ លូកា ១៩.២៨-៤០)
12នៅ​ថ្ងៃ​បន្ទាប់ បណ្តា​ជន​ដែល​មក​ចូល​រួម​បុណ្យ បាន​ឮ​ថា ព្រះ‌យេស៊ូវ​កំពុង​យាង​មក​ក្នុង​ក្រុង​យេរូ‌សាឡិម។ 13ដូច្នេះ គេ​នាំ​គ្នា​យក​ធាង​ចាក​ចេញ​ទៅ​ទទួល​ព្រះ‌អង្គ ទាំង​ស្រែក​ថា៖
«ហូសាណា សូម ថ្វាយ​ព្រះពរ​ដល់​ព្រះ‌អង្គ
ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់
គឺ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល»
14ព្រះ‌យេស៊ូវ​រក​បាន​កូន​លា​មួយ រួច​គង់​លើ​ខ្នង​លា​នោះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖
15«កុំ​ខ្លាច​អី កូន​ស្រី​ស៊ីយ៉ូន​អើយ
មើល៍! ស្តេច​របស់​អ្នក​យាង​មកហើយ
ទ្រង់​គង់​លើកូន​លា»។
16មុន​ដំបូង ពួក​សិស្ស​ព្រះ‌អង្គ​មិន​បាន​យល់​សេចក្តី​ទាំង​នោះ​ទេ តែ​កាល​ព្រះ‌យេស៊ូវ​បាន​តម្កើង​ឡើង​ហើយ ទើប​គេ​នឹក​ឃើញ​ថា មាន​សេចក្តី​ទាំង​នោះ​ចែង​ទុក​ពី​ព្រះ‌អង្គ ហើយ​ថា គេ​បាន​សម្រេច​ការ​ទាំង​នោះ​ថ្វាយ​ព្រះ‌អង្គ​ដែរ។ 17បណ្តាជន​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ក៏​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ព្រះ‌អង្គ​ហៅ​ឡាសារ​ចេញ​ពី​ផ្នូរ​មក ហើយ​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​ឡើង​វិញ។ 18មាន​មនុស្ស​ជា​ច្រើន​ទៅ​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​ឮ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ទី​សម្គាល់​នេះ។ 19ដូច្នេះ ពួក​ផារិ‌ស៊ី​និយាយ​គ្នា​ថា៖ «យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ មនុស្ស​ម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។
សាសន៍​ក្រិក​ចង់​ជួប​ព្រះ‌យេស៊ូវ
20ក្នុង​ចំណោម​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ​បង្គំ​នៅ​ពេល​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រិក​ខ្លះ​ដែរ។ 21គេ​មក​រក​ភីលីព ដែល​មក​ពី​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ ហើយ​ពោល​ទៅ​គាត់​ថា៖ «លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ»។ 22ភីលីព​ទៅ​ប្រាប់​អន‌ទ្រេ បន្ទាប់​មក អន‌ទ្រេ និង​ភីលីព​ទៅ​ទូល​ព្រះ‌យេស៊ូវ។ 23ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ពេល​កំណត់​ដែល​កូន​មនុស្ស​ត្រូវ​បាន​លើក​តម្កើង បាន​មក​ដល់​ហើយ។ 24ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​នៅ​វា​តែ​មួយ​ដដែល តែ​បើ​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ជា​ច្រើន។ 25អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ពិភព​លោក​នេះ នឹង​រក្សា​ជីវិត​ទុក​ឲ្យ​ស្ថិតស្ថេរ​នៅ​រហូត​អស់​កល្ប​ជានិច្ច។ 26អ្នក​ណា​បម្រើ​ខ្ញុំ ត្រូវ​មក​តាម​ខ្ញុំ ទោះ​បី​ខ្ញុំ​នៅ​ឯ​ណា អ្នក​បម្រើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌វរបិតា​នឹង​លើក​មុខ​អ្នក​នោះ»។
ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​ការ​សុគត​របស់​ព្រះ‌អង្គ
27«ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់​ប្រមល់​ខ្លាំង​ណាស់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច? ឱ​ព្រះ‌វរបិតា​អើយ សូម​សង្គ្រោះ​ទូល​បង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ នេះ​ជា​ហេតុ​ដែល​ទូល​បង្គំ​ត្រូវ​មក​នៅ​ពេល​នេះ។ 28ឱ​ព្រះ‌វរបិតា​អើយ សូម​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ឡើង »។ ពេល​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «យើង​បាន​តម្កើង​ឡើង​ហើយ ក៏​នឹង​តម្កើង​ឡើង​ទៀត​ដែរ»។ 29បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នោះ​បាន​ឮ ហើយ​និយាយ​ថា នេះ​ជា​សំឡេង​ផ្គរ​លាន់។ ខ្លះ​ទៀត​ថា «ទេវតា​និយាយ​មក​កាន់​ព្រះ‌អង្គ»។ 30ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «សំឡេង​នេះ​បន្លឺ​ឡើង​សម្រាប់​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​ខ្ញុំ​ទេ។ 31ឥឡូវ​នេះ ជា​ពេល​កាត់​ទោស​ពិភព​លោក​នេះ​ហើយ ហើយ​ចៅ‌ហ្វាយ​របស់​ពិភព​លោក​នេះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ។ 32ឯ​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។ 33ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​បង្ហាញពី​ព្រះ‌អង្គ​ត្រូវ​សុគត​ជា​យ៉ាង​ណា។ 34ពួក​បណ្តាជន​ទូល​ឆ្លើយ​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រីស្ទ​គង់​នៅ​អស់​កល្ប​ជា‌និច្ច ចុះ​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ? តើ​អ្នក​ណា​ជា​កូន​មនុស្ស?» 35ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។ ចូរ​ដើរ​ក្នុង​ពេល​ដែល​នៅ​មាន​ពន្លឺ ក្រែង​លោ​សេចក្តី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់។ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត មិន​ដឹង​ថា​ខ្លួន​ទៅ​ទី​ណា​ទេ។ 36កាល​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​នៅ​ឡើយ ចូរ​ជឿ​ដល់​ពន្លឺ​ចុះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ»។ កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ ដោយ​កំបាំង​ពី​គេ។
ប្រជា‌ជន​មិន​ព្រម​ជឿ​ដល់​ព្រះ‌យេស៊ូវ
37ទោះ​បើ​ព្រះ‌អង្គ​បាន​ធ្វើ​ទី​សម្គាល់ជា​ច្រើន នៅ​មុខ​គេ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ជឿ​ដល់​ព្រះ‌អង្គ​ដដែល 38ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​ហោរា​អេសាយ ដែល​ទាយ​ថា៖
«ព្រះ‌អម្ចាស់​អើយ
តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​ខ្ញុំ​ប្រាប់
ហើយ​តើ​ព្រះ‌ហស្ត​ព្រះ‌អម្ចាស់
បាន​បើក​សម្តែង​ឲ្យ​អ្នក​ណា​ឃើញ?»
39ដូច្នេះ បាន​ជា​គេ​ពុំ​អាច​ជឿ​បាន ព្រោះ​លោក​អេសាយ​ក៏​បាន​ទាយ​ដូច្នេះ​ដែរ​ថា៖
40«ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ឲ្យ​ចិត្ត​គេ​រឹង
ក្រែង​គេ​អាច​មើល​ឃើញនឹង​ភ្នែក
ហើយចិត្ត​របស់​គេ​យល់ រួច​គេ​ងាក​បែរ
ដើម្បី​ឲ្យ​យើង​បាន​ប្រោស​គេឲ្យ​ជា» ។
41លោក​អេសាយ​ថ្លែង​ដូច្នេះ ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ព្រះ‌អង្គ ហើយ​ក៏​ថ្លែង​ពី​ព្រះ‌អង្គ។ 42ក្នុង​ចំណោម​ពួក​នាម៉ឺន មាន​ច្រើន​នាក់​បាន​ជឿ​ដល់​ព្រះ‌អង្គ តែ​គេ​មិន​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ផារិ‌ស៊ី​កាត់​ពួក​គេ​ចេញ​ពី​សាលា​ប្រជុំ 43ពួក​គេ​ចូល​ចិត្ត​ពាក្យ​សរសើរ​ពី​មនុស្ស ជា​ជាង​ពាក្យ​សរសើរ​ពី​ព្រះ។
សង្ខេប​សេចក្ដី​បង្រៀន​របស់​ព្រះយេស៊ូវ
44ព្រះ‌យេស៊ូវ​បន្លឺ​ព្រះ​សូរសៀង​ខ្លាំង​ៗ​ថា៖ «អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មិន​មែន​ជឿ​ដល់​ខ្ញុំ​តែ​ប៉ុណ្ណោះ​ទេ គឺ​ជឿ​ដល់​ព្រះ‌អង្គដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ។ 45អ្នក​ណា​ដែល​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​ឃើញ​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។ 46ខ្ញុំ​បាន​មក​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នៅ​ជាប់​នៅ​ក្នុង​សេចក្តី​ងងឹត។ 47បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ ហើយ​មិន​ប្រព្រឹត្ត​តាម ខ្ញុំ​មិន​កាត់​ទោស​អ្នក​នោះ​ឡើយ ដ្បិត​ខ្ញុំ​មក មិន​មែន​ដើម្បី​កាត់​ទោស​មនុស្ស​លោក​ទេ គឺ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ។ 48អ្នក​ណា​ដែល​បដិសេធ ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅ​ក្រម​ដែល​កាត់​ទោស​ហើយ គឺ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​កាត់​ទោស​គេ នៅ​ថ្ងៃ​ចុង​បំផុត។ 49ដ្បិត​ខ្ញុំ​មិន​បាន​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​បាន​បង្គាប់​ខ្ញុំ ពី​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​និយាយ ហើយ​ពី​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​ដែរ។ 50ខ្ញុំ​ដឹង​ថា សេចក្តី​ដែល​ព្រះ‌អង្គ​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដូច្នេះ អ្វី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​តាម​តែ​ព្រះ‌វរបិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។

தற்சமயம் தேர்ந்தெடுக்கப்பட்டது:

យ៉ូហាន 12: គកស១៦

சிறப்புக்கூறு

பகிர்

நகல்

None

உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்