យ៉ូហាន 4
4
ព្រះយេស៊ូវ និងស្ដ្រីសាម៉ារី
1នៅពេលព្រះយេស៊ូវទ្រង់ជ្រាបថា ពួកផារិស៊ីបានឮថាព្រះអង្គបង្កើតសិស្ស និងធ្វើពិធីជ្រមុជទឹកច្រើនជាងយ៉ូហាន 2(តាមពិត ព្រះយេស៊ូវផ្ទាល់មិនបានធ្វើពិធីជ្រមុជទឹកទេ គឺពួកសិស្សរបស់ព្រះអង្គវិញដែលធ្វើ) 3ព្រះអង្គក៏យាងចេញពីយូឌា ហើយទៅកាលីឡេម្ដងទៀត។ 4ប៉ុន្តែព្រះអង្គត្រូវយាងកាត់តាមសាម៉ារី 5ដូច្នេះ ព្រះអង្គក៏យាងមកដល់ទីក្រុងមួយដែលគេហៅថាស៊ូខារ នៅសាម៉ារី។ ទីក្រុងនោះនៅជិតដីមួយកន្លែងដែលយ៉ាកុបបានឲ្យយ៉ូសែបកូនរបស់គាត់ 6ហើយអណ្ដូងរបស់យ៉ាកុបក៏នៅទីនោះដែរ។ ព្រះយេស៊ូវទ្រង់អស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់ចុះនៅក្បែរអណ្ដូង។ ពេលនោះ ប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់#4:6 ម៉ោងដប់ពីរថ្ងៃត្រង់―ន័យត្រង់គឺ “ម៉ោងទីប្រាំមួយ”។។
7មានស្ត្រីសាម៉ារីម្នាក់មកដងទឹក។ ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“សូមឲ្យខ្ញុំផឹកផង”។ 8ពេលនោះ ពួកសិស្សរបស់ព្រះអង្គទៅទីក្រុងអស់ហើយ ដើម្បីទិញអាហារ។
9ស្ត្រីជនជាតិសាម៉ារីនោះទូលព្រះអង្គថា៖ “លោកជាជនជាតិយូដា ម្ដេចក៏សុំផឹកពីខ្ញុំដែលជាស្ត្រីជនជាតិសាម៉ារីដូច្នេះ?”។ ដ្បិតជនជាតិយូដាមិនសេពគប់ជាមួយជនជាតិសាម៉ារីទេ#4:9 ឯកសារបុរាណខ្លះគ្មាន “ដ្បិតជនជាតិយូដាមិនសេពគប់ជាមួយជនជាតិសាម៉ារីទេ”។។
10ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកដែលកំពុងនិយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’ ជាអ្នកណា ម្ល៉េះសមនាងបានសុំពីគាត់វិញ ហើយគាត់ក៏ឲ្យទឹករស់ដល់នាង”។
11ស្ត្រីនោះទូលព្រះអង្គថា៖ “លោកម្ចាស់ លោកគ្មានយោងដងទឹកទេ ហើយអណ្ដូងនេះក៏ជ្រៅ ចុះលោកបានទឹករស់មកពីណា? 12លោកមិនធំជាងយ៉ាកុបដូនតារបស់យើងខ្ញុំទេ មែនទេ? គាត់បានឲ្យអណ្ដូងនេះដល់យើងខ្ញុំ ហើយខ្លួនគាត់ និងកូនៗរបស់គាត់ ព្រមទាំងហ្វូងសត្វរបស់គាត់ក៏ផឹកពីអណ្ដូងនេះដែរ”។
13ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“អស់អ្នកដែលផឹកទឹកនេះ នឹងស្រេកទៀត 14ប៉ុន្តែអ្នកណាក៏ដោយដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះ នឹងមិនស្រេកសោះឡើយ គឺជារៀងរហូត។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំនឹងឲ្យអ្នកនោះ នឹងក្លាយជាប្រភពទឹកផុសឡើងដល់ជីវិតអស់កល្បជានិច្ចនៅក្នុងអ្នកនោះ”។
15ស្ត្រីនោះទូលព្រះអង្គថា៖ “លោកម្ចាស់ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក និងដើម្បីកុំឲ្យខ្ញុំមកដងនៅទីនេះឡើយ”។
16ព្រះអង្គមានបន្ទូលនឹងនាងថា៖“ចូរទៅហៅប្ដីរបស់នាងមកទីនេះ”។
17ស្ត្រីនោះទូលតបនឹងព្រះអង្គថា៖ “ខ្ញុំគ្មានប្ដីទេ”។
ព្រះយេស៊ូវមានបន្ទូលថា៖“ដែលនាងនិយាយថា: ‘គ្មានប្ដីទេ’ ត្រូវហើយ 18ពីព្រោះនាងធ្លាប់មានប្ដីប្រាំនាក់ហើយ រីឯម្នាក់ដែលនាងមានឥឡូវនេះ មិនមែនជាប្ដីរបស់នាងទេ។ រឿងនេះនាងនិយាយពិតហើយ”។
19ស្ត្រីនោះទូលព្រះអង្គថា៖ “លោកម្ចាស់ ខ្ញុំយល់ឃើញថា លោកជាព្យាការី! 20ដូនតារបស់យើងខ្ញុំបានថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្តែពួកលោកនិយាយថា កន្លែងដែលត្រូវថ្វាយបង្គំ គឺនៅយេរូសាឡិមវិញ”។
21ព្រះយេស៊ូវមានបន្ទូលថា៖“ស្ត្រីអើយ ចូរជឿខ្ញុំថា មានពេលវេលានឹងមក ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតាមិនមែននៅលើភ្នំនេះ ហើយក៏មិនមែននៅយេរូសាឡិមដែរ។ 22អ្នករាល់គ្នាថ្វាយបង្គំអ្វីដែលអ្នករាល់គ្នាមិនស្គាល់ រីឯយើងវិញ យើងថ្វាយបង្គំអ្វីដែលយើងស្គាល់ ដ្បិតសេចក្ដីសង្គ្រោះមកពីជនជាតិយូដា។ 23ប៉ុន្តែពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលពួកអ្នកថ្វាយបង្គំដ៏ពិតនឹងថ្វាយបង្គំព្រះបិតាក្នុងវិញ្ញាណ និងសេចក្ដីពិត ពីព្រោះព្រះបិតាត្រូវការអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ។ 24ព្រះជាវិញ្ញាណ ហើយអ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំក្នុងវិញ្ញាណ និងសេចក្ដីពិត”។
25ស្ត្រីនោះទូលព្រះអង្គថា៖ “ខ្ញុំដឹងហើយថា ព្រះមែស៊ីដែលហៅថាព្រះគ្រីស្ទនឹងយាងមក។ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងថ្លែងការទាំងអស់ដល់យើងខ្ញុំ”។
26ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំហ្នឹងហើយ ដែលកំពុងនិយាយនឹងនាង”។
ស្រូវទុំល្មមហើយ
27នៅពេលនោះ ពួកសិស្សរបស់ព្រះអង្គមកដល់ ហើយពួកគេក៏ភ្ញាក់ផ្អើលដែលព្រះអង្គកំពុងមានបន្ទូលជាមួយស្ត្រីម្នាក់ ប៉ុន្តែគ្មានអ្នកណាទូលសួរថា: “លោកគ្រូត្រូវការអ្វី?” ឬ “ហេតុអ្វីបានជាលោកគ្រូនិយាយជាមួយនាង?” ឡើយ។
28ស្ត្រីនោះក៏ទុកក្អមរបស់នាងចោល ហើយចូលទៅក្នុងទីក្រុង ប្រាប់គេថា៖ 29“មក៍! មើលម្នាក់ដែលប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ។ អ្នកនេះជាព្រះគ្រីស្ទទេដឹង?”។ 30ពួកគេក៏ចេញពីទីក្រុង ហើយមករកព្រះអង្គ។
31ខណៈពេលនោះ ពួកសិស្សទូលព្រះអង្គថា៖ “រ៉ាប៊ី សូមអញ្ជើញពិសា”។
32ប៉ុន្តែព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ខ្ញុំមានអាហារហូបហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់”។
33ពួកសិស្សក៏និយាយគ្នាថា៖ “គ្មានអ្នកណាយកអ្វីមកឲ្យលោកពិសាទេ មែនទេ?”។
34ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អាហាររបស់ខ្ញុំ គឺការដែលខ្ញុំប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក និងបង្ហើយការងាររបស់ព្រះអង្គ។ 35តើអ្នករាល់គ្នាមិននិយាយថា: ‘នៅបួនខែទៀត បានដល់រដូវច្រូតកាត់’ ទេឬ? មើល៍! ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបភ្នែកឡើងមើលទៅវាលស្រែ ដែលក្រហមល្មម#4:35 ក្រហមល្មម―ន័យត្រង់គឺ “ស”។សម្រាប់ការច្រូតកាត់ហើយ។ 36អ្នកដែលច្រូតទទួលឈ្នួល ហើយកំពុងប្រមូលផលសម្រាប់ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលសាបព្រោះ និងអ្នកដែលច្រូតអរសប្បាយជាមួយគ្នា។ 37ដូច្នេះ ពាក្យទំនៀមនេះពិតណាស់ គឺ: ‘ម្នាក់សាបព្រោះ ម្នាក់ទៀតច្រូត’។ 38ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតអ្វីដែលអ្នករាល់គ្នាមិនបានធ្វើការនឿយហត់; អ្នកផ្សេងបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាបានចូលក្នុងការនឿយហត់របស់ពួកគេ”។
ព្រះសង្គ្រោះរបស់ពិភពលោក
39ជនជាតិសាម៉ារីជាច្រើននៅទីក្រុងនោះបានជឿលើព្រះអង្គ ដោយសារតែពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា: “លោកប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ”។ 40ដូច្នេះ នៅពេលពួកជនជាតិសាម៉ារីមករកព្រះអង្គ ពួកគេក៏សុំព្រះអង្គឲ្យស្នាក់នៅជាមួយពួកគេ នោះព្រះអង្គក៏ស្នាក់នៅទីនោះពីរថ្ងៃ។ 41ក្រោយមក មានមនុស្សច្រើនទៀតបានជឿ ដោយសារតែព្រះបន្ទូលរបស់ព្រះអង្គ។ 42ពួកគេក៏និយាយនឹងស្ត្រីនោះថា៖ “ឥឡូវនេះយើងជឿ មិនមែនដោយសារតែសម្ដីរបស់នាងទៀតទេ គឺដោយសារយើងផ្ទាល់បានឮ ហើយដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះនៃពិភពលោក#4:42 ឯកសារបុរាណខ្លះបន្ថែម “គឺព្រះគ្រីស្ទ”។”។
អ្នកកាលីឡេទទួលព្រះយេស៊ូវ
43ក្រោយពីពីរថ្ងៃនោះ ព្រះយេស៊ូវយាងចេញពីទីនោះទៅកាលីឡេ។ 44តាមពិត ព្រះអង្គផ្ទាល់ធ្លាប់ធ្វើបន្ទាល់ថា ព្យាការីគ្មានកិត្តិយសនៅក្នុងស្រុកកំណើតរបស់ខ្លួនទេ។ 45នៅពេលព្រះយេស៊ូវយាងមកដល់កាលីឡេ អ្នកកាលីឡេក៏ទទួលព្រះអង្គ ដោយសារឃើញការទាំងអស់ដែលព្រះអង្គបានធ្វើនៅយេរូសាឡិមក្នុងអំឡុងពេលពិធីបុណ្យ ពីព្រោះពួកគេបានទៅពិធីបុណ្យនោះដែរ។
ប្រោសកូនមន្ត្រីម្នាក់ឲ្យជា
46ព្រះយេស៊ូវយាងមកដល់កាណាក្នុងកាលីឡេម្ដងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ។ មានមន្ត្រីរាជការម្នាក់ ដែលកូនប្រុសរបស់គាត់មានជំងឺនៅកាពើណិម។ 47នៅពេលគាត់ឮថា ព្រះយេស៊ូវកំពុងយាងមកពីយូឌាទៅកាលីឡេ គាត់ក៏ទៅរកព្រះអង្គ ហើយទូលអង្វរព្រះអង្គឲ្យយាងចុះទៅប្រោសកូនរបស់គាត់ឲ្យជា ពីព្រោះកូននោះជិតស្លាប់ហើយ។
48ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ប្រសិនបើអ្នករាល់គ្នាមិនឃើញទីសម្គាល់ និងការអស្ចារ្យទេ អ្នករាល់គ្នាមិនជឿសោះឡើយ”។
49មន្ត្រីរាជការនោះទូលព្រះអង្គថា៖ “លោកម្ចាស់អើយ សូមអញ្ជើញចុះទៅ មុននឹងកូនរបស់ខ្ញុំស្លាប់!”។
50ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អញ្ជើញទៅចុះ កូនរបស់លោកនៅរស់ទេ#4:50 នៅរស់ទេ―ឬ “ជាហើយ”។”។ អ្នកនោះបានជឿព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលនឹងគាត់ ហើយចេញទៅ។
51ខណៈដែលគាត់កំពុងចុះទៅ ពួកបាវបម្រើរបស់គាត់មកជួបគាត់ ហើយប្រាប់#4:51 ប្រាប់―ឯកសារបុរាណខ្លះថា “រាយការណ៍”។ថាកូនប្រុសរបស់គាត់នៅរស់ទេ។ 52គាត់ក៏សួរពួកគេអំពីម៉ោងដែលកូនគាត់បានធូរស្បើយ នោះពួកគេប្រាប់គាត់ថា៖ “ម៉ោងមួយរសៀល#4:52 ម៉ោងមួយរសៀល―ន័យត្រង់គឺ “ម៉ោងទីប្រាំពីរ”។ម្សិលមិញ គ្រុនបានចាកចេញពីកូនរបស់លោកហើយ”។ 53ឪពុកបានដឹងថា គឺនៅម៉ោងនោះឯង ដែលព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា:“កូនរបស់លោកនៅរស់ទេ” ដូច្នេះ គាត់ក៏ជឿ ព្រមទាំងគ្រួសារទាំងមូលរបស់គាត់ផង។
54ព្រះយេស៊ូវបានធ្វើទីសម្គាល់ទីពីរនេះ នៅពេលព្រះអង្គយាងមកពីយូឌាទៅកាលីឡេ៕
اکنون انتخاب شده:
យ៉ូហាន 4: GKHB
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative