YouVersion Logo
Search Icon

ទំនុកដំកើង 56

56
ពាក្យ​កាព្យ​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​តាម​បទ «សត្វ​ព្រាប​គ​នៅ​ស្រុក​ឆ្ងាយ» ក្នុង​កាល ដែល​សាសន៍​ភីលីស្ទីន​ចាប់​ទ្រង់​នៅ​ក្រុង​កាថ សំរាប់​មេ​ភ្លេង។
1ឱ​ព្រះ‌អង្គ​អើយ
សូម​ទ្រង់​អាណិត​មេត្តា​ដល់​ទូលបង្គំ
ដ្បិត​មនុស្ស​ចង់​លេប​បំបាត់​ទូលបង្គំ​ហើយ
គេ​សង្កត់‌សង្កិន ដោយ​តស៊ូ​នឹង​ទូលបង្គំ​ជា​ដរាប​រាល់​ថ្ងៃ
2គឺ​ពួក​ខ្មាំង​សត្រូវ​ចង់​តែ​លេប​បំបាត់​ទូលបង្គំ
ជា​ដរាប​រាល់​ថ្ងៃ
ដ្បិត​មាន​គ្នា​ច្រើន​ដែល​តស៊ូ​នឹង​ទូលបង្គំ
ដោយ​ចិត្ត​ឆ្មើង‌ឆ្មៃ
3តែ​វេលា​ណា​ដែល​ទូលបង្គំ​ភ័យ
នោះ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់
4នៅ​ក្នុង​ព្រះ (ទូលបង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់)
គឺ​សេចក្ដី​ពឹង‌ពាក់​របស់​ទូលបង្គំ
នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ
ទូលបង្គំ​នឹង​មិន​ខ្លាច​ឡើយ តើ​សាច់​ឈាម​នឹង​អាច
ធ្វើ​អ្វី​ដល់​ទូលបង្គំ​បាន
5គេ​មួល‌បង្កាច់​ពាក្យ​ទូលបង្គំ​វាល់​ព្រឹក​វាល់​ល្ងាច
អស់​ទាំង​គំនិត​របស់​គេ​សុទ្ធ​តែ​ប៉ង​អាក្រក់​ដល់​ទូលបង្គំ
6គេ​ប្រជុំ​គ្នា គេ​បំពួន​ខ្លួន
គេ​ឃ្លាំ​មើល​អស់​ទាំង​ជំហាន​របស់​ទូលបង្គំ
ដោយ​ចាំ​សង្គ្រុប​ចាប់​ជីវិត​ទូលបង្គំ
7តើ​គេ​នឹង​គេច​រួច ដោយ​អំពើ​អាក្រក់​យ៉ាង​នោះ​ឬ
ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​បោះ​ទំលាក់​ពួក​ទាំង​នេះ​ចុះ
ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់
8ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​របស់​ទូលបង្គំ
សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូលបង្គំ
ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់
ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី
9យ៉ាង​នោះ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​អំពាវ‌នាវ
នោះ​ពួក​ខ្មាំង​សត្រូវ​នឹង​ថយ​ចេញ​ទៅ
ទូលបង្គំ​ដឹង​ហើយ ដ្បិត​ព្រះ‌ទ្រង់​គង់​នៅ​ខាង​ទូលបង្គំ
10នៅ​ក្នុង​ព្រះ ទូលបង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់
នៅ​ក្នុង​ព្រះ‌យេហូវ៉ា ទូលបង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់
11សេចក្ដី​ពឹង‌ពាក់​របស់​ទូលបង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ
ទូលបង្គំ​នឹង​មិន​ខ្លាច​ឡើយ
តើ​មនុស្ស​នឹង​អាច​ធ្វើ​អ្វី​ដល់
ទូលបង្គំ​បាន
12ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​នៅ​ជាប់​បំណន់​នឹង​ទ្រង់
ទូលបង្គំ​នឹង​ថ្វាយ​ដង្វាយ​អរ​ព្រះ‌គុណ​ដល់​ទ្រង់
13ដ្បិត​ទ្រង់​បាន​ជួយ​ជីវិត​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់
ក៏​បាន​ជួយ​ជើង​ទូលបង្គំ​ឲ្យ​រួច​ពី​ជំពប់​ដួល​ដែរ
ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដើរ​នៅ​ចំពោះ​ព្រះ
ក្នុង​ពន្លឺ​នៃ​មនុស្ស​រស់​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in