កិច្ចការ 24
24
1ក្រោយ៥ថ្ងៃមក អាន៉្នានាស ជាសំដេចសង្ឃក៏ចុះទៅ ជាមួយនឹងពួកចាស់ទុំ នាំទាំងមនុស្សម្នាក់មានវោហារ ឈ្មោះទើទូលុសទៅផង ដើម្បីឲ្យចូលទៅប្តឹងលោកចៅហ្វាយពីរឿងប៉ុល 2កាលលោកបានហៅប៉ុលមក នោះទើទូលុសចាប់ចោទប្រកាន់គាត់ថា 3ឱព្រះតេជព្រះគុណភេលីចអើយ សាសន៍យើងខ្ញុំបានសេចក្ដីសុខប្រពៃ ដោយសារលោកម្ចាស់ ក៏មានចំរើនការផ្លាស់ប្រែយ៉ាងប្រសើរ ដែលមានប្រយោជន៍ដល់សាសន៍យើងខ្ញុំនេះ ដោយសារគំនិតលោកម្ចាស់ ហើយទោះបើនៅវេលាណា ឬកន្លែងណាក៏ដោយ គង់តែយើងខ្ញុំទទួលការទាំងនោះដោយអំណរ ទាំងអរគុណដល់លោកម្ចាស់គ្រប់ជំពូកដែរ 4តែដើម្បីកុំឲ្យបង្ខាតពេលលោកម្ចាស់ទៀត នោះសូមមេត្តាស្តាប់យើងខ្ញុំបន្តិច 5ដ្បិតយើងខ្ញុំបានឃើញថា អ្នកនេះជាមនុស្សចង្រៃ ជាមេនៃពួកណាសារ៉ែត ដែលញុះញង់ឲ្យពួកសាសន៍យូដាទាំងអស់ នៅលោកីយនេះបះបោរឡើង 6ក៏ចង់ធ្វើបង្អាប់ដល់ព្រះវិហារផង នោះយើងខ្ញុំបានចាប់វាមក ប្រាថ្នាចង់ជំនុំជំរះតាមក្រិត្យវិន័យរបស់យើងខ្ញុំ 7ប៉ុន្តែ លោកលូស៊ា ជាមេទ័ពធំ បានមកកន្ត្រាក់យកវាពីដៃយើងខ្ញុំទៅ ដោយអំណាចយ៉ាងសំបើម 8ទាំងបង្គាប់ឲ្យពួកដើមចោទមកឯលោកម្ចាស់ បើកាលណាលោកម្ចាស់បានពិចារណាវា នោះនឹងបានជ្រាបពីគ្រប់ទាំងការ ដែលយើងខ្ញុំចោទប្រកាន់ដល់វាហើយ 9ឯពួកសាសន៍យូដា ក៏យល់ព្រមដែរ ដោយបញ្ជាក់ថា រឿងទាំងនោះប្រាកដមែន។
10កាលលោកចៅហ្វាយ បានធ្វើគ្រឿងសំគាល់ ឲ្យប៉ុលនិយាយ នោះគាត់ឆ្លើយឡើងថា ខ្ញុំប្របាទនឹងដោះសារឿងខ្លួនដោយអំណរ ដោយដឹងថា ព្រះតេជព្រះគុណបានធ្វើជាចៅក្រមលើសាសន៍នេះជាយូរឆ្នាំហើយ 11ក៏អាចនឹងជ្រាបថា តាំងពីខ្ញុំប្របាទឡើងទៅថ្វាយបង្គំឯក្រុងយេរូសាឡិម នោះមិនលើសពី១២ថ្ងៃទេ 12គេក៏មិនបានឃើញខ្ញុំប្របាទ កំពុងដែលជជែកនឹងអ្នកណា នៅក្នុងព្រះវិហារ ឬប្រមូលញុះញង់បណ្តាមនុស្សដែរ ទោះបើក្នុងសាលាប្រជុំគេ ឬកន្លែងណានៅក្នុងទីក្រុងក្តី 13គេពុំអាចនឹងរកភស្តុតាង ពីការដែលគេចោទខ្ញុំប្របាទឥឡូវនេះបានទេ 14ប៉ុន្តែ សូមជំរាបលោកម្ចាស់តាមត្រង់ថា ខ្ញុំប្របាទគោរពប្រតិបត្តិដល់ព្រះនៃពួកឰយុកោយើងខ្ញុំ តាមរបៀបដែលគេហៅថា ក្បត់សាសនា ដោយមានសេចក្ដីជំនឿជឿដល់អស់ទាំងសេចក្ដី ដែលចែងទុកមកក្នុងក្រិត្យវិន័យ នឹងក្នុងគម្ពីរពួកហោរា 15ហើយខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរ គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា 16ហេតុនោះបានជាខ្ញុំប្របាទខំប្រឹងឲ្យមានបញ្ញាចិត្តឥតសៅហ្មងនៅចំពោះព្រះ នឹងនៅចំពោះមនុស្សលោកជានិច្ចដែរ 17លុះក្រោយដែលខ្ញុំប្របាទបានចោលស្រុកទៅជាយូរឆ្នាំ នោះក៏ត្រឡប់មកធ្វើទានវិញ ព្រមទាំងយកជំនូនមក ជូនដល់សាសន៍របស់ខ្ញុំប្របាទ 18ហើយកំពុងដែលខ្ញុំប្របាទរវល់នឹងការនោះ គេក៏ឃើញខ្ញុំប្របាទបានញែកជាបរិសុទ្ធនៅក្នុងព្រះវិហារ មិនមែនមានមនុស្សទាំងហ្វូង ឬដោយវឹកវរទេ ប៉ុន្តែ មានពួកសាសន៍យូដាខ្លះពីស្រុកអាស៊ីបានឃើញខ្ញុំប្របាទ 19ដែលគួរឲ្យគេមកចោទប្រកាន់ខ្ញុំប្របាទនៅមុខលោកម្ចាស់វិញ បើសិនជាគេមានរឿងអ្វីទាស់នឹងខ្ញុំប្របាទ 20ឬឲ្យអ្នកទាំងនេះធ្វើបន្ទាល់ចុះ បើគេឃើញខ្ញុំប្របាទមានសេចក្ដីទុច្ចរិតណា ក្នុងកាលដែលឈរនៅមុខក្រុមជំនុំនោះ 21លើកតែពាក្យ១ម៉ាត់នេះចេញ ដែលខ្ញុំប្របាទស្រែកឡើង នៅពេលកំពុងឈរជាកណ្តាលពួកគេថា ថ្ងៃនេះ ខ្ញុំត្រូវអ្នករាល់គ្នាជំនុំជំរះ ពីដំណើររស់ពីស្លាប់ឡើងវិញ ប៉ុណ្ណោះ។
22ឯលោកភេលីច ដែលដឹងជ្រៅជ្រះខាងសាសនាគេដែរ កាលបានស្តាប់សេចក្ដីចោទឆ្លើយរួចហើយ នោះលោកក៏ផ្អាករឿងនោះសិន ដោយថា កាលណាលោកលូស៊ា ជាមេទ័ពធំបានចុះមក នោះចាំខ្ញុំពិចារណារឿងអ្នករាល់គ្នាទៀត 23រួចលោកបង្គាប់មេទ័ពរងឲ្យរក្សាប៉ុលដោយស្រួលបួល ឥតឃាត់ហាមពួកគាត់ណាមួយ មិនឲ្យមកបំរើគាត់នោះឡើយ 24លុះបួនដប់ថ្ងៃក្រោយមក លោកភេលីចមកដល់ ជាមួយនឹងទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា រួចលោកចាត់គេទៅនាំប៉ុលមក ក៏ស្តាប់គាត់អធិប្បាយពីសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ 25កំពុងដែលគាត់សំដែងពន្យល់ពីសេចក្ដីសុចរិត សេចក្ដីដឹងខ្នាត នឹងសេចក្ដីជំនុំជំរះដែលត្រូវមក នោះលោកភេលីចកើតមានចិត្តភិតភ័យ ក៏ឆ្លើយថា ឥឡូវនេះ ឲ្យទៅសិនចុះ កាលណាមានឱកាសស្រួល នោះអញនឹងហៅឯងមកទៀត 26លោកក៏សង្ឃឹមថា ប៉ុលនឹងយកប្រាក់មកសូកលោក ឲ្យលែងចេញដែរ ហេតុនោះបានជាលោកឲ្យគេនាំគាត់មកពិគ្រោះកាន់តែញឹកញយឡើង 27ប៉ុន្តែ លុះបានកន្លងមកបាន២ឆ្នាំហើយ នោះមានលោកព័រគាស-ភេស្ទុស មកឈរជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីច ចង់បានបំណាច់ ចំពោះសាសន៍យូដាផង បានជាលោកទុកឲ្យប៉ុលជាប់គុកនៅ។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 24: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.