YouVersion Logo
Search Icon

អេសាយ 22

22
ព្រះ‌បន្ទូល​ព្រមាន​ក្រុង​យេរូ‌សាឡិម
1នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ច្រក​ភ្នំ​នៃ​និមិត្ត។
តើ​មាន​ការ​អ្វី​ហ្នឹង បាន​ជា​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​គ្រប់​គ្នា​ដូច្នេះ?
2ឱ​អ្នក​ដែល​ពេញ​ដោយ​សម្រែក
ជា​ទី​ក្រុង​អ៊ឹក‌ធឹក​គ្រឹក‌គ្រេង
ជា​តំបន់​អរ​សប្បាយ​អើយ
ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់
នោះ​មិន​បាន​ស្លាប់​ដោយ​ដាវ​ទេ
ក៏​មិន​បាន​ស្លាប់​ក្នុង​ចម្បាំង​ដែរ។
3ពួក​អ្នក​ដែល​គ្រប់‌គ្រង​លើ​អ្នក
គេ​បាន​រត់​ទៅ​ជា‌មួយ​គ្នា
តែ​ពួក​ពល​ធ្នូ​ចាប់​ចង​គេ​បាន​ហើយ
ពួក​អ្នក​ដែល​គេ​រក​ឃើញ
ជា​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ឆ្ងាយ​ហើយ
4ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា
ចូរ​បែរ​មុខ​ចេញ​ពី​ខ្ញុំ​ទៅ
ខ្ញុំ​នឹង​យំ​យ៉ាង​ក្រំ​ចិត្ត
កុំ​ខំ​ជួយ​កម្សាន្ត​ទុក្ខ​ខ្ញុំ
ដោយ​ព្រោះ​សាសន៍​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ
ដែល​ត្រូវ​បំផ្លាញ​នោះ​ឡើយ។
5ដ្បិត​នេះ​ជា​ថ្ងៃ​ចលា‌ចល
ថ្ងៃ​ជាន់​ឈ្លី ហើយ​វល់​គំនិត
ដែល​មក​ពី​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
នៅ​ត្រង់​ច្រក​ភ្នំ​នៃ​និមិត្ត
គឺ​ជា​ការ​រំលំ‌រំលាយ​កំផែង
ហើយ​ជា​ការ​ស្រែក​ឮ​ខ្ទរ​នៅ​ក្នុង​ភ្នំ។
6ពួក​អេឡាំ​ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ
គេ​ក៏​មាន​រទេះ​ចម្បាំង​ពេញ​ដោយ​មនុស្ស
ហើយ​មាន​ពល​សេះ​ផង
ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ។
7យ៉ាង​នោះ ច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​អ្នក
បាន​ពេញ​ដោយ​រទេះ​ចម្បាំង
ហើយ​ពួក​ពល​សេះ​ក៏​តម្រៀប​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។
8គេ​ក៏​បើក​ស្បៃ​របាំង​ចេញ​ពី​ស្រុក​យូដា
នៅ​ថ្ងៃ​នោះ អ្នក​បាន​ទី​ពឹង​ដល់​គ្រឿង​សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់​ព្រៃ 9អ្នក​រាល់​គ្នា​បាន​ឃើញ​កន្លែង​រំលំ‌រំលាយ​នៅ​ក្រុង​ដាវីឌ ថា​មាន​ច្រើន​ណាស់ អ្នក​រាល់​គ្នា​បាន​ប្រមូល​ទឹក​នៃ​ស្រះ​ខាង​ក្រោម​ទុក 10ក៏​បាន​រាប់​ចំនួន​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​រុះ​ផ្ទះ​យក​ថ្ម​ទៅ​ប៉ះ​កំផែង​ក្រុង​ឲ្យ​មាំ‌មួន​ឡើង។ 11អ្នក​រាល់​គ្នា​បាន​ជីក​ស្រះ​ទឹក នៅ​កណ្ដាល​កំផែង​ទាំង​ពីរ សម្រាប់​ទឹក​របស់​ស្រះ​ចាស់ ប៉ុន្តែ អ្នក​មិន​បាន​ពឹង‌ពាក់​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​ធ្វើ​ការ​ទាំង​នេះ ឬ​ផ្អែក​ដល់​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នេះ​ជា​យូរ​មក​ហើយ​នោះ​ទេ។
12នៅ​គ្រា​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា ឲ្យ​មក​យំ
ឲ្យ​មក​សោយ‌សោក កោរ​សក់
ហើយ​ស្លៀក​សំពត់​ធ្មៃ
13តែ​មើល៍ មាន​សុទ្ធ​តែ​អំណរ ហើយ​រីក‌រាយ​វិញ
ជា​ការ​សម្លាប់​គោ និង​ចៀម ស៊ី​សាច់
ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ
ដោយ​ពោល​ថា ចូរ​យើង​ស៊ី ហើយ​ផឹក​ទៅ
ដ្បិត​នៅ​ថ្ងៃ​ស្អែក​នេះ យើង​ត្រូវ​ស្លាប់​ហើយ។
14នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
បាន​បើក​សម្ដែង​អង្គ​ទ្រង់​នៅ​ត្រចៀក​ខ្ញុំ​ថា
ពិត​ប្រាកដ​ជា​អំពើ​ទុច្ចរិត​នេះ
នឹង​មិន​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ
ដរាប​ដល់​អ្នក​រាល់​គ្នា​ស្លាប់​បង់
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា
នៃ​ពួក​ពល‌បរិវារ។
ការ​បរិហារ​ពីចៅ​ហ្វាយ​របស់​ខ្លួន
15ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រក​អ្នក​ឧកញ៉ា​នោះ​ចុះ គឺ​សេប‌ណា ដែល​ត្រួត‌ត្រា​លើ​ព្រះ‌រាជ​ដំណាក់ ហើយ​សួរ​ថា 16"អ្នក​មាន​ការ​អ្វី​នៅ​ទី​នេះ? តើ​មាន​ញាតិ‌សន្តាន​ណា​នៅ​ទី​នេះឬ បាន​ជា​អ្នក​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​ដូច្នេះ ដូច​ជា​អ្នក​ណា​ដែល​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សម្រាប់​ខ្លួន​នៅ​ក្នុង​ថ្ម? 17មើល៍ ព្រះ‌យេហូវ៉ា​នឹង​បោះ​អ្នក​ចោល​ទៅ​ដោយ​កម្លាំង ព្រះ‌អង្គ​នឹង​រុំ​អ្នក​យ៉ាង​ជិត 18ព្រះ‌អង្គ​នឹង​រុំ​ឆ្វាក់​អ្នក​ជា​ពិត ហើយ​បោះ​អ្នក​ទៅ​ក្នុង​ស្រុក​មួយ​ធំ​ទូលាយ ដូច​ជា​គេ​បោះ​ដុំ​អំបោះ អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ គឺ​នៅ​ទី​នោះ​ហើយ​ដែល​មាន​រទេះ​ដ៏​រុងរឿង​របស់​អ្នក ឱ​អ្នក​ដែល​នាំ​ឲ្យ​ព្រះ‌រាជ‌វង្ស​នៃ​ចៅ‌ហ្វាយ​ខ្លួន​មាន​សេចក្ដី​ខ្មាស​អើយ" 19យើង​នឹង​បណ្តេញ​អ្នក​ពី​ដំណែង​ចេញ ហើយ​អ្នក​នឹង​ត្រូវ​ទម្លាក់​ចុះ​ពី​ការ‌ងារ។ 20នៅ​គ្រា​នោះ យើង​នឹង​ហៅ​អេលា‌គីម​ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​បម្រើ​របស់​យើង​មក។ 21យើង​នឹង​យក​អាវ​យស​របស់​អ្នក​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កម្លាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​អ្នក​ផង យើង​នឹង​ប្រគល់​អំណាច​ត្រួត‌ត្រា​របស់​អ្នក ទៅ​ក្នុង​កណ្ដាប់​ដៃ​គាត់ នោះ​គាត់​នឹង​ធ្វើ​ជា​ឪពុក ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ពូជ‌ពង្ស​យូដា​ដែរ។ 22យើង​នឹង​យក​កូន​សោ​នៃ​វង្ស​ដាវីឌ ដាក់​លើ​ស្មា​គាត់ គាត់​នឹង​បើក ឥត​មាន​អ្នក​ណា​បិទ​បាន​ឡើយ ក៏​នឹង​បិទ ឥត​មាន​អ្នក​ណា​បើក​បាន​ដែរ។ 23យើង​នឹង​បោះ​គាត់​ភ្ជាប់ ដូច​ជា​បោះ​ដែក​គោល​ជាប់​នៅ​កន្លែង​មួយ​ដែល​ស្ថិត‌ស្ថេរ ហើយ​គាត់​នឹង​ធ្វើ​ជា​បល្ល័ង្ក​ដ៏​រុងរឿង​ដល់​វង្សា​របស់​បិតា​គាត់។ 24គេ​នឹង​នាំ​យក​អស់​ទាំង​សិរី‌ល្អ​នៃ​វង្សា​របស់​បិតា​គាត់ មក​បំពាក់​នៅ​លើ​គាត់​វិញ គឺ​ទាំង​ពូជ‌ពង្ស​ជិត​ឆ្ងាយ និង​គ្រឿង​ប្រដាប់​តូចៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ពែង​រហូត​ដល់​ថូ​ទាំង​អស់»។ 25ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ ដែក​គោល​ដែល​បាន​បោះ​ភ្ជាប់​នៅ​ទី​ដែល​ស្ថិត‌ស្ថេរ នឹង​ត្រូវ​ដក​ចេញ រួច​ត្រូវ​កាប់​ផ្តួល​ចុះ ហើយ​ដួល​ជា​ពិត ឯ​បន្ទុក​ដែល​គេ​បាន​ពាក់​នៅ​លើ​ដែក​គោល​នោះ នឹង​ត្រូវ​កាត់​ផ្តាច់ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 22