YouVersion Logo
Search Icon

យេរេ‌មា 18

18
1នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា​ថា 2ចូរ​ក្រោក​ឡើង ចុះ​ទៅ​ឯ​ផ្ទះ​ជាង​ស្មូន នៅ​ទី​នោះអញ​នឹង​ឲ្យ​ឯង​ឮ​ពាក្យ​អញ 3ដូច្នេះ ខ្ញុំ​ក៏​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ជាង​ស្មូន ហើយ​មើល គាត់​កំពុង​តែ​ធ្វើ​ការ​នៅ​លើ​តុ​វិល 4បើ​កាល​ណា​ភាជនៈ ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ។
5ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា 6ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ តើ​អញ​គ្មាន​អំណាច​នឹង​ធ្វើ​ដល់​ឯង​រាល់​គ្នា ដូច​ជា​ជាង​ស្មូន​នេះ​បាន​ធ្វើ​ដែរ​ទេ​ឬ​អី មើល ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ 7នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​ដំណើរ​សាសន៍​ណា ឬ​នគរ​ណា​ថា នឹង​ដក​រំលើង​គេ ព្រម​ទាំង​រំលំ ហើយ​បំផ្លាញ​ផង 8បើ​សិន​ជា​នគរ​ដែល​អញ​បាន​និយាយ​នោះ នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន នោះ​អញ​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​គិត​ធ្វើ​ដល់​គេ​ក្នុង​វេលា​នោះ​ឯង 9ហើយ​នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​សាសន៍​ណា ឬ​នគរ​ណា ថា​នឹង​ស្អាង​គេ ហើយ​តាំង​គេ​ឡើង 10បើ​សិន​ជា​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ភ្នែក​អញ ហើយ​មិន​ស្តាប់​តាម​ពាក្យ​អញ​វិញ នោះ​អញ​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​ល្អ ដែល​អញ​បាន​ថា​នឹង​ធ្វើ​ដល់​គេ​នៅ​វេលា​នោះ​ដែរ 11ដូច្នេះ ចូរ​ប្រាប់​ដល់​មនុស្ស​នៅ​ស្រុក​យូដា ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ឥឡូវ​នេះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​មើល អញ​កំពុង​តែ​ឡោម‌ព័ទ្ធ​ឯង​រាល់​គ្នា​ជុំវិញ ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​គំនិត​ទាស់​នឹង​ឯង​ដែរ ដូច្នេះ ចូរ​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ឯង​រៀង​ខ្លួន ហើយ​ឲ្យ​កែ​ប្រែ​ផ្លូវ​ប្រព្រឹត្ត នឹង​កិរិយា​របស់​ឯង​ឡើង​វិញ​ឥឡូវ​ចុះ 12តែ​គេ​ឆ្លើយ​ថា ឥត​ប្រយោជន៍​ទេ ដ្បិត​យើង​រាល់​គ្នា​នឹង​ដើរ​តាម​តែ​គំនិត​របស់​យើង​ប៉ុណ្ណោះ យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​តែ​សេចក្ដី​រឹង‌ចចេស​នៃ​ចិត្ត​អាក្រក់​របស់​យើង​រៀង​ខ្លួន។
13ហេតុ​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ស៊ើប​សួរ​រក​នៅ​កណ្តាល​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ចុះ តើ​ដែល​មាន​អ្នក​ណា​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​ទេ នាង​ក្រមុំ​នៃ​ពួក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ការ​ដ៏​ពន្លឹក​គួរ​ស្បើម 14តើ​ហិមៈ​នៅ​លើ​ភ្នំ​ល្បាណូន នឹង​លែង​មាន​ពី​ថ្ម​នៅ​វាល​បាន​ឬ តើ​ទឹក​ត្រជាក់​ដែល​ហូរ​ចុះ​មក​ពី​ទី​ឆ្ងាយ នឹង​ហួត​បាត់​ទៅ​ឬ​អី 15ដ្បិត​ឯ​រាស្ត្រ​អញ​នេះ គេ​បាន​ភ្លេច​អញ​ហើយ គេ​បាន​ដុត​កំញាន​ថ្វាយ​ដល់​អស់​ទាំង​ព្រះ​ក្លែង‌ក្លាយ ហើយ​គេ​ត្រូវ​ចំពប់​ក្នុង​ផ្លូវ​របស់​ខ្លួន គឺ​ជា​ផ្លូវ​ពី​ចាស់​បុរាណ ឲ្យ​បាន​ដើរ​វាង​ទៅ​តាម​ផ្លូវ​ច្រក​ដែល​មិន​បាន​លើក​ឡើយ 16ដើម្បី​ឲ្យ​ស្រុក​គេ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​មនុស្ស​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ​ជានិច្ច អស់​អ្នក​ណា​ដែល​ដើរ​តាម​ស្រុក​នោះ នឹង​ភាំង​ឆ្ងល់ ហើយ​គ្រវី​ក្បាល​ផង 17អញ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​អញ​នឹង​បែរ​ខ្នង​ដល់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​គេ​មាន​សេចក្ដី​វេទនា​នោះ​ឡើយ។
18លំដាប់​នោះ គេ​បបួល​គ្នា​ថា ចូរ​មក យើង​រក​បង្កើត​ឧបាយ​ទាស់​នឹង​យេរេមា​ចុះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្ដី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​ឡើយ ចូរ​មក​ចុះ យើង​នឹង​វាយ​វា​ដោយ​អណ្តាត កុំ​ឲ្យ​យើង​ស្តាប់​តាម​ពាក្យ​ណា​របស់​វា​ទៀត​ឡើយ។
19ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រុង​ស្តាប់​ទូលបង្គំ​សូម​ស្តាប់​ពាក្យ​របស់​ពួក​អ្នក ដែល​តតាំង​នឹង​ទូលបង្គំ​ផង 20តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ​អី ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូលបង្គំ​ហើយ សូម​នឹក​ចាំ​ពី​ទូលបង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​សូម​សេចក្ដី​ល្អ​ឲ្យ​គេ ហើយ​នឹង​បំបែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ​ពី​គេ​ដែរ 21ដូច្នេះ សូម​ទ្រង់​ប្រគល់​កូន​ចៅ​គេ​ដល់​សេចក្ដី​អំណត់‌អត់ ហើយ​ខ្លួន​គេ​ដល់​អំណាច​ដាវ​ផង សូម​ឲ្យ​ប្រពន្ធ​គេ​នៅ​ជា​ឥត​មាន​កូន នឹង​ជា​មេម៉ាយ ហើយ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ត្រូវ​ស្លាប់ នឹង​ពួក​កំឡោះៗ​របស់​គេ​ត្រូវ​របួស ដោយ​ដាវ​ក្នុង​សង្គ្រាម 22សូម​ឲ្យ​មាន​ឮ​សំរែក​ចេញ​ពី​ផ្ទះ​គេ ក្នុង​កាល​ដែល​ទ្រង់​នាំ​ពួក​ពល‌ទ័ព​មក​លើ​គេ​ភ្លាម ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​នឹង​ចាប់​ទូលបង្គំ​ហើយ​ក៏​បាន​លាក់​អន្ទាក់ ដើម្បី​នឹង​ទាក់​ជើង​ទូលបង្គំ​ផង 23ប៉ុន្តែឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​អស់​ទាំង​គំនិត ដែល​គេ​ប្រឹក្សា​គ្នា ដើម្បី​សំឡាប់​ទូលបង្គំ​ហើយ សូម​ទ្រង់​កុំ​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​លុប​អំពើ​បាប​របស់​គេ​ពី​ចំពោះ​ទ្រង់​ដែរ គឺ​ឲ្យ​គេ​ត្រូវ​ដួល​នៅ​ចំពោះ​ទ្រង់​វិញ សូម​ទ្រង់​សំរេច​ដល់​គេ ក្នុង​វេលា​ដែល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ចុះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in