យ៉ូហាន 5
5
ប្រោសអ្នកជំងឺនៅក្បែរស្រះឲ្យជា
1បន្ទាប់ពីការទាំងនេះ មានពិធីបុណ្យមួយរបស់ជនជាតិយូដា ហើយព្រះយេស៊ូវយាងឡើងទៅយេរូសាឡិម។ 2នៅយេរូសាឡិមត្រង់ទ្វារចៀម មានស្រះមួយ គេហៅជាភាសាហេព្រើរ#5:2 ភាសាហេព្រើរ―ឬ “ភាសាអើរ៉ាម”។ថា “បេថែសដា#5:2 បេថែសដា―ឯកសារបុរាណខ្លះថា “បេថសាថា” ឬ “បេថសៃដា”។” ដែលមានរបៀងប្រាំ។ 3មានហ្វូងមនុស្សមួយក្រុមដែលមានជំងឺ គឺខ្វាក់ភ្នែក ខ្វិន និងក្រញង់ កំពុងដេកតាមរបៀងទាំងនោះ។ ពួកគេរង់ចាំទឹកស្រះកម្រើក 4ដ្បិតមានទូតសួគ៌ចុះមកក្នុងស្រះម្ដងម្កាល ហើយកូរទឹក។ បន្ទាប់ពីការកូរទឹកនោះ អ្នកដែលចុះមុនគេនឹងត្រូវបានប្រោសឲ្យជា ទោះបីជាមានជំងឺអ្វីក៏ដោយ។#5:3-4 ឯកសារបុរាណខ្លះគ្មាន “ពួកគេរង់ចាំទឹកស្រះកម្រើក...ជំងឺអ្វីក៏ដោយ”។
5នៅទីនោះ មានបុរសម្នាក់ដែលមានជំងឺសាមសិបប្រាំបីឆ្នាំមកហើយ។ 6ព្រះយេស៊ូវទតឃើញបុរសនោះកំពុងដេក ហើយជ្រាបថា គាត់នៅយ៉ាងនោះយូរយារមកហើយ ព្រះអង្គក៏មានបន្ទូលនឹងគាត់ថា៖“តើអ្នកចង់ជាឬទេ?”។
7អ្នកជំងឺនោះទូលតបថា៖ “លោកម្ចាស់ នៅពេលដែលទឹកកម្រើក ខ្ញុំគ្មានអ្នកណាជួយដាក់ខ្ញុំទៅក្នុងស្រះទេ ហើយនៅពេលខ្ញុំកំពុងទៅ ក៏មានអ្នកផ្សេងចុះទៅមុនខ្ញុំ”។
8ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយដើរទៅចុះ!”។ 9បុរសនោះក៏ជាភ្លាម ហើយយកកន្ទេលរបស់គាត់ដើរទៅ។
ថ្ងៃនោះ ជាថ្ងៃសប្ប័ទ#5:9 ថ្ងៃសប្ប័ទ―សូមមើល 《និក្ខមនំ》 20:8-11។។ 10ដូច្នេះ ពួកយូដាក៏និយាយនឹងបុរសដែលត្រូវបានប្រោសឲ្យជានោះថា៖ “ថ្ងៃនេះជាថ្ងៃសប្ប័ទ ដូច្នេះអ្នកយកកន្ទេលរបស់អ្នក ខុសច្បាប់ហើយ”។
11បុរសនោះក៏តបនឹងពួកគេថា៖ “អ្នកដែលធ្វើឲ្យខ្ញុំជា ប្រាប់ខ្ញុំថា: ‘ចូរយកកន្ទេលរបស់អ្នក ហើយដើរទៅចុះ’”។
12ពួកគេសួរគាត់ថា៖ “តើម្នាក់ដែលប្រាប់អ្នកថា: ‘យកកន្ទេល#5:12 ឯកសារបុរាណខ្លះបន្ថែម “របស់អ្នក”។ ហើយដើរទៅ’ ជានរណា?”។ 13ប៉ុន្តែបុរសដែលត្រូវបានប្រោសឲ្យជានោះ មិនបានដឹងថាជានរណាទេ ពីព្រោះមានហ្វូងមនុស្សនៅកន្លែងនោះ ហើយព្រះយេស៊ូវបានយាងចេញទៅស្ងាត់ៗ។
14បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវទ្រង់រកគាត់នៅក្នុងព្រះវិហារ ហើយមានបន្ទូលនឹងគាត់ថា៖“មើល៍! អ្នកជាហើយ កុំប្រព្រឹត្តបាបទៀតឡើយ ក្រែងលោមានការអាក្រក់ជាងនេះកើតឡើងដល់អ្នក”។ 15បុរសនោះក៏ចេញទៅ ហើយរាយការណ៍ប្រាប់ពួកយូដាថា អ្នកដែលធ្វើឲ្យគាត់ជាគឺព្រះយេស៊ូវ។
ព្រះបិតា និងព្រះបុត្រា
16នេះជាហេតុដែលពួកយូដាបៀតបៀនព្រះយេស៊ូវ#5:16 បៀតបៀនព្រះយេស៊ូវ―ឯកសារបុរាណខ្លះថា “ចង់ធ្វើគុតព្រះអង្គ”។ គឺពីព្រោះព្រះអង្គទ្រង់ធ្វើការទាំងនេះនៅថ្ងៃសប្ប័ទ។ 17ប៉ុន្តែព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“រហូតមកដល់ពេលនេះ ព្រះបិតារបស់ខ្ញុំធ្វើការ ហើយខ្ញុំក៏ធ្វើការដែរ”។ 18ហេតុនេះហើយបានជាពួកយូដាកាន់តែចង់ធ្វើគុតព្រះអង្គ ពីព្រោះព្រះអង្គមិនគ្រាន់តែល្មើសនឹងថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថាជាបិតារបស់ខ្លួនទៀតផង ដោយលើកអង្គទ្រង់ស្មើនឹងព្រះ។
19ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះបុត្រាមិនអាចធ្វើអ្វីដោយអង្គទ្រង់បានឡើយ លើកលែងតែព្រះបុត្រាឃើញព្រះបិតាធ្វើ ពីព្រោះអ្វីៗដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើការទាំងនោះដូចគ្នាដែរ។ 20ជាការពិត ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបង្ហាញព្រះបុត្រានូវការទាំងអស់ដែលព្រះអង្គទ្រង់ធ្វើ; ព្រះបិតានឹងបង្ហាញព្រះបុត្រានូវការដ៏ធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើល។ 21ព្រោះថាព្រះបិតាលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយផ្ដល់ជីវិតយ៉ាងណា ព្រះបុត្រាក៏ផ្ដល់ជីវិតដល់អ្នកដែលព្រះបុត្រាចង់ផ្ដល់ឲ្យយ៉ាងនោះដែរ។ 22ពោលគឺ ព្រះបិតាមិនជំនុំជម្រះអ្នកណាទេ ប៉ុន្តែព្រះបិតាបានប្រគល់ការជំនុំជម្រះទាំងស្រុងដល់ព្រះបុត្រារួចហើយ 23ដើម្បីឲ្យមនុស្សទាំងអស់គោរពកោតខ្លាចព្រះបុត្រា ដូចដែលគោរពកោតខ្លាចព្រះបិតាដែរ។ អ្នកដែលមិនគោរពកោតខ្លាចព្រះបុត្រា ក៏មិនគោរពកោតខ្លាចព្រះបិតាដែលចាត់ព្រះបុត្រាឲ្យមកដែរ។
ជីវិត និងការជំនុំជម្រះ
24 “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលស្ដាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះអង្គដែលចាត់ខ្ញុំឲ្យមក មានជីវិតអស់កល្បជានិច្ច ព្រមទាំងគ្មានការជំនុំជម្រះឡើយ ប៉ុន្តែឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ។
25 “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះបុត្រារបស់ព្រះ ហើយអ្នកដែលឮនឹងរស់។ 26ជាការពិត ព្រះបិតាមានជីវិតនៅក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏ផ្ដល់ឲ្យព្រះបុត្រាមានជីវិតនៅក្នុងអង្គទ្រង់យ៉ាងនោះដែរ; 27ហើយព្រះបិតាបានផ្ដល់សិទ្ធិអំណាចដល់ព្រះបុត្រាឲ្យជំនុំជម្រះ ពីព្រោះព្រះបុត្រាជាកូនមនុស្ស។ 28កុំភ្ញាក់ផ្អើលនឹងការនេះឡើយ គឺថាពេលវេលានឹងមក ដែលមនុស្សទាំងអស់នៅក្នុងផ្នូរនឹងឮសំឡេងរបស់ព្រះបុត្រា 29ហើយចេញមក; អ្នកដែលប្រព្រឹត្តការល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលប្រព្រឹត្តការអាក្រក់នឹងរស់ឡើងវិញ ដើម្បីត្រូវបានជំនុំជម្រះ។
30 “ខ្ញុំមិនអាចធ្វើអ្វីដោយខ្លួនខ្ញុំបានឡើយ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំគឺសុចរិតយុត្តិធម៌ ពីព្រោះខ្ញុំមិនស្វែងរកបំណងរបស់ខ្ញុំទេ ប៉ុន្តែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក # 5:30 ឯកសារបុរាណខ្លះបន្ថែម “គឺព្រះបិតា”។ ។
ពាក្យបន្ទាល់អំពីព្រះយេស៊ូវ
31 “ប្រសិនបើខ្ញុំធ្វើបន្ទាល់អំពីខ្លួនខ្ញុំ ពាក្យបន្ទាល់របស់ខ្ញុំគឺមិនពិតទេ។ 32មានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ខ្ញុំក៏ដឹងហើយថា ពាក្យបន្ទាល់ដែលអ្នកនោះធ្វើបន្ទាល់អំពីខ្ញុំគឺពិត។ 33អ្នករាល់គ្នាបានចាត់គេឲ្យទៅរកយ៉ូហាន គាត់ក៏ធ្វើបន្ទាល់អំពីសេចក្ដីពិត។ 34តាមពិត ខ្ញុំមិនទទួលយកពាក្យបន្ទាល់ពីមនុស្សទេ ប៉ុន្តែខ្ញុំនិយាយសេចក្ដីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសង្គ្រោះ។ 35យ៉ូហានជាចង្កៀងដែលឆេះបញ្ចេញពន្លឺ ហើយអ្នករាល់គ្នាក៏ចង់ត្រេកអរក្នុងពន្លឺរបស់គាត់មួយរយៈ។
36 “ប៉ុន្តែខ្ញុំមានពាក្យបន្ទាល់ប្រសើរជាងពាក្យបន្ទាល់របស់យ៉ូហាន។ ព្រោះថាការងារដែលព្រះបិតាបានប្រទានឲ្យខ្ញុំបង្ហើយ គឺការងារទាំងនោះដែលខ្ញុំកំពុងធ្វើហ្នឹងហើយ ធ្វើបន្ទាល់អំពីខ្ញុំថា ព្រះបិតាបានចាត់ខ្ញុំឲ្យមក។ 37ព្រះបិតាដែលចាត់ខ្ញុំឲ្យមក ព្រះអង្គផ្ទាល់ធ្វើបន្ទាល់អំពីខ្ញុំហើយ។ អ្នករាល់គ្នាមិនធ្លាប់ឮព្រះសូរសៀងរបស់ព្រះអង្គទេ ហើយក៏មិនធ្លាប់ឃើញរូបសណ្ឋានរបស់ព្រះអង្គដែរ 38ព្រមទាំងគ្មានព្រះបន្ទូលរបស់ព្រះអង្គស្ថិតនៅក្នុងខ្លួនផង ពីព្រោះអ្នករាល់គ្នាមិនជឿម្នាក់ដែលព្រះអង្គបានចាត់ឲ្យមកទេ។ 39អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។ 40ប៉ុន្តែអ្នករាល់គ្នាមិនចង់មករកខ្ញុំ ដើម្បីបានជីវិតទេ។
41 “ខ្ញុំមិនទទួលយកសិរីរុងរឿងពីមនុស្សទេ 42ប៉ុន្តែខ្ញុំស្គាល់អ្នករាល់គ្នាហើយថា អ្នករាល់គ្នាគ្មានសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងខ្លួនឡើយ។ 43ខ្ញុំបានមកក្នុងព្រះនាមរបស់ព្រះបិតាខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ; ប្រសិនបើមានអ្នកដទៃមកក្នុងនាមរបស់ខ្លួនគេ អ្នករាល់គ្នានឹងទទួលអ្នកនោះវិញ។ 44តើអ្នករាល់គ្នាអាចជឿយ៉ាងដូចម្ដេចបាន ខណៈដែលអ្នករាល់គ្នាទទួលយកសិរីរុងរឿងពីគ្នាទៅវិញទៅមក ប៉ុន្តែមិនស្វែងរកសិរីរុងរឿងពីព្រះតែមួយអង្គគត់? 45កុំគិតថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះបិតាឡើយ មានម្នាក់ដែលចោទប្រកាន់អ្នករាល់គ្នាហើយ គឺម៉ូសេដែលអ្នករាល់គ្នាយកជាទីសង្ឃឹម។ 46តាមពិត ប្រសិនបើអ្នករាល់គ្នាជឿម៉ូសេ ម្ល៉េះសមអ្នករាល់គ្នាបានជឿខ្ញុំ ពីព្រោះលោកបានសរសេរអំពីខ្ញុំ 47ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនជឿសំណេររបស់លោកទេ តើអ្នករាល់គ្នានឹងជឿពាក្យរបស់ខ្ញុំយ៉ាងដូចម្ដេច?”៕
اکنون انتخاب شده:
យ៉ូហាន 5: GKHB
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative