លោកុប្បត្តិ 9

9
សម្ពន្ធមេត្រីរបស់ព្រះជាមួយណូអេ
1ព្រះ​បាន​ប្រទានពរ​ណូអេ និង​ពួក​កូនប្រុស​របស់គាត់ ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី​។ 2ការខ្លាចក្រែង​ចំពោះ​អ្នករាល់គ្នា និង​ការភិតភ័យ​ចំពោះ​អ្នករាល់គ្នា នឹង​មាន​លើ​អស់ទាំង​សត្វព្រៃនៅលើផែនដី អស់ទាំង​បក្សាបក្សីនៅលើអាកាស អស់ទាំង​សត្វ​ដែល​លូនវារ​លើ​ដី និង​អស់ទាំង​ត្រីនៅក្នុងសមុទ្រ​; ពួកវា​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នករាល់គ្នា​ហើយ​។ 3អស់ទាំង​សត្វ​មាន​ជីវិត នឹង​បានជា​អាហារ​ដល់​អ្នករាល់គ្នា​; យើង​នឹង​ប្រគល់​របស់សព្វសារពើ​ទៅ​អ្នករាល់គ្នា ដូចដែល​យើង​បាន​ប្រគល់​រុក្ខជាតិ​ខៀវខ្ចី​ទៅ​អ្នករាល់គ្នា​ដែរ​។ 4យ៉ាងណាមិញ អ្នករាល់គ្នា​មិន​ត្រូវ​ហូប​សាច់​ដែល​មាន​ជីវិត គឺដែលមាន​ឈាម​របស់វា​ឡើយ​។ 5រីឯ​ចំពោះ​ឈាម​នៃ​ជីវិត​របស់អ្នករាល់គ្នា យើង​នឹង​ទាមទារ​ជាប្រាកដ គឺ​យើង​នឹង​ទាមទារ​ពី​ក្រញាំ​សត្វព្រៃ​ណាក៏ដោយ ក៏​នឹង​ទាមទារ​នូវ​ជីវិត​មនុស្ស​ពី​ដៃ​របស់​មនុស្ស​ដែរ សូម្បីតែ​ពី​ដៃ​បងប្អូន​របស់​ម្នាក់ណាក៏ដោយ​។
6អ្នកដែល​បង្ហូរ​ឈាម​មនុស្ស
ឈាម​របស់អ្នកនោះ​នឹង​ត្រូវបាន​បង្ហូរ​ដោយ​មនុស្ស​វិញ
ដ្បិត​ព្រះ​បាន​បង្កើត​មនុស្ស​តាម​រូបរាង​របស់ព្រះអង្គ​។
7រីឯ​អ្នករាល់គ្នា​វិញ ចូរ​បង្កើតកូន ហើយ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​កើនចំនួនឡើង​លើ​ផែនដី​ចុះ”។
8រួច​ព្រះ​មានបន្ទូល​នឹង​ណូអេ និង​ពួក​កូនប្រុស​របស់គាត់​ដែល​នៅជាមួយ​គាត់​ថា​៖ 9“ចំណែកឯ​យើង​វិញ មើល៍! យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នករាល់គ្នា និង​ជាមួយ​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នករាល់គ្នា 10ព្រមទាំង​ជាមួយ​អស់ទាំង​សត្វមានជីវិត​ដែល​នៅជាមួយ​អ្នករាល់គ្នា ទាំង​បក្សាបក្សី សត្វស្រុក និង​អស់ទាំង​សត្វព្រៃនៅលើផែនដី​ដែល​នៅជាមួយ​អ្នករាល់គ្នា គឺ​អស់ទាំង​សត្វមានជីវិតនៅផែនដី​ដែល​ចេញ​ពី​ទូកធំ​មក​។ 11យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នករាល់គ្នា ដើម្បីកុំឲ្យ​គ្រប់ទាំង​សាច់​ត្រូវបាន​កាត់ចេញ​ដោយ​ទឹកជំនន់​ទៀត​ឡើយ និង​ដើម្បី​កុំឲ្យ​មាន​ទឹកជំនន់​បំផ្លាញ​ផែនដី​ទៀត​ដែរ”។
12ព្រះ​មានបន្ទូល​ទៀត​ថា​៖ “នេះ​ជា​សញ្ញា​នៃ​សម្ពន្ធមេត្រី​ដែល​យើង​តាំង​រវាង​យើង និង​អ្នករាល់គ្នា ព្រមទាំង​សត្វមានជីវិត​ទាំងអស់​ដែល​នៅជាមួយ​អ្នករាល់គ្នា រហូតដល់​គ្រប់​ជំនាន់​តរៀងទៅ 13គឺ​យើង​បាន​ដាក់​ឥន្ទធនូ​របស់យើង​លើ​ពពក ហើយ​វា​នឹង​បានជា​សញ្ញា​នៃ​សម្ពន្ធមេត្រី​រវាង​យើង និង​ផែនដី​។ 14កាលណា​យើង​ប្រមូល​ពពក​លើ​ផែនដី ឥន្ទធនូ​ក៏​នឹង​លេចឡើង​នៅលើ​ពពក​ដែរ 15ហើយ​យើង​នឹង​នឹកចាំ​សម្ពន្ធមេត្រី​របស់យើង រវាង​យើង និង​អ្នករាល់គ្នា ព្រមទាំង​សត្វមានជីវិត​ទាំងអស់​នៃ​គ្រប់ទាំង​សាច់ នោះ​ទឹក​នឹង​មិន​ជន់ ដើម្បី​បំផ្លាញ​គ្រប់ទាំង​សាច់​ទៀត​ឡើយ​។ 16កាលណា​មាន​ឥន្ទធនូ​នៅ​លើ​ពពក យើង​នឹង​មើលឃើញ ក៏​នឹង​នឹកចាំ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​រវាង​ព្រះ និង​សត្វមានជីវិត​ទាំងអស់​នៃ​គ្រប់ទាំង​សាច់​ដែល​នៅលើ​ផែនដី”។ 17ព្រះ​មានបន្ទូល​នឹង​ណូអេ​ថា​៖ “នេះ​ជា​សញ្ញា​នៃ​សម្ពន្ធមេត្រី​ដែល​យើង​បាន​តាំង​រវាង​យើង និង​គ្រប់ទាំង​សាច់​ដែល​នៅលើ​ផែនដី”។
ពាក្យព្យាកររបស់ណូអេ
18ពួក​កូនប្រុស​របស់​ណូអេ​ដែល​ចេញ​ពី​ទូកធំ មាន​សិម ហាំ និង​យ៉ាផែត រីឯ​ហាំ​ជា​ឪពុក​របស់​កាណាន​។ 19បី​នាក់​នេះ​ជា​កូនប្រុស​របស់​ណូអេ ហើយ​មាន​មនុស្ស​បែកខ្ញែក​ចេញពី​អ្នកទាំងនេះ ទៅ​ផែនដី​ទាំងមូល​។
20ណូអេ​ចាប់ផ្ដើម​ធ្វើជា​កសិករ ហើយ​ធ្វើ​ចម្ការទំពាំងបាយជូរ​មួយ​។ 21គាត់​បាន​ផឹក​ស្រាទំពាំងបាយជូរ ហើយ​ស្រវឹង ក៏​ដេកខ្លួនទទេ​នៅក្នុង​រោង​របស់គាត់​។ 22រីឯ​ហាំ​ជា​ឪពុក​របស់​កាណាន បាន​ឃើញ​ភាពអាក្រាត​របស់​ឪពុក​ខ្លួន ក៏​ប្រាប់​បងប្អូន​ទាំង​ពីរ​នាក់​របស់គាត់​នៅ​ខាងក្រៅ​។ 23ពេលនោះ​សិម និង​យ៉ាផែត​យក​អាវវែង​មួយ ហើយ​ដាក់​លើ​ស្មា​របស់ពួកគេ​ទាំង​ពីរ​នាក់ រួច​ដើរ​ថយក្រោយ​មក​គ្របបាំង​ភាពអាក្រាត​របស់​ឪពុក​ខ្លួន​។ មុខ​របស់ពួកគេ​បាន​បែរចេញ ដូច្នេះ​ពួកគេ​មិន​បាន​ឃើញ​ភាពអាក្រាត​របស់​ឪពុក​ខ្លួន​ឡើយ​។
24កាល​ណូអេ​ស្វាង​ស្រា​ហើយ គាត់​ក៏​ដឹង​អ្វីដែល​កូនពៅ​របស់គាត់​បាន​ធ្វើ​ដល់​គាត់ 25នោះ​គាត់​ក៏​និយាយថា​៖
“កាណាន​ត្រូវបណ្ដាសា​ហើយ​!
វា​នឹង​ទៅជា​បាវបម្រើ​របស់​បាវបម្រើ ដល់​បងប្អូន​របស់វា”។
26គាត់​ក៏​និយាយ​ទៀត​ថា​៖
“សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់​សិម
ហើយ​ឲ្យ​កាណាន​ទៅជា​បាវបម្រើ​ដល់​សិម​។
27សូមឲ្យ​ព្រះ​ពង្រីក​យ៉ាផែត
សូមឲ្យ​វា​ស្នាក់នៅ​ក្នុង​រោង​របស់​សិម
ហើយ​ឲ្យ​កាណាន​ទៅជា​បាវបម្រើ​ដល់​យ៉ាផែត”។
28ក្រោយពី​ទឹកជំនន់ ណូអេ​រស់នៅ​បាន ៣៥០ ឆ្នាំ​ទៀត​។ 29ដូច្នេះ អាយុ​ទាំងអស់​របស់​ណូអេ​គឺ ៩៥០ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​៕

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید