លោកុប្បត្តិ 8

8
ទឹកជំនន់ស្រកចុះ
1ព្រះ​បាន​នឹកចាំ​ណូអេ និង​អស់ទាំង​សត្វព្រៃ​សត្វស្រុក​ដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់​បក់កាត់​លើ​ផែនដី នោះ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​។ 2រីឯ​ប្រភពទឹក​នៃ​ទីជម្រៅ និង​បង្អួច​នៃ​មេឃ​ក៏​ត្រូវបាន​បិទ ហើយ​ភ្លៀង​ពី​លើមេឃ​ក៏​រាំង​។ 3ទឹក​បាន​ថយចេញ​ពីលើ​ផែនដី​ជាលំដាប់ លុះ​ផុត​មួយរយហាសិប​ថ្ងៃ ទឹក​ក៏​បាន​ស្រកចុះ​។ 4នៅ​ថ្ងៃ​ទី១៧ ខែ​ទីប្រាំពីរ ទូកធំ​កឿង​នៅលើ​ភ្នំ​អារ៉ារ៉ាត​។
5ទឹក​បាន​ស្រកចុះ​ជាលំដាប់​រហូតដល់​ខែ​ទីដប់​។ នៅ​ថ្ងៃ​ទី១ ខែ​ទីដប់ កំពូល​ភ្នំ​នានា​បាន​លេចឡើង​។ 6លុះ​ផុត​សែសិប​ថ្ងៃ​ទៀត ណូអេ​ក៏​បើក​បង្អួច​របស់​ទូកធំ​ដែល​គាត់​បាន​ធ្វើ 7ហើយ​លែង​ក្អែក​មួយ វា​ក៏​ហើរទៅមក​រហូតដល់​ទឹក​បាន​រីងស្ងួត​ពី​ផែនដី​។ 8បន្ទាប់មក គាត់​លែង​ព្រាប​មួយ​ដែល​នៅជាមួយ​គាត់ ដើម្បី​មើល​ថា​ទឹក​បាន​ស្រក​ពី​ផ្ទៃ​ផែនដី​ហើយឬនៅ 9ប៉ុន្តែ​ព្រាប​នោះ​រក​ទីសម្រាក​សម្រាប់​បាត​ជើង​វា​មិនបានឡើយ​។ វា​បាន​ត្រឡប់មក​រក​គាត់​ក្នុង​ទូកធំ​វិញ ដ្បិត​នៅតែ​មាន​ទឹក​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​វា ហើយ​យក​វា​មក​ក្នុង​ទូកធំ​ជាមួយ​គាត់​វិញ​។ 10គាត់​បាន​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ហើយ​លែង​ព្រាប​នោះ​ពី​ទូកធំ​ម្ដងទៀត​។ 11លុះដល់​ពេល​ល្ងាច ព្រាប​នោះ​ក៏​មក​រក​គាត់​វិញ នោះ​មើល៍! មាន​ស្លឹក​អូលីវ​ស្រស់​នៅក្នុង​មាត់​វា​! ដូច្នេះ ណូអេ​បាន​ដឹង​ថា​ទឹក​បាន​ស្រក​ពី​ផែនដី​ហើយ​។ 12គាត់​បាន​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ហើយ​លែង​ព្រាប​នោះ តែ​វា​មិន​ត្រឡប់មក​រក​គាត់​វិញ​ទៀត​ឡើយ​។ 13នៅ​ថ្ងៃ​ទី១ ខែ​ទីមួយ ឆ្នាំ​ទីប្រាំមួយរយមួយ ទឹក​បាន​ស្ងួត​អស់​ពី​ផែនដី​។ ណូអេ​ក៏​ដក​គម្រប​ទូកធំ​ចេញ ហើយ​មើល នោះ​មើល៍! ផ្ទៃ​ផែនដី​បាន​ស្ងួត​អស់ហើយ​។ 14នៅ​ថ្ងៃ​ទី២៧ ខែ​ទីពីរ ផែនដី​បាន​ស្ងួត​ទាំងស្រុង​។
សេចក្ដីសន្យារបស់ព្រះ
15បន្ទាប់មក ព្រះ​មានបន្ទូល​នឹង​ណូអេ​ថា​៖ 16“ចូរ​ចេញ​ពី​ទូកធំ​មក ទាំង​អ្នក ប្រពន្ធ​របស់អ្នក ពួក​កូនប្រុស​របស់អ្នក និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​អ្នក​ដែល​នៅជាមួយ​អ្នក​ផង​។ 17ចូរ​នាំ​អស់ទាំង​សត្វមានជីវិត​នៃ​គ្រប់ទាំង​សាច់​ដែល​នៅជាមួយ​អ្នក ចេញមក​ជាមួយ​អ្នក ទាំង​បក្សាបក្សី សត្វជើងបួន និង​អស់ទាំង​សត្វលូនវារ​ដែល​លូនវារ​លើ​ដី ដើម្បីឲ្យ​វា​បានពាសពេញ​លើ​ផែនដី ព្រមទាំង​បង្កើតកូន និង​កើនចំនួនឡើង​លើ​ផែនដី​ផង”។ 18ដូច្នេះ ណូអេ​ក៏​ចេញមក ទាំង​ពួក​កូនប្រុស​របស់គាត់ ប្រពន្ធ​របស់គាត់ និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​គាត់​ដែល​នៅជាមួយ​គាត់​។ 19សត្វព្រៃ​ទាំងអស់ សត្វលូនវារ​ទាំងអស់ បក្សាបក្សី​ទាំងអស់ គឺ​អស់ទាំង​សត្វ​ដែល​រវើក​លើ​ផែនដី​បាន​ចេញ​ពី​ទូកធំ​មក​តាម​ពូជ​របស់វា​។
20បន្ទាប់មក ណូអេ​បាន​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា ហើយ​យក​ពី​អស់ទាំង​សត្វជើងបួន​បរិសុទ្ធ និង​ពី​អស់ទាំង​បក្សាបក្សី​បរិសុទ្ធ មក​ថ្វាយ​ជា​តង្វាយដុត​នៅលើ​អាសនា​នោះ​។ 21ព្រះយេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ក្រអូបពិដោរ នោះ​ព្រះយេហូវ៉ា​មានបន្ទូល​ក្នុង​ព្រះហឫទ័យ​ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ដាក់បណ្ដាសា​ដី​ដោយសារតែ​មនុស្ស​ទៀត​ឡើយ ដ្បិត​បំណង​នៃ​ចិត្ត​របស់​មនុស្ស​តែងតែ​អាក្រក់​តាំងពី​ក្មេង​មក ដូច្នេះ​យើង​នឹង​មិន​សម្លាប់​គ្រប់ទាំង​អ្វីៗដែលមានជីវិត​ទៀត ដូចដែល​យើង​បាន​ធ្វើ​នោះ​ឡើយ​។
22ដរាបណា​នៅមាន​ផែនដី
រដូវសាបព្រោះ និង​រដូវច្រូតកាត់
ត្រជាក់ និង​ក្ដៅ
រដូវក្ដៅ និង​រដូវរងា
ថ្ងៃ និង​យប់
នឹង​មិន​ឈប់​មាន​ឡើយ”៕

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید