យ៉ូហាន 3

3
ព្រះយេស៊ូវ និងនីកូដេម
1មាន​បុរស​ម្នាក់​ក្នុង​ពួកផារិស៊ី ឈ្មោះ​នីកូដេម ជា​មេគ្រប់គ្រង​នៃ​ជនជាតិយូដា​។ 2គាត់​មករក​ព្រះយេស៊ូវ​នៅ​ពេលយប់ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​គ្រូ​ដែល​មក​ពី​ព្រះ ពីព្រោះ​គ្មានអ្នកណា​អាច​ធ្វើ​ទីសម្គាល់​ទាំងនេះ​ដែល​លោក​កំពុង​ធ្វើ​បាន​ឡើយ លុះត្រាតែ​ព្រះ​គង់នៅ​ជាមួយ​អ្នកនោះ​ប៉ុណ្ណោះ”។
3ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិនបើ​អ្នកណា​មិន​បាន​កើតជាថ្មី#3:3, 7 កើត​ជា​ថ្មី―ឬ “កើតពីខាងលើ”។ទេ អ្នកនោះ​មិនអាច​ឃើញ​អាណាចក្រ​របស់​ព្រះ​បានឡើយ”។
4នីកូដេម​ទូល​ព្រះអង្គ​ថា​៖ “តើ​មនុស្ស​ចាស់​អាច​កើតមក​យ៉ាងដូចម្ដេច​បាន​? គាត់​មិន​អាច​ចូលទៅ​ក្នុង​ផ្ទៃ​ម្ដាយ​របស់​ខ្លួន​វិញ ហើយ​កើតមក​ម្ដងទៀត​ទេ មែនទេ​?”។
5ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិនបើ​អ្នកណា​មិន​បាន​កើតមក​ពី​ទឹក និង​ព្រះវិញ្ញាណ​ទេ អ្នកនោះ​មិនអាច​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​បានឡើយ​។ 6អ្វី​ដែល​កើតមក​ពី​សាច់ឈាម គឺជា​សាច់ឈាម ហើយ​អ្វី​ដែល​កើតមក​ពី​ព្រះវិញ្ញាណ គឺជា​វិញ្ញាណ​។ 7កុំ​ភ្ញាក់ផ្អើល ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា​: ‘អ្នក​ត្រូវតែ​កើតជាថ្មី’ នោះ​ឡើយ​។ 8ខ្យល់#3:8 ខ្យល់―ឬ “វិញ្ញាណ” ឬ “ព្រះវិញ្ញាណដ៏វិសុទ្ធ”។បក់​ទៅ​កន្លែងណាដែល​វា​ចង់ ហើយ​អ្នក​ឮ​សំឡេង​របស់​វា ប៉ុន្តែ​អ្នក​មិន​ដឹង​ថា វា​មក​ពី​ទីណា ឬ​ទៅ​ទីណា​ទេ អស់អ្នក​ដែល​កើតមក​ពី​ព្រះវិញ្ញាណ​ក៏ដូច្នោះដែរ”។
9នីកូដេម​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “តើ​ការទាំងនេះ​អាច​កើតឡើង​យ៉ាងដូចម្ដេច​បាន​?”។
10ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖“លោក​ជា​គ្រូ​នៃ​អ៊ីស្រាអែល តែ​មិន​យល់​ការទាំងនេះ​ទេ​ឬ​?​។ 11ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា យើង​និយាយ​អំពី​អ្វីដែល​យើង​បាន​ដឹង ហើយ​យើង​ធ្វើបន្ទាល់​អំពី​អ្វីដែល​យើង​បាន​ឃើញ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ទទួលយក​ពាក្យបន្ទាល់​របស់យើង​ទេ​។ 12ពេល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីៗ​នៃផែនដី អ្នករាល់គ្នា​មិន​ជឿ​ទៅហើយ ចុះ​ប្រសិនបើ​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីៗ​នៃស្ថានសួគ៌​វិញ តើ​អ្នករាល់គ្នា​នឹង​ជឿ​យ៉ាងដូចម្ដេច​? 13គ្មានអ្នកណា​បាន​ឡើងទៅ​ស្ថានសួគ៌​ឡើយ លើកលែងតែ​ព្រះអង្គ​ដែល​បាន​យាង​ចុះមក​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ គឺ​កូនមនុស្ស#3:13 ឯកសារបុរាណខ្លះបន្ថែម “ដែលគង់នៅស្ថានសួគ៌”។ 14ដូចដែល​ម៉ូសេ​បាន​លើក​សត្វពស់​ឡើង​នៅ​ទីរហោស្ថាន​យ៉ាងណា កូនមនុស្ស​ក៏​ត្រូវតែ​ទទួល​ការ​លើកឡើង​យ៉ាងនោះដែរ 15ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿលើ​ព្រះអង្គ#3:15 ឯកសារបុរាណខ្លះបន្ថែម “មិនវិនាសឡើយ ផ្ទុយទៅវិញ”។មាន​ជីវិតអស់កល្បជានិច្ច​។
16 “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្សលោក​ដល់ម្ល៉េះ បានជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រាតែមួយ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿលើ​ព្រះបុត្រានោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិតអស់កល្បជានិច្ច​វិញ 17ពីព្រោះ​ព្រះ​បាន​ចាត់​ព្រះបុត្រា​របស់ព្រះអង្គ#3:17 ឯកសារបុរាណខ្លះគ្មាន “របស់ព្រះអង្គ”។ឲ្យមក​ក្នុង​ពិភពលោក មិនមែន​ដើម្បី​កាត់ទោស​មនុស្សលោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្សលោក​តាមរយៈ​ព្រះបុត្រា​វិញ​។ 18អ្នក​ដែល​ជឿលើ​ព្រះអង្គ មិន​ត្រូវបាន​កាត់ទោស​ឡើយ រីឯ​អ្នក​ដែល​មិន​ជឿ ត្រូវបាន​កាត់ទោស​រួចហើយ ពីព្រោះ​គេ​មិន​បាន​ជឿលើ​ព្រះនាម​ព្រះបុត្រាតែមួយ​របស់​ព្រះ​។
19 “នេះ​ជា​ការកាត់ទោស គឺថា​ពន្លឺ​បាន​មក​ក្នុង​ពិភពលោក​ហើយ ប៉ុន្តែ​មនុស្ស​បាន​ស្រឡាញ់​សេចក្ដីងងឹត​ជាង​ពន្លឺ ពីព្រោះ​ការប្រព្រឹត្ត​របស់​ពួកគេ​គឺ​អាក្រក់​។ 20ជាការពិត អស់អ្នក​ដែល​ប្រព្រឹត្តការអាក្រក់​ស្អប់​ពន្លឺ ហើយ​មិន​មករក​ពន្លឺ​ទេ ក្រែងលោ​ការប្រព្រឹត្ត​របស់​ខ្លួន​ត្រូវបាន​លាតត្រដាង​។ 21រីឯ​អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីពិត​វិញ មករក​ពន្លឺ ដើម្បីឲ្យ​ការប្រព្រឹត្ត​របស់​ខ្លួន​ត្រូវបាន​សម្ដែង​ថា បាន​ប្រព្រឹត្ត​នៅក្នុង​ព្រះ”។
ព្រះយេស៊ូវ និងយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក
22បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មកដល់​ស្រុក​យូឌា ហើយ​ព្រះអង្គ​ស្នាក់នៅ​ទីនោះ​ជាមួយ​ពួកគេ ព្រមទាំង​ធ្វើពិធីជ្រមុជទឹក​ផង​។ 23យ៉ូហាន​ក៏​ធ្វើពិធីជ្រមុជទឹក​ដែរ នៅ​អេណូន​ជិត​សាលីម ពីព្រោះ​ទីនោះ​មាន​ទឹក​ច្រើន​។ មាន​មនុស្សជាច្រើន​មក​ទទួលពិធីជ្រមុជទឹក​ជាបន្តបន្ទាប់​។ 24ពេលនោះ យ៉ូហាន​មិនទាន់​ជាប់គុក​នៅឡើយទេ​។
25បន្ទាប់មក មាន​ការដេញដោលគ្នា​រវាង​ពួក​សិស្ស​របស់​យ៉ូហាន និង​ជនជាតិយូដា​ម្នាក់#3:25 ម្នាក់―ឯកសារបុរាណខ្លះថា “មួយចំនួន”។​អំពី​ពិធីជម្រះ​។ 26ពួកគេ​ក៏​មករក​យ៉ូហាន ហើយ​និយាយថា​៖ “រ៉ាប៊ី អ្នកដែល​នៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​ជាមួយ​លោក ដែល​លោក​ធ្លាប់​ធ្វើបន្ទាល់​នោះ មើល៍! គាត់​កំពុង​ធ្វើពិធីជ្រមុជទឹក ហើយ​មនុស្ស​ទាំងអស់​កំពុង​ទៅរក​គាត់”។
27យ៉ូហាន​និយាយ​តប​ថា​៖ “មនុស្ស​មិនអាច​ទទួល​អ្វី​មួយ​បានឡើយ លុះត្រាតែ​បាន​ប្រទានឲ្យ​អ្នកនោះ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ​។ 28អ្នករាល់គ្នា​ផ្ទាល់​ធ្វើបន្ទាល់​អំពី​ខ្ញុំ ដែល​ខ្ញុំ​ធ្លាប់​និយាយ​ថា​: ‘ខ្ញុំ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​មុន​ព្រះអង្គ’។ 29អ្នក​ដែល​យក​កូនក្រមុំ គឺ​កូនកំលោះ រីឯ​មិត្តសម្លាញ់​របស់​កូនកំលោះ​ដែល​ឈរ​ស្ដាប់​គាត់ ក៏មាន​អំណរ​អរសប្បាយ​ដោយសារតែ​សំឡេង​របស់​កូនកំលោះ ដូច្នេះ​អំណរ​របស់ខ្ញុំ​នេះ​ត្រូវបាន​បំពេញ​ហើយ​។ 30ព្រះអង្គ​ត្រូវតែ​ចម្រើនឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវតែ​ចុះថយ”។
ព្រះអង្គដែលមកពីស្ថានសួគ៌
31ព្រះអង្គ​ដែល​មក​ពីខាងលើ គឺ​នៅលើ​អ្វីៗ​ទាំងអស់ រីឯ​អ្នក​ដែល​មក​ពី​ផែនដី គឺជា​របស់​ផែនដី ហើយ​និយាយ​អំពី​ផែនដី​។ ព្រះអង្គ​ដែល​មក​ពី​ស្ថានសួគ៌ គឺ​នៅលើ​អ្វីៗ​ទាំងអស់​។ 32ព្រះអង្គ​ទ្រង់​ធ្វើបន្ទាល់​អំពី​អ្វីដែល​ព្រះអង្គ​បាន​ឃើញ និង​បាន​ឮ ប៉ុន្តែ​គ្មានអ្នកណា​ទទួលយក​ពាក្យបន្ទាល់​របស់​ព្រះអង្គ​ឡើយ​។ 33អ្នក​ដែល​ទទួលយក​ពាក្យបន្ទាល់​របស់​ព្រះអង្គ បាន​បោះត្រា​ថា ព្រះ​គឺ​ពិតត្រង់​។ 34ព្រះអង្គ​ដែល​ព្រះ​បាន​ចាត់ឲ្យមក ថ្លែង​ព្រះបន្ទូល​របស់​ព្រះ ពីព្រោះ​ព្រះ​ប្រទាន​ព្រះវិញ្ញាណ​ដោយ​គ្មាន​កម្រិត​។ 35ព្រះ​បិតា​ទ្រង់​ស្រឡាញ់​ព្រះបុត្រា ហើយ​បាន​ប្រទាន​អ្វីៗ​ទាំងអស់​មក​ក្នុង​ព្រះហស្ត​របស់​ព្រះបុត្រា​។ 36អ្នក​ដែល​ជឿលើ​ព្រះបុត្រា មាន​ជីវិតអស់កល្បជានិច្ច រីឯ​អ្នក​ដែល​មិនព្រមជឿ​ព្រះបុត្រា នឹង​មិន​ឃើញ​ជីវិត​ឡើយ ផ្ទុយទៅវិញ ព្រះពិរោធ​របស់​ព្រះ​ស្ថិតនៅ​លើ​អ្នកនោះ​៕

اکنون انتخاب شده:

យ៉ូហាន 3: GKHB

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید