YouVersion Logo
Search Icon

អេសាយ 61

61
ដំណឹង​ល្អ​ស្តី​អំពី​ការ​សង្គ្រោះ
1ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ
ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ
ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ
ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក
ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង
និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ
ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង
2ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ
ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ
និង​ពី​ថ្ងៃ​ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង‌សឹក
ហើយ​ឲ្យ​កម្សាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ‌សោក
3ក៏​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក
នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លម្អ​ជំនួស​ផេះ
ហើយ​ប្រេង​នៃ​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ
ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ
ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់
ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត
គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ
មាន​ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង។
4គេ​នឹង​សង់​អស់​ទាំង​ទីក្រុង ដែល​ខូច‌បង់​ពី​ដើម​ឡើង​វិញ
ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើង​ជា​ថ្មី
គេ​នឹង​ជួស‌ជុល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច‌បង់
និង​ទី​កន្លែង​ដែល​ចោល​ស្ងាត់​ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។
5គ្រា​នោះ ពួក​សាសន៍​ដទៃ​នឹង​ឃ្វាល​ហ្វូង​សត្វ​ឲ្យ​អ្នក
មនុស្ស​ប្រទេស​ក្រៅ​នឹង​ភ្ជួរ​រាស់
ហើយ​ថែ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឲ្យ​អ្នក។
6តែ​អ្នក​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា
មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​អ្នក​រាល់​គ្នា
ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា
អ្នក​រាល់​គ្នា​នឹង​ស៊ី​ទ្រព្យ‌សម្បត្តិ​របស់​អស់​ទាំង​សាសន៍
ហើយ​មាន​សេចក្ដី​រីក‌រាយ​ដោយ​របស់​រុងរឿង​នៃ​គេ។
7អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​មួយ​ជា​ពីរ
ជំនួស​សេចក្ដី​ខ្មាស​របស់​អ្នក
ហើយ​មាន​សេចក្ដី​រីក‌រាយ
ដោយ​ចំណែក​ដែល​ខ្លួន​ទទួល​ជំនួស​សេចក្ដី​អាប់‌យស
ដូច្នេះ អ្នក​នឹង​បាន​ពីរ​ចំណែក​នៅ​ក្នុង​ស្រុក​របស់​អ្នក
ហើយ​មាន​អំណរ​នៅ​អស់​កល្ប​ជា‌និច្ច។
8ដ្បិត​យើង​គឺ​ព្រះ‌យេហូវ៉ា
យើង​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌
យើង​ស្អប់​ការ​លួច​ប្លន់ និង​អំពើ​ទុច្ចរិត
យើង​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ដោយ​សេចក្ដី​ពិត
ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា
ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ជា​មួយ​អ្នក។
9គេ​នឹង​ស្គាល់​ពូជ‌ពង្ស​របស់​អ្នក
នៅ​កណ្ដាល​អស់​ទាំង​សាសន៍
ហើយ​កូន​ចៅ​របស់​អ្នក នៅ​កណ្ដាល​ជន​ជាតិ​ទាំង‌ឡាយ
អស់​អ្នក​ណា​ដែល​ឃើញ​អ្នក​នឹង​ទទួល​ស្គាល់​ថា
អ្នក​ជា​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ។
10ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា
ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ
ដ្បិត​ព្រះ‌អង្គ​បាន​ប្រដាប់​ខ្លួន​ខ្ញុំ
ដោយ​សម្លៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ
ព្រះ‌អង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត
ដូច​ជា​ប្តី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លម្អ
ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី
ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ។
11ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក
ហើយ​សួន‌ច្បារ​បណ្ដាល​ឲ្យ​ពូជ​ផ្សេងៗ
ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា
នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត
និង​សេចក្ដី​សរសើរបាន​លេច​ឡើង
នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 61