YouVersion Logo
Search Icon

រ៉ូម ពាក្យ​លំនាំ

ពាក្យ​លំនាំ
ក្រុងរ៉ូម៖ កាល​ពី​ដើម ក្រុង​រ៉ូម​ជា​រាជ​ធានី​របស់​ចក្រ‌ភព​រ៉ូម ដែល​មាន​ព្រះ‌ចៅ‌អធិរាជ​សេ‌សារ​គ្រប់​គ្រង។ សព្វ​ថ្ងៃ​ក្រុង​នេះ​ជា​រដ្ឋ‌ធានី​របស់​ប្រទេស​អ៊ីតា‌លី។ មុន​ពេល​សរសេរ​សំបុត្រ​នេះ លោក​ប៉ុល​ពុំ​ដែល​បាន​ទៅ​ក្រុង​រ៉ូម​ទេ តែ​លោក​ស្គាល់​គ្រីស្ទ‌បរិស័ទ​សាសន៍​យូដា​ជា​ច្រើន​នៅ​ក្រុង​នោះ ព្រោះ​សាសន៍​យូដា​តែង​តែ​ធ្វើ​ដំណើរ​ទៅ​មក ក្នុង​ចក្រ‌ភព​រ៉ូម​ទាំង​មូល។ លោក​សរសេរ​សំបុត្រ​នេះ​ក្នុង​អំឡុង​គ.ស. ៥៧-៥៨ គឺ​ពេល​លោក​ស្នាក់​នៅ​ក្រុង​កូរិន‌ថូស (រ៉ូម ១៦.២៣)។ ប៉ុន្មាន​ខែ​មុន​លោក​សរសេរ​សំបុត្រ​ជូន​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​រ៉ូម លោក​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់ ផ្ញើ​ជូន​គ្រីស្ទ‌បរិស័ទ​នៅ​ស្រុក​កាឡា‌ទី​ដែរ ដើម្បី​រំឭក​គេ​ឲ្យ​ដឹង​ថា ព្រះ‌សង្គ្រោះ​មនុស្ស​មក​ពី​គេ​ជឿ មិន​មែន​មក​ពី​គេ​ខិត​ខំ​ប្រព្រឹត្ដ​អំពើ​ល្អ ដោយ​ប្រតិបត្ដិ​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ។ ដូច្នេះ ក្នុង​សំបុត្រ​ផ្ញើ​ទៅ​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​រ៉ូម​នេះ លោក​បាន​លាត​ត្រដាង​ជំនឿ​របស់​លោក តាម​សេចក្ដី​ដែល​លោក​បាន​ពន្យល់​ត្រួសៗ ដល់​គ្រីស្ទ‌បរិស័ទ​នៅ​ស្រុក​កាឡា‌ទី។
គោល​សំខាន់ៗ
• ១-៤
លោក​ប៉ុល​បញ្ជាក់​ថា មនុស្ស​គ្រប់ៗ​រូប មិន​ថា​ជាតិ​ណា​សាសន៍​ណា​ទេ សុទ្ធ​តែ​ជាប់​មាន​បាប​ទាំង​អស់ គឺ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ។ ដូច្នេះ គេ​ចាំ​បាច់​ត្រូវ​តែ​ជឿ​ដល់​ព្រះ‌យេស៊ូវ​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឲ្យ​បាន​សុចរិត និង​ទទួល​ជីវិត​ពី​ព្រះ។ ព្រះ‌អង្គ​ប្រោស​តែ​អ្នក​ជឿ​ប៉ុណ្ណោះ​ឲ្យ​បាន​សុចរិត ដូច​ព្រះ‌អង្គ​បាន​ប្រោស​លោក​អ័ប្រា‌ហាំ​ក្នុង​គម្ពីរ​សញ្ញា​ចាស់​ដែរ។
• ៥-៦
លោក​ប៉ុល​បរិយាយ​អំពី​អត្ថន័យ​នៃ​ពិធី​ជ្រមុជ​ទឹក គឺ​មនុស្ស​ទាំង​អស់​ដែល​ជឿ បាន​ចូល​រួម​ជា​មួយ​ព្រះ‌យេស៊ូវ ដែល​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ មនុស្ស​គ្រប់ៗ​រូប​សុទ្ធ​តែ​ជាប់​មាន​បាប រួម​ជា​មួយ​លោក​អ័ដាម​យ៉ាង​ណា គេ​ក៏​អាច​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ជា​មួយ​ព្រះ‌យេស៊ូវ​យ៉ាង​នោះ​ដែរ ឲ្យ​តែ​គេ​ជឿ​ដល់​ព្រះ‌អង្គ។
• ៧-៨
បរិយាយ​អំពី​ការ​រារែក​របស់​មនុស្ស ព្រោះ​មាន​កិលេស​តណ្ហា​គ្រប់​យ៉ាង​ទាក់​ទាញ​ចិត្ដ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​គេ និង​ប្រទាន​ព្រះ‌វិញ្ញាណ​ផ្ទាល់​របស់​ព្រះ‌អង្គ​មក​អ្នក​ជឿ ដើម្បី​រំដោះ​គេ​ឲ្យ​មាន​សេរីភាព​ដ៏​ពិត​ប្រាកដ។
• ៩-១១
លោក​ប៉ុល​បាន​យក​ប្រវត្ដិ‌សាស្ដ្រ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល មក​រិះ​គិត​អំពី​គម្រោង​ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​សង្គ្រោះ​មនុស្ស​គ្រប់​ជាតិ​សាសន៍។
• ១២-១៥
បរិយាយ​អំពី​របៀប​រស់​នៅ​តាម​ជីវិត​ថ្មី​របស់​គ្រីស្ទ‌បរិស័ទ គឺ​ទំនាក់​ទំនង​ជា​មួយ​ព្រះ ជា​មួយ​អ្នក​កាន់​អំណាច និង​ជា​មួយ​អ្នក​មាន​ជំនឿ​ដូច​គ្នា។
សំបុត្រ​នេះ​មាន​សារ‌សំខាន់​ជាង​សំបុត្រ​ឯ​ទៀតៗ ព្រោះ​លោក​ប៉ុល​វែក​ញែក​យ៉ាង​ល្អិត‌ល្អន់​អំពី​គោល​ជំនឿ​របស់​គ្រីស្ទ‌បរិស័ទ គឺ​ព្រះ‌សង្គ្រោះ​មនុស្ស​លោក ដោយ​គេ​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ មិន​មែន​ដោយ​សន្សំ​ផល​បុណ្យ ឬ​គ្រាន់​តែ​គោរព​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in